សង្គមអន្តរជាតិ
អន្តរជាតិ
ក្រសួងការបរទេសចិនថា ប្រជាជនចិនអាចឈប់ប្រើផលិតផល Apple បើអាមេរិកបិទ WeChat រូបភាព៖ AFP
× ក្រសួងការបរទេសចិន នៅថ្ងៃទី២៨ ខែសីហា បានអះអាងថា ប្រជាជនចិន អាចនឹងធ្វើពហិកាប្រើប្រាស់ផលិតផល Apple ប្រសិនបើអាមេរិក ហ៊ានហាមឃាត់បណ្តាញសង្គម WeChat មិនឲ្យប្រើប្រាស់នៅក្នុងទឹកដីអាមេរិក។ ការព្រមានពីការសងសឹកដាក់គ្នាទៅវិញទៅមកបែបនេះ ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះមួយកម្រិតទៀត។
នៅដើមខែសីហាកន្លងទៅ លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិមួយ ដែលហាមឃាត់បណ្តាញសង្គមរបស់ចិន WeChat ចាប់ពីពាក់កណ្តាលខែកញ្ញាតទៅ ដោយសំអាងលើហេតុផលសន្តិសុខជាតិ។ ជាឆ្លើយតប ទីក្រុងប៉េកាំង បានអះអាងថា អ្នកប្រើប្រាស់ចិន អាចនឹងឈប់ប្រើផលិតផលApple ដូចគ្នា ប្រសិនបើអាមេរិកហ៊ានបិទWeChat។
សរសេរលើបណ្តាញសង្គម Twitter លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានយ៉ាងដូច្នេះថា៖ « ប្រសិនបើកម្មវិធី WeChat ត្រូវហាមឃាត់ នៅពេលបន្ទាប់វាគ្មានហេតុផលអ្វីដែលជនជាតិចិនគួរបន្តប្រើប្រាស់ផលិតផល Iphone និង Apple នោះទេ»។ កន្លងមកអ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីបញ្ហានេះដែរ ប្រសិនបើអាមេរិកបិទ WeChat។
ដោយឡែកប្រជាជនចិនមួយចំនួនវិញ ក៏យល់ឃើញដូចលោក Zhao ដែរ។ សរសេរលើបណ្តាញសង្គម Weibo ជនជាតិចិនម្នាក់ បានលើកឡើងថា មិនថាផលិតផលApple ល្អយ៉ាងណាទេ Apple នៅតែអាចជំនួសបាន ប៉ុន្តែ WeChat គឺខុសគ្នា។
នៅចិនគោក កម្មវិធី WeChat ត្រូវបានគេស្គាល់ថាWeixin ដែលមានអ្នកប្រើប្រាស់ចំនួន ១,២ពាន់លាននាក់។ ចំណែកផលិតផល Apple ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន មានចំនួន ៨ភាគរយនៃទូរសព្ទវៃឆ្លាតសរុបរបស់ក្រុមហ៊ុនអាមេរិកមួយនេះ។
សូមបញ្ជាក់ថា ក្រៅពីកម្មវិធីWeChat លោកត្រាំក៏បានចេញបញ្ជាប្រតិបត្តិហាម TikTok បន្តប្រតិបត្តិការនៅរយៈពេល៤៥ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី១៥ កញ្ញាតទៅ បើក្រុមហ៊ុនមិនផ្លាស់ប្ដូរម្ចាស់ទេនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com