អន្តរជាតិ
បក្ស LDP ជប៉ុន នឹង​ជ្រើសតាំង​អ្នក​ស្នង​តំណែង​លោក អា​បេ នៅ​ពាក់កណ្តាល​ខែកញ្ញា​
29, Aug 2020 , 7:59 pm        
រូបភាព
លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
​បក្ស​ប្រជាធិបតេយ្យ​សេរី​(LDP) ជប៉ុន នឹង​បោះឆ្នោត​ជ្រើសរើស​អ្នក​ស្នង​តំណែង​របស់​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo នៅ​ថ្ងៃទី​២៨ ខែសីហា​។


 
​បន្ទាប់ពី​ដឹកនាំ​ជប៉ុន​បាន ៨​ឆ្នាំ​ជាប់​គ្នា លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានប្រកាស​លាលែង​ពី​តំណែង ដោយសារតែ​បញ្ហា​ក្រពះ​។ ដំណឹង​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បើទោះបី​ជាមាន​ព័ត៌មាន​ក្នុងស្រុក​ជប៉ុន​បាន​ចុះផ្សាយ​ពី​បញ្ហា​នេះ​មុខ​ក៏ដោយ​។ នីតិវិធី​បន្ទាប់ គឺ​ការជ្រើសរើស​អ្នក​ស្នង​តំណែង​របស់​លោកនាយក​រដ្ឋមន្ត្រី​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ជប៉ុន Kyodo កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខនេះ​។ ថ្ងៃទី​១៥ ខែកញ្ញា អាចជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ប​ក្ស​ប្រជាធិបតេយ្យ​សេរី ដែលជា​បក្ស​កាន់អំណាច​របស់​ជប៉ុន​។ ប្រធាន​បក្ស​ថ្មី​នេះ នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​សភា ហើយ​គេ​រំពឹងថា នឹង​ជាប់ឆ្នោត​ដោយ​ស្រួល ព្រោះ​បក្ស LDP មាន​សំឡេង​គ្រប់គ្រាន់​នៅ​សភា​។ ប្រធាន​បក្ស​ថ្មី នឹង​កាន់តំណែង​ដល់​ខែកញ្ញា ឆ្នាំ​២០២១ ដែលជា​ពេល​ចប់​អាណត្តិ​ប្រធាន​បក្ស​របស់លោក អា​បេ​។ 
 
​បុគ្គល ដែល​អាច​ស្នង​តំណែង​របស់​លោកនាយក​រដ្ឋមន្ត្រី​មិនទាន់​ដឹង​ច្បាស់ ខណៈ​បេក្ខជន​មាន​ច្រើន​។ អគ្គលេខាធិការ​បក្ស LDP លោក Shigeru Ishiba, អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Fumio Kishida បានបង្ហាញ​ពី​ចេតនា​ចង់​ឈរឈ្មោះ ក្នុងការ​បោះឆ្នោត​របស់​បក្ស​។ ជាមួយគ្នានេះ លោក Yoshihide Suga​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី  និង​រដ្ឋមន្ត្រី​ការពារជាតិ តា​រ៉ូ កូ​ណូ ក៏​ជា​បេក្ខជន​ដ៏​សំខាន់​មួយ​ដែរ ក្នុងការ​បោះឆ្នោត​នេះ​។ 
 
​ចំណែក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ តា​រ៉ូ អាសូ បាន​អះអាងថា លោក​មិនមាន​គម្រោង​ឈរឈ្មោះ ដើម្បី​ប្រកួតប្រជែង​យក​តំណែង​ប្រធាន​បក្ស និង​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ទេ​។​
 
​នៅក្នុង​ថ្ងៃ​ប្រកាស​លាលែង​ពី​តំណែង លោក​អា​បេ បានប្រកាសថា លោក​នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​សិន រហូតដល់​ថ្ងៃ​បក្ស​អាច​ជ្រើសរើស​អ្នក​ស្នង​តំណែង​ជំនួស​។ បន្ថែម​ពីលើ​នេះ​លោក អា​បេ ក៏​មិនបាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ជុំវិញ​ថា​តើន​រណា អាច​កាន់តំណែង​ជំនួស​លោក​បានដែរ​។  
 
​សូមបញ្ជាក់ថា  លោក​អា​បេ នៅក្នុង​ឆ្នាំ​២០០៧ ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​ពី​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែរ ដោយសារតែ​ជំងឺ​ក្រពះ​នេះ​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១២ លោក​អា​បេ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ម្តងទៀត​។ លោក អា​បេ ក៏​បំបែក​កំណត់ត្រា​មួយ គឺជា​នាយករដ្ឋមន្ត្រី ដែល​កាន់តំណែង​បាន​ជាប់ៗ​គ្នា​យូរ​ជាងគេ​បង្អស់ ដោយ​លោក​កាន់តំណែង​បាន​រហូតដល់​ទៅ ២៧៩៩​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១២ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ​។ កន្លងមក លោក Eisaku Sato ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧២ និង​ត្រូវជា​ជីតា​របស់លោក អា​បេ ផង​នោះ កាន់តំណែង​បាន​២៧៩៨​ថ្ងៃ​ជាប់​គ្នា​៕ 

Tag:
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com