COVID-19
អន្តរជាតិ
សិង្ហ​បុរី មាន​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​ថ្មី​៣១​នាក់ ដែលជា​តួលេខ​ទាប​បំផុត​គិត​តាំងពី​ខែមីនា​
25, Aug 2020 , 3:42 pm        
រូបភាព
​សិង្ហ​បុរី នៅ​ថ្ងៃទី​២៥ ខែសីហា បាន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​ចំនួន​៣១​ករណី ដែលជា​តួលេខ​ទាប​ជាងគេ​បំផុត​ក្នុង​រយៈពេល​៥​ខែ​ចុងក្រោយ​។ ស្ថានភាព​នៅ​សិង្ហ​បុរី​ជារួម ត្រូវបាន​មើលឃើញថា ស្ថិតក្រោម​ការគ្រប់គ្រង ប៉ុន្តែ​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ ខណៈ​ការបើក​នីតិកាល​សភា​ថ្មី ត្រូវធ្វើឡើង​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា​ជា​លើកដំបូង​បំផុត​។​

 
​ការរាយការណ៍​ករណី​ឆ្លង COVID-19 ប្រចាំ​ថ្ងៃទី​២៥ ខែសីហា ចំនួន​៣១​ករណី នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​សិង្ហ​បុរី​កើន​ដល់​៥៦៤៣៥​នាក់​។ ចំនួន​អ្នក​ស្លាប់មាន​២៧​នាក់​ប៉ុណ្ណោះ​។ ៣១​ករណីនេះ ជា​ចំនួន​ទាប​បំផុត​ដែល​សិង្ហ​បុរី​រាយការណ៍​រៀងរាល់ថ្ងៃ​តាំងពី​ថ្ងៃទី​២២ ខែមីនា​មក​។​
 
​ខណៈ​ស្ថានការណ៍​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​នោះ សិង្ហ​បុរី នៅតែ​ប្រយ័ត្នប្រយែង​ខ្ពស់​ដដែល​។ នៅតាម​ទីសាធារណៈ ប្រជាជន​នាំគ្នា​បន្ត​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​។ ជា​លើកដំបូង​នៅ​សិង្ហ​បុរី ការបើក​នីតិកាល​សភា​ថ្មី ដែល​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ត្រូវបានធ្វើ​នៅ​រដ្ឋសភា​ផង និង​នៅ​អគារ​សិល្បៈ​ផង​។ 
 
​ថ្លែង​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំសភា ប្រធានាធិបតី​សិង្ហ​បុរី អ្នកស្រី ហា​លី​ម៉ា យ៉ា​កុប និយាយថា សិង្ហ​បុរី ត្រូវតែ​សម្រប​ខ្លួន​តាម​យុទ្ធសាស្ត្រ​ទប់ទល់ COVID-19 ខណៈ​ស្ថានការណ៍​នៅតែ​វិ​វត្ត​ដដែល ហើយ​សិង្ហ​បុរី​ត្រូវតែ​ស្វិតស្វាញ​ក្នុងការ​ឆ្លើយតប​នឹង​ការផ្លាស់ប្ដូរ​របៀបនេះ​។ 
 
​សម្រាប់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​ឈរលើ​កំពូល​តារាង​ដោយមាន​អ្នក​ឆ្លង​សរុប​១៩៧១៦៤​នាក់ និង​ស្លាប់​៣០៣៨​នាក់​។ ឥណ្ឌូណេស៊ី ឈរ​លេខ​រៀង​បន្ទាប់​ជាមួយ​អ្នក​ឆ្លង​សរុប​១៥៥៤១២​នាក់ និង​ស្លាប់​៦៧៥៩​នាក់​។ ថៃ​នៅ​លេខ​បី​មាន​អ្នក​ឆ្លង​ចំនួន​៣៤០២​នាក់ ស្លាប់​៥៨​នាក់​, វៀតណាម​មាន​អ្នក​ឆ្លង​១០២២​នាក់ ស្លាប់​២៧​នាក់​, មី​យ៉ាន់​ម៉ា​មាន​អ្នក​ឆ្លង​៤៧៤​នាក់ ស្លាប់​៦​នាក់​, កម្ពុ​ជាមាន​២៧៣​នាក់​, ព្រុយ​ណេ​មាន​អ្នក​ឆ្លង​១៤៣​នាក់ ស្លាប់​៣​នាក់ និង​ឡាវ​មាន​អ្នក​ឆ្លង​២២​នាក់​៕ 
 
 
 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com