ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ហេតុអ្វី​ចាំបាច់​គួរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​?
28, Aug 2020 , 6:59 pm        
រូបភាព
​លុះត្រាតែ​អ្នក​ទទួលទាន​បន្លែ ផ្លែឈើ គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ជាប្រចាំ​ទើប​អ្នក​អាច​រក្សាបាន​នូវ​ជាតិ​ស​សៃ​គ្រប់គ្រាន់​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​សម្រាប់​សុខភាព​ល្អប្រសើរ​។ ថា​តើ​ជាតិ​ស​សៃ​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះទៅ​? អ្នក​គួរ​ដឹង​ជាមុនសិន​ថា ជាធម្មតា​ជាតិ​ស​សៃ​មាន​ពីរ​ប្រភេទ គឺ​ជាតិ​ស​សៃ​រលាយ​និង​ជាតិ​ស​សៃ​មិន​រលាយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ ៖

 
១. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ជាតិ​ស​សៃ​មាន​លក្ខណៈសម្បត្តិ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ នេះហើយ​ជា​មូលហេតុ​ដែល​កង្វះ​ជាតិ​ស​សៃ​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​។ ប្រសិនបើ​របប​អាហារ​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​គ្រប់គ្រាន់​ទេនោះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ប្រាកដជា​អាច​នឹង​ឡើង​ខ្ពស់ ហើយ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​។ អ្វីដែល​កាន់តែ​គួរឱ្យ​បារម្ភ​ទៀត​នោះ គឺ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​សម្ពាធ​ឈាម​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
២. គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ជាតិ​ស​សៃ​រលាយ​អាចជួយ​ពន្យឺតការ​ស្រូប​យកជាតិ​ស្ករ​របស់​រាងកាយ ហើយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះហើយ​ទើប​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​ឡើង​ខ្ពស់ ប្រសិនបើ​របប​អាហារ​របស់​អ្នកមាន​ផ្ទុក​ជាតិ​ស​សៃ​ទាប​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ចាប់ផ្ដើម​បង្កើន​ការទទួល​ទាន​ជាតិ​ស​សៃ​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​
 
​ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​ពិតជា​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​ជាតិ​ស​សៃ​ជួយ​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី និង​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​សុទ្ធតែជា​មូលហេតុ​ចម្បង​បង្ក​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​។​
 
៤. ព្យាបាល​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​
 
​ធ្លាប់​ដឹង​ទេ​ថា​អ្នក​កំពុង​ទល់លាមក​ហើយ​ប្រសិនបើ​ឈឺ​បត់ជើងធំ​បាន​តិចជាង ៣ ដង​ក្នុង​មួយ​សប្តាហ៍​? ជាធម្មតា​បញ្ហា​ទល់លាមក​ច្រើនតែ​កើតឡើង​ដោយសារ​កង្វះ​ជាតិ​ស​សៃ​ដើម្បី​សម្រួល​ដល់​ចលនា​ពោះវៀន​និង​ការរំលាយ​អាហារ​។ ដូច្នេះ​វា​ដល់​ពេលដែល​អ្នក​គួរ​ចាប់ផ្ដើម​បង្កើន​ការ​ញ៊ាំ​អាហារ​សម្បូរ​ជាតិ​ស​សៃ​និង​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ព្យាបាល ក៏ដូចជា​ទប់ស្កាត់​បញ្ហា​ទល់លាមក​។​
 
៥. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
 បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​អាហារ​អាចជួយ​សម្អាត​រា​ល់​ជាតិពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដូច្នេះ​វា​នឹង​អាច​ដំណើរការ​មុខងារ​បាន​កាន់តែ​ប្រសើរ​។ ការទទួល​ទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​ក៏​ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​សុខភាព​ល្អ ហើយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com