អន្តរជាតិ
ផ្ទុះ​បាតុកម្ម​នៅ​រដ្ឋ Wisconsin ក្រោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​ប៉ូលិស​អាមេរិក​បាញ់​ជាច្រើន​គ្រាប់​
25, Aug 2020 , 5:06 pm        
រូបភាព
ឈ្មោះជនជាតិអាមេរិកស្បែកខ្មៅ​Jacob Blake ត្រូវបានបាតុករបាញ់លើផ្លូវ អំឡុងពេលតវ៉ា។ រូបភាព AFP
ឈ្មោះជនជាតិអាមេរិកស្បែកខ្មៅ​Jacob Blake ត្រូវបានបាតុករបាញ់លើផ្លូវ អំឡុងពេលតវ៉ា។ រូបភាព AFP
ដោយ:
​បាតុករ​អាមេរិក​រាប់​រយ​នាក់ បាននាំគ្នា​ដើរ​តវ៉ា​ទាមទារ​យុត្តិធម៌​នៅក្នុង​ទីក្រុង Kenosha នៃ​រដ្ឋ Wisconsin នៅ​ថ្ងៃទី ២៤ ខែសីហា ក្រោយពី​មាន​ករណី​បុរស​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​បាញ់​ចំ​ខ្នង​ជាច្រើន​គ្រាប់​ដោយ​ប៉ូលិស​ស្បែ​កស​។ លោក ចូ បៃ​ឌិន បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ក្នុងករណី​បាញ់​បុរស​ស្បែក​ខ្មៅ​នេះ​។​

 
​ប៉ូលិស​ទីក្រុង Kenosha បាន​ឈរ​ត្រៀបត្រា​នៅមុខ​អគារ​តុលាការ ខណៈ​ក្រុមបាតុករ​ដើរ​កាន់​បដា និង​ស្រែក​តវ៉ា​តាម​ដងផ្លូវ​ទាមទារ​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​។ នេះ​ជា​ថ្ងៃទី​២​ហើយ​នៃ​ការធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​នេះ​។ 
 
​បាតុកម្ម​នៅ​យប់​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​អាមេរិក​) មាន​ភាព​ហិង្សា​ខ្លាំង ក្រោយ​បាតុករ​បាន​ដុតបំផ្លាញ​រថយន្ត និង​យក​ដុំថ្ម​គប់​លើ​អគារ​តុលាការ ។ ព្រឹត្តិការណ៍​បានធ្វើ​ឲ្យ​អាជ្ញាធរ​ទីក្រុង Kenosha បានប្រកាស​បម្រាម​គោចរ​ពី​ម៉ោង​៨ យប់​ថ្ងៃ​ចន្ទ រហូតដល់ ម៉ោង ៧ ព្រឹក​ថ្ងៃ​អង្គារ ។ 
 
​ការចេញ​តវ៉ា​របស់​ប្រជាជន​ទីក្រុង​នេះ កើតឡើង​បន្ទាប់ពី​វីដេអូ​មួយ ត្រូវបាន​ចែករំលែក​យ៉ាង​សុសសាយ​លើ​អ៊ីនធឺណិត កាលពី​ថ្ងៃទី​២៣ ខែសីហា ដែល​បង្ហាញ​ពី​ការបាញ់​កាំភ្លើង​ជាច្រើន​គ្រាប់​លើ​ខ្នង បុរស​ស្បែក​ខ្មៅ ឈ្មោះថា Jacob Blake ខណៈ​លោក​បាន​ព្យាយាម​ចូលទៅក្នុង​រថយន្ត​លោក ។  
 
​លោក Blake អាយុ ២៩​ឆ្នាំ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Milwaukee ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ក៏ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​គ្រួសារ​របស់លោក ថា លោក​បាន​ឆ្លង​ផុត​ការវះកាត់ ហើយ​សុខភាព​លោក​បាន​ធូរស្បើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ក្នុងករណី​បាញ់​បុរស​ស្បែក​ខ្មៅ​នេះ​។ 
 
«​កាលពី​ថ្ងៃ​ម្សិលមិញ លោក Jacob Blake ត្រូវបាន​បាញ់​៧​គ្រាប់​ចំ​ខ្នង​ដោយ​កម្លាំង​ប៉ូលិស​។ កូនៗ​របស់លោក​បាន​មើល​ពី​ក្នុង​រថយន្ត​។ [..] យើង ត្រូវការ​ការស៊ើបអង្កេត​ដោយ​ពេញលេញ​និង​តម្លាភាព​»​។ លោក បៃ​ឌិន និយាយ​ដូច្នេះ​។ 
 
​ចំណែក អភិបាលរដ្ឋ  Wiscosin លោក Mandela Barnes បាន​និយាយថា ការបាញ់​លើ​បុរស​ស្បែក​ខ្មៅ Blake បាន​ឆ្លុះបញ្ចាំង​ពី​លំនាំ​ហិង្សា​របស់​ប៉ូលិស​នៅ​ទូទាំងប្រទេស​ប្រឆាំង​ជន​ស្បែក​ខ្មៅ​។  យ៉ាងណាមិញ ខាង​ប៉ូលិស​ក្រុង Kenosha បាន​ច្រានចោល​ការរិះគន់​ទាំងនេះ ហើយ​ទទូច​ឲ្យ​សាធារណជន​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​យុត្តិធម៌​របស់​រដ្ឋ Wisconsin ។ មន្ត្រីប៉ូលិស​ដែល​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​បាញ់​បុរស​ស្បែក​ខ្មៅ​នេះ ត្រូវបាន​ដាក់​ឲ្យ​ឈប់សម្រាក​។ 
 
​មូលហេតុ​នៃ​ការបាញ់​លើ​បុរស​ស្បែក​ខ្មៅ​នេះ នៅ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។  យ៉ាងណា លោក Ben Crump មេធាវី​តំណាង​ឲ្យ​គ្រួសារ​លោក Blake បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Jacob Blake បាន​ព្យាយាម​បំបែក​ការឈ្លោះប្រកែក​គ្នា​រវាង​ស្ត្រី​២​នាក់​។ លោក​បន្តថា​៖«​យើង​នឹង​ស្វែងរក​យុត្តិធម៌​ឲ្យ Jacob Blake និង​ក្រុមគ្រួសារ​លោក ហើយ​យើង​ក៏​ទាមទារ​ចម្លើយ​ពី​ប៉ូលិស Kenosha ផងដែរ​»៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  Jacob Blake
© រក្សាសិទ្ធិដោយ thmeythmey.com