ជាតិ
តើ​ព្រៃឈើ​មាន​សារៈប្រយោជន៍​អ្វី​សម្រាប់​ប្រាសាទ​?
29, Aug 2020 , 12:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើមឈើ​មាន​តួនាទី​សំខាន់​៣​យ៉ាង​ក្នុង​ការការពារ​ប្រាសាទ​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា «​នៅក្នុង​កម្មវិធី អង្គរ និង​លើសពីនេះ​»​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​លោក គី សុខ​លីម ដែលជា​អ្នកសារព័ត៌មាន​ជាន់ខ្ពស់​នៃ​អង្គភាព​សារព័ត៌មាន​ថ្មីៗ នៅក្នុង​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត លោក​អគ្គនាយក​ក៏បាន​អះអាង​ឱ្យដឹងថា កម្មវិធី​ដាំ​ដើមឈើ​បន្ថែម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​ត្រូវបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៤​មក​។​



 
​តួនាទី​ដើមឈើ​ទីមួយ គឺ​បង្កើត​សំណើម កាត់បន្ថយ​កម្តៅ​លើ​ប្រាសាទ​។ លោក ហង់ ពៅ ពន្យល់​យ៉ាងនេះ ដោយ​បន្ថែ​ថា នៅពេល​មាន​សំណើម សំណើម​នឹងធ្វើ​ឱ្យ​ថ្ម​មាន​ស្លែ ដែលជា​ស្រទាប់​មួយទៀត ការពារ​ថ្ម​ពី​កម្តៅ​។ 
 
«​ទី​ពីរ តំបន់​អង្គរ​ស្ថិតនៅ​ចន្លោះ​រវាង​បឹង​ទន្លេសាប និង​ភ្នំ​គូលែន​។ បើ​មាន​ខ្យល់​ខ្លាំង ក៏​មិនមែនជា​រឿង​ល្អ​សម្រាប់​ប្រាសាទ ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​ការ​តម្រៀប​ថ្ម​លើ​គ្នា​។ ដូច្នេះ បើ​មាន​ដើមឈើ​ច្រើន ដើមឈើ​នឹង​ជួយ​ទប់​កម្លាំង​ខ្យល់​។​»​។ នេះ​ជាការ​អះអាង​របស់លោក​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មុននឹង​លោក​បង្ហាញ​ចំណុច​សំខាន់​ទី​បី​របស់​ដើមឈើ​ជុំ​ប្រាសាទ ដែល​ផ្តល់​ជា​ម្លប់​គ្រប់​ដណ្តប់​លើដី ដែល​ធ្វើឱ្យ​ដី​មាន​សំណើម មិន​ហួតហែង ហើយ​ថា​ដី​ដែលមាន​សំណើម​នេះហើយ ដែល​បន្ត​ជួយ​ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ដែលជា​ដីខ្សាច់​នៅ​បន្ត​រឹងមាំ​ទ្រទ្រង់​ប្រសាទ​។​
 
​សូម​រម្លឹកថា សារព័ត៌មាន​ថ្មីៗ និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​បង្កើត​ក​ម្ម​វិធី «​អង្គរ និង​លើសពីនេះ​» រួមគ្នា​ក្នុង​គោលដៅ ចងក្រង អភិរក្ស និង​ផ្សព្វផ្សាយ រឿងរ៉ាវ​នៃ​សំណង់​ប្រសាទ ជីវិត​សហគមន៍ រុក្ខជាតិ សត្វ វប្បធម៌​អរូបី ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​។​
 
​សារព័ត៌មាន​ថ្មីៗ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន COCA-COLA Cambodia, ក្រុមហ៊ុន Mercedes-Benz Cambodia និង​សណ្ឋាគារ Vitroth’s ដែល​ជួយឧបត្ថម្ភ​កម្មវិធី អង្គរ និង​លើសពីនេះ​…!
 

© រក្សាសិទ្ធិដោយ thmeythmey.com