ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើឱ្យកូរ៉េជួយបង្កើតទីផ្សារបោះដុំកសិផល និងបង្កើនផលិតភាពកសិកម្មកម្ពុជា។ លោក វេង សាខុន លើកឡើងបែបនេះ នៅក្នុងជំនួបលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៦ សីហានេះ។
រដ្ឋមន្ត្រីកសិកម្ម បានលើកយកបញ្ហាកសិកម្មជាច្រើនចំណុច ដែលត្រូវការឱ្យកូរ៉េជួយដោះស្រាយ ដើម្បីជួយឱ្យវិស័យនេះ មានការរីកចម្រើនទៅមុខថែមទៀត។ ចំណុចដែលលោក វេង សាខុន ស្នើឱ្យកូរ៉េជួយគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ការស្រាវជ្រាវ និងផលិតពូជពោត ក្នុងគោលបំណងបង្កើនផលិតភាពផលិតកម្មពោតកម្ពុជា ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការសម្រាប់វិស័យផលិតកម្មចំណីសត្វ , ការជំរុញផលិតកម្មដំឡូងបារាំង និងការផលិតពូជ ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងកាត់បន្ថយការនាំចូល ។ ជាពិសេសជួយអភិវឌ្ឍវារីវប្បកម្មទឹកសាប-ហេដ្ឋា រចនាសម្ព័ន្ធគាំទ្រលើផលិតកម្មបន្លែ (ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព) ដែលបច្ចុប្បន្នវិស័យនេះ កំពុងមាននិន្នាការខ្លាំង ដែលស្របតាមភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
មិនតែប៉ុណ្ណោះលោក វេង សាខុន ក៏ស្នើឱ្យកូរ៉េជួយរៀបចំបង្កើតទីផ្សារបោះដុំកសិផលកម្ពុជា ជាពិសេសបន្លែនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល។ល។
«សង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលកូរ៉េ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែមានការរីកចម្រើនថែមទៀតនាពេលអនាគត»។ នេះជាការលើកឡើងរបស់លោក វេង សាខុន។
លោក Park Heung-kyeong សន្យាជួយគាំទ្រនូវរាល់សកម្មភាពគម្រោងនានា ដែលកំពុងអនុវត្តឱ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ នៅក្នុងអាណត្តិលោក ជាអគ្គរដ្ឋទូតប្រចាំកម្ពុជានេះ។ លោក Park Heung-kyeong ក៏នឹងយកសំណើរបស់លោក វេង សាខុន ដែលស្នើសុំជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ទៅពិនិត្យពិចារណាឲ្យបានស៊ីជម្រៅសិន ដើម្បីឈានដល់គាំទ្រជាជំហានៗតាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន សមស្របតាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។
«វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច»។ នេះជាការលើកឡើងរបស់អគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ដែលត្រូវបានលោក វេង សាខុន ស្រង់មកសរសេរលើហ្វេសប៊ុកខ្លួន។
កន្លងមករដ្ឋាភិបាលកូរ៉េ បានជួយដល់កម្ពុជា លើគម្រោងចំនួន ៣៦ ដែលកំពុងអនុវត្ត និងគម្រោងខ្លះទៀត ត្រូវបានបញ្ចប់នោះរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ,គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរី ដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម, គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែក, គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី, អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀងជាដើម។
សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ ក៏បានអនុញ្ញាតឱ្យកម្ពុជានាំផលិតផលកសិកម្ម១៨ប្រភេទចូលទីផ្សារខ្លួនផងដែរ។ កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។ បច្ចុប្បន្នអគ្គនាយកដ្ឋានកសិកម្មកម្ពុជា ក៏កំពុងដាក់ពាក្យស្នើសុំនាំចូលកសិផល២ប្រភេទទៀត ចូលទីផ្សារកូរ៉េផងដែរ៕