ជាតិ
លោក ហង់ ពៅ៖ «អង្គរ និងលើសពីនេះ គឺជាការបង្កើតឯកសារជាភាសាខ្មែរសម្រាប់មនុស្សជំនាន់ក្រោយ»
28, Aug 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
លើសពីការបង្ហាញអំពីចំណុចពិសេសរបស់ប្រាសាទធំៗ គឺតួនាទីនៃប្រាសាទតូចៗ។ លើសពីរឿងរ៉ាវរបស់ប្រាសាទ គឺបេតិកភណ្ឌអរូបីដែលជាទំនៀមទម្លាប់ក្នុងជីវភាពរបស់មនុស្សដែលរស់នៅជុំវិញប្រាសាទ។ ទាំងអស់នេះនឹងក្លាយជារូបភាពឯកសារដ៏រស់រវើកនៅក្នុងកម្មវិធី «អង្គរ និងលើសពីនេះ»។ នេះជាការពន្យល់របស់លោក ហង់ ពៅ ដែលជាអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា នៅក្នុងបទសម្ភាសមួយជាមួយលោក គី សុខលីម សហស្ថាបនិកនៃសារព័ត៌មានថ្មីៗ។

 
 
នៅក្នុងបទសម្ភាសដំបូង សម្រាប់ការចាប់ផ្តើមកម្មវិធី «អង្គរ និងលើសពីនេះ» លោកអគ្គនាយកបាន ពន្យល់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ផលប៉ះពាល់នៃថ្មប្រសាទពីធម្មជាតិ ការជួសជុលថ្ម ការពង្រីកវិសាលភាពនៃការដាំដើមឈើដើម្បីជួយកាត់បន្ថយកម្តៅមកលើថ្មប្រសាទ និងរហូតដល់តួនាទីទឹកក្នុងការទប់លំនឹងប្រាសាទទៀតផង។ «អង្គរ និងលើសពីនេះ» គឺជាកម្មវិធីផលិតឯកសាររួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ។
 
លោកអគ្គនាយកអាជ្ញាធរអប្សរាបានបង្ហាញការគាំទ្រកម្មវិធីថ្មីមួយនេះ ដែលលោកសង្ឃឹមថា វានឹងផ្តល់ប្រយោជន៍ដល់សាធារណជនខ្មែរ។ លោក ហង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះ៖«សំខាន់ជាងគេ គឺការបង្កើតឯកសារសម្រាប់មនុស្សជំនាន់ក្រោយ ពីព្រោះជាកម្មវិធីនេះ នឹងមានដំណើរការយូរ។ ជាវីដេអូបង្ហាញសកម្មភាព រស់រវើកជាភាសាខ្មែរ។»។
 
ឧទ្យានជាតិអង្គរមានទំហំ៤០១គីឡូម៉ែត្រការ៉េ ដោយមានប្រាសាទចំនួន៩១ដែលត្រូវបានចុះបញ្ជីនៃសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។ ប៉ុន្តែសម្រាប់ លោកអគ្គនាយកនៃអាជ្ញាធរអប្សរា ប្រាសាទបុរាណដែលបុព្វបុរសខ្មែរបន្សល់ទុកឱ្យមានច្រើនរាប់រយប្រាសាទ។ លោកបន្តថា គ្រាន់តែនៅក្នុងខេត្តសៀមរាប មានប្រាសាទយ៉ាងហោចណាស់ជាង៧០០ប្រាសាទ។
 
សារសំខាន់នៃការចងក្រងឯកសារវីដេអូនេះ បើតាមលោក ហង់ ពៅ ដដែល គឺការថតទុករូបភាព និងសកម្មភាពនៃការប្រារព្ធពិធីទំនៀមទម្លាប់របស់អ្នកស្រុក ដែលលោកគ្រោងនឹងរៀបចំឱ្យក្លាយទៅជាគោលដៅទេសចរណ៍ទៀតផង។
 
សារព័ត៌មានថ្មីៗសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និងសណ្ឋាគារ Vitroth’s ដែលជួយឧបត្ថម្ភកម្មវិធី «អង្គរ និងលើសពីនេះ…!»។
 














© រក្សាសិទ្ធិដោយ thmeythmey.com