អន្តរជាតិ
កូរ៉េខាងត្បូង តែងតាំង​លោក Suh Wook មេទ័ព​ជើងគោក​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​
28, Aug 2020 , 3:48 pm        
រូបភាព
លោក Suh Wook ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងនាជំនួបស្វាគមន៍​លោក ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទកម្ពុជា នៅទីក្រុងសេអ៊ូល កាលពី​ខែតុលា ឆ្នាំ​២០១៩។ រូបថត Hun Manet
លោក Suh Wook ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងនាជំនួបស្វាគមន៍​លោក ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទកម្ពុជា នៅទីក្រុងសេអ៊ូល កាលពី​ខែតុលា ឆ្នាំ​២០១៩។ រូបថត Hun Manet
ដោយ:
​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បានតែងតាំង​មេបញ្ជាការ​នៃ​កងទ័ពជើងគោក ឧ​ត្ត​ម​សេនីយ៍ Suh Wook ទៅជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​។ វិមាន​ប្រធានាធិបតី​កូរ៉េ បានប្រកាស​បែបនេះ នៅ​ថ្ងៃទី ២៨ ខែសីហា ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។

 
​បើ​គ្មានអ្វី​ប្រែប្រួល ក្រោយ​ទទួលបាន​យល់ព្រម​ពីស​ភា លោក Suh នឹង​ទៅ​ជំនួស​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​បច្ចុប្បន្ន ឧ​ត្ត​ម​សេនីយ៍ Jeong Kyeong-doo ដែល​កាន់តំណែង​នេះ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៩​មក​។ ហើយ​លោក​ក៏​នឹង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ទី​១​ផងដែរ​ក្នុង​រដ្ឋបាល​លោក មូ​ន ដែលមាន​បទពិសោធន៍​យោធា​ខាង​ជើងគោក​។ 
 
​អនាគត​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​រូបនេះ បាន​កាន់​តួនាទី​ជា​មេទ័ព​ជើងគោក ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៩​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង អះអាងថា ជាមួយ​បទពិសោធន៍​ក្នុង​យោធា​ជាង​៣០​ឆ្នាំ លោក Suh នឹងចូលរួម​ចំណែក​ក្នុងការ​រក្សា​ជំហរ​ការពារជាតិ​យ៉ាង​រឹង​ម៉ឹង​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង​។ 
 
​លោក Suh នឹង​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​ទី​៣​ហើយ ក្នុង​រដ្ឋបាល​លោក មូ​ន ចេ​អ៊ី​ន បន្ទាប់ពី​លោក Jeong ដែលជា​អតីត​មេទ័ព​ជើង​អាកាស ខណៈ​រដ្ឋមន្ត្រី​ការពារ​ទី​១ លោក Song Young-moo ធ្លាប់មាន​បទពិសោធន៍​យោធា​ផ្នែក​ជើង​ទឹក ៕

Tag:
 កូរ៉េខាងត្បូង​
  រដ្ឋមន្ត្រី​ការពារជាតិ​ឦ​
  Suh Wook
© រក្សាសិទ្ធិដោយ thmeythmey.com