កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ជា​ក្លិប​ឈ្នះ UCL ច្រើន​បំផុត ឯ Juventus រង​ជើងឯក​លើសគេ​ដល់​ទៅ ៧​ដង​
25, Aug 2020 , 7:29 pm        
រូបភាព
Real Madrid ជា​ម្ចាស់​ពាន UEFA Champions League ច្រើនជាងគេ​រហូតដល់​១៣​លើក ខណៈ Bayern Munich បាន​ឡើងទៅ​លេខ​រៀង​ទី​៣ តាមរយៈ​ការលើក​ពាន​ទី​៦​របស់ខ្លួន​នៅ​រដូវ​កាល​កាល​នេះ​។ Juventus ឈ្នះ​ពាន​អឺរ៉ុប​នេះ​តែ​២​លើក​គត់ ប៉ុន្តែ​ពួកគេ​ក្លាយជា​ក្រុម​រងជើង​ឯក​ច្រើនជាងគេ​ដល់​ទៅ​ចំនួន​៧​លើក​។​


​ក្រោយ​ឆ្លងកាត់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល ២០១៩-២០ ដែលជា​ពាន​ទី​៦៤ Bayern Munich បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រោយពី​បាន​យកឈ្នះ Paris Saint-Germain ក្នុង​លទ្ធផល ១-០​។ ជ័យជម្នះ​នេះ​បាន​នាំ​ក្រុម​យក្ស​អាល្លឺម៉ង់​ឡើងទៅ​ឈរ​លេខ​៣​ក្នុង​តារាង Champions League ដោយ​ឈ្នះ​ជើងឯក​សរុប​៦​ដង​។ ក្រៅពី​ទទួលបាន​ជោគជ័យ​៦​លើក Bayern Munich ស្គាល់​ការខកចិត្ត​គួរសម​ដែរ​ដោយបាន​ត្រឹម​ជើងឯក​រង​ដល់​ទៅ​៥​លើក​។​
 
European Cup ដែល​បាន​ប្តូរ​ទៅ UEFA Champions League នៅ​ឆ្នាំ​១៩៩២ បាន​កកើត​ចាប់តាំងពី​រដូវ​កាល ១៩៥៥-៥៦ ម្លេះ​។ រយៈពេល ៦៤​ឆ្នាំ​មកនេះ Real Madrid ជា​ក្លិប​កីឡាបាល់ទាត់​ដែល​ជោគជ័យ​បំផុត​សម្រាប់​ពាន​កំពូល​អឺរ៉ុប​នេះ​ដោយ​ក្រសោប​បាន​ជើងឯក​ដល់​ទៅ​១៣​សម័យកាល (១៩៥៦,១៩៥៧, ១៩៥៨, ១៩៥៩, ១៩៦០, ១៩៦៦, ១៩៩៨, ២០០០, ២០០២, ២០១៤, ២០១៦, ២០១៧ និង ២០១៨)​។ ក្នុងចំណោម​ការប្រកួត​ផ្តាច់ព្រ័ត្រ ១៦​លើក ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បរាជ័យ​តែ​៣​លើក​ប៉ុណ្ណោះ​។​
 
AC Milan ជា​ក្រុម​ជោគជ័យ​លំដាប់​ទី​ពីរ​បន្ទាប់ពី Real Madrid ដោយ​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​អ៊ីតាលី​មួយ​នេះ​ឈ្នះ​ជើងឯក​អឺរ៉ុប​៧​ដង (១៩៦៣, ១៩៦៩, ១៩៨៩, ១៩៩០, ១៩៩៤, ២០០៣ និង ២០០៧)​។ AC Milan ក៏​រង​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មិនតិច​ដែរ ដោយ​រង​ជើងឯក​ចំនួន​៤​លើក​។​
 
Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​គ្រង​ជើងឯក​៦​ដង​ស្មើ​ជាមួយ Bayern Munich ដែរ ដែល​តាម​ពីក្រោយ​ដោយ Barcelona (៥​លើក​), Ajax (៤​លើក​), Inter Milan និង Manchester United (៣​លើក​ដូចគ្នា​)​។ ក្រុម​រហស្សនាម​ហង្ស​ក្រហម​នៃ​ក្របខណ្ឌ​អង់គ្លេស​ឈ្នះ​ពាន​អឺរ៉ុប​លើកចុងក្រោយ​នៅ​ឆ្នាំ ២០១៩ មុន​ឈ្នះ​៥​លើក​រួចមក​នៅ​ឆ្នាំ ១៩៧៧, ១៩៧៨, ១៩៨១, ១៩៨៤ និង ២០០៥​។ Liverpool រងជើង​ឯក​៣​លើក​ផង​ដរ​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍ ក្នុងចំណោម​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប Juventus ជាង​ក្រុម​រង​បរាជ័យ​ច្រើនជាងគេ​សម្រាប់​ពាន Champions League​។ ចំណោម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​៩​លើក ក្រុម​រហ្សនាម​សេះបង្កង់​នៃ​លី​គ​កំពូល​អ៊ីតាលី Serie A នេះ​បរាជ័យ​ដល់​ទៅ​៧​លើក​ឯណោះ​។ Juventus លើក​ពាន​អឺរ៉ុប​តែ​ពីរលើក​គត់​ក្នុង​ឆ្នាំ ១៩៨៥ និង ១៩៩៦​។​
​យ៉ាងណាក៏ដោយ Juventus ជា​ក្រុម​ជោគជ័យ​បំផុត​សម្រាប់​ពាន​លី​គ​កំពូល​ក្នុងស្រុក ដោយ​គ្រង​ជើងឯក Serie A ដល់​ទៅ​៣៦​លើក ដោយ​លើស​ក្រុម​គូប្រជែង Inter Milan និង AC Milan ដល់​ទៅ​ពាក់កណ្តាល​។​
 
​ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ តែ​មិនដែល​ស្គាល់​ជាតិ​ពាន​មាន Atlético Madrid (​អេ​ស្ប៉ា​ញ ៣​លើក​), Reims (​បារាំង​២​លើក​), Valencia (​អ​ស្ប៉ា​ញ​២​លើក​)​។ ដោយឡែក Fiorentina (​អ៊ីតាលី​), Eintracht Frankfurt (​អាល្លឺម៉ង់​), Partizan (​ស៊ែ​ប៊ី​), Panathinaikos (​ក្រិ​ក​), Leeds United (​អង់គ្លេស​), Saint-Étienne (​បារាំង​), Borussia Mönchengladbach (​អាល្លឺម៉ង់​), Club Brugge (​បែលហ្ស៊ិក​), Malmö FF (​ស៊ុយអែត​), Roma (​អ៊ីតាលី​), Sampdoria (​អ៊ីតាលី​), Bayer Leverkusen (​អាល្លឺម៉ង់​), Monaco (​បារាំង​), Arsenal (​អង់គ្លេស​), Tottenham Hotspur (​អង់គ្លេស​) និង Paris Saint-Germain (​បារាំង​) ធ្លាប់​បង្ហាញខ្លួន​មួយ​លើក​រៀងៗ​ខ្លួន​៕
 
 

Tag:
 UEFA Champions League
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com