អន្តរជាតិ
រដ្ឋមន្ត្រី​ថៃ មិន​ជឿថា Facebook នឹង​ប្តឹង​រដ្ឋាភិបាល​រឿង​បង្ខំ​ឲ្យ​បិទ​គ្រុប​បង្ហោះ​សារ​ប្រឆាំង​រាជានិយម​ឡើយ​
27, Aug 2020 , 8:29 pm        
រូបភាព
លោកBuddhipongse Punnakanta រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ។ រូបភាព៖ AP
លោកBuddhipongse Punnakanta រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ។ រូបភាព៖ AP
ដោយ:
រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ថៃ លោក Buddhipongse Punnakanta បាន​អះអាង​នៅ​ថ្ងៃទី​២៦ សីហា ថា លោក​មិន​ជឿ​ក្រុមហ៊ុន​Facebook នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្តឹង​ក្រសួង​របស់លោក និង​រដ្ឋាភិបាល​ថៃ ចំពោះ​សំណើរ​ទាមទារ​ឲ្យ​ដកចេញ​មាតិកា​ដែល​រដ្ឋាភិបាល​ថៃ​ចាត់ទុក​ល្មើសច្បាប់​ឡើយ​។ លោក​ថ្លែងថា Facebook សហការ​បានល្អ​ប្រសើរ​ចំពោះ​សំណើ​ស្រដៀង​គ្នា​នេះ​នៅ​លើក​មុនៗ​។​

 
​ការឆ្លើយ​ឆ្លង​រវាងរ​ដ្ឋា​ភិ​បាល​ថៃ និង​ក្រុមហ៊ុន Facebook មិនទាន់​ចប់​ឡើយ​ពាក់ព័ន្ធ​ការស្នើ​ឲ្យ​រាំងខ្ទប់​ការចូល​ក្នុង​គ្រុប (Group) មួយ​ឈ្មោះ Royalist Marketplace  ដែល​បង្ហោះ​មាតិកា​ប្រឆាំង​របបរាជានិយម​ថៃ​។ Facebook អះអាងថា ខ្លួន​ត្រូវបាន​បង្ខំ​ដោយ​រដ្ឋាភិបាល​ថៃ​ក្នុងការ​ចាត់វិធានការ​ដែល​ខ្លួន​ចាត់ទុកជា​ការបំពាន​សិទ្ធិ​អ្នកប្រើប្រាស់ និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ហើយក៏​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ការបង្ខំ​បែបនេះ​។ 
 
​លោក Buddhipongse Punnakanta រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​របស់​ថៃ​ដែលជា​អ្នក​លើកសំណើ​ទៅ Facebook  ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​គំរាម​ប្តឹង​របស់​Facebook ។ លោក Buddhipongse អះអាងថា ការណ៍​ដែល Facebook បានធ្វើ​តាម​សំណើ​រដ្ឋាភិបាល​ថៃ​បង្ហាញថា ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ថៃ​ទៅហើយ​។ លោក សង្កត់ធ្ងន់ថា សំណើ​ទាំងនេះ​ស្របតាម​ច្បាប់ និង​អធិបតេយ្យ​របស់​ថៃ ហើយ​រដ្ឋាភិបាល​ក៏​មិនបាន​បំពាន​អំណាច​ឡើយ​។ 
 
​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Buddhipongse និង​ក្រុមការងារ បាន​ទាក់ទង​ក្រុមហ៊ុន​Facebook នៅ​សិង្ហ​បុរី​ដើម្បី​ជួប​ជជែក ក្រោយ Facebook បាន​ដក​មាតិកា​ចំនួន ១,១២៩ តាម​សំណើ​របស់​ក្រសួង​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​ក៏​ឆ្លៀត​ស​សើរ​ដល់ Facebook នេះ​ដោយ​និយាយថា បានផ្តល់​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ដោយ​ត្រឹមត្រូវ ដូចជា​ពាណិជ្ជកម្ម​អន​ឡាញ​ជាដើម​។​
 
​ក្រោយ​ការហាមឃាត់​គ្រុប Royalist Marketplace  ដែលមាន​សមាជិក​១​លាន​នាក់ រដ្ឋមន្ត្រី​ដដែល​បញ្ជាក់ថា ម្ចាស់​គ្រុប​នេះ អាចបង្កើត​គ្រុប​ថ្មី​បាន ប៉ុន្តែ​បើសិន​ជាមាន​មាតិកា​ដែល​ខុសច្បាប់ ក្រសួង​នឹង​ចេញ​សកម្មភាព​ផ្លូវច្បាប់​ស្របតាម​ច្បាប់​បទល្មើស​កុំព្យូទ័រ​ដដែល​។ លោក Buddhipongse បញ្ជាក់ថា រដ្ឋាភិបាល​មិន​ចង់ឃើញ​មានការ​ធ្វើបាប ឬ​ការ​តាម​ចាប់​តាមរយៈ​បណ្តាញ​សង្គម​ឡើយ ដោយ​គិតថា​វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ 
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​ធានាថា បុគ្គល​គ្រប់រូប ទោះបី​ជាមាន​និន្នាការ​នយោបាយ​អ្វី​ក៏ដោយ អាចដាក់​ពាក្យបណ្តឹង​មក​អង្គភាព​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា បើសិនជា​មានការ​ធ្វើបាប ឬ​ប៉ះពាល់​ដោយសារ​បណ្តាញ​សង្គម​។ មកទល់ពេលនេះ ក្រសួង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម បាន​រកឃើញ​មាតិកា​ក្នុង​ទំព័រ​បណ្តាញ​សង្គម ១,០២៤ ដែល​មិន​ស្របច្បាប់ ដោយ​ក្នុងនោះ​៦៦១​មកពី​Facebook, ២៨៩​មកពី​YouTube និង​៦៩​មកពី​Twitter៕
 

Tag:
 ថៃ​
  Facebook
© រក្សាសិទ្ធិដោយ thmeythmey.com