ជាតិ
ភ្នំឱវ៉ាល់កម្ពស់១៨១៣ម៉ែត្រ យុវជនមួយក្រុមប្រើពេលឡើងចុះពី៨ទៅ៩ម៉ោងក្នុងថ្ងៃតែមួយ
29, Aug 2020 , 11:29 pm        
រូបភាព
ដោយ: &
កំពង់ស្ពឺ៖ ដំណើរផ្សងព្រេងកាត់ព្រៃភ្នំ ដើម្បីឡើងដល់កំពូលភ្នំដែលខ្ពស់បំផុតនៅកម្ពុជា ដោយចំណាយរយៈពេលត្រឹមតែមួយថ្ងៃ ជាបទពិសោធន៍ថ្មីរបស់ក្រុមអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។  ហេតុផលដែលយុវជនមួយក្រុម សម្រេចចិត្តឡើងចុះភ្នំឱរ៉ាល់ត្រឹមរយៈពេលពី៨ទៅ៩ម៉ោងក្នុងថ្ងៃតែមួយ ព្រោះចង់ជម្នះនឹងខ្លួនឯង និងដឹងពីសមត្ថភាពរបស់ខ្លួន។

 
កញ្ញា គី ចិត្រមិនា ភ្ញៀវទេសចរដែលបានធ្វើដំណើរឡើងភ្នំឱរ៉ាល់កាលពីដើមខែសីហា បានបង្ហាញបទពិសោធន៍នៃដំណើរផ្សងព្រេងមួយនេះថា៖ «ដំបូងពេលដល់ជើងភ្នំរៀងហត់បន្តិច ប៉ុន្តែពេលឡើងមកដល់លើកំពូល គឺសប្បាយព្រោះអត់ដែលគិតថាខ្លួនឯងឡើងដល់។ នៅពេលដល់កំពូលគឺមានមោទកភាពចំពោះខ្លួនឯងដែលអាចធ្វើបាន»។
 
ទោះបីការឡើងភ្នំឱរ៉ាល់ ជាលើកទី១ របស់កញ្ញា មិនាក៏ដោយ តែយុវតីរូបនេះ ប្រើពេលជាង ៤ម៉ោងប៉ុណ្ណោះ ដើម្បីឡើងដល់កំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១៨១៣ម៉ែត្រ។ បើតាមកញ្ញា មិនា មូលហេតុដែលជ្រើសរើសឡើងភ្នំឱរ៉ាល់ ព្រោះជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា ហើយជាកន្លែងដែលនាងមានបំណងចង់មកយូរហើយ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 
 
ចំណែកមិត្តភក្តិមួយក្រុម ដែលជាបុរសមានគ្នាបីនាក់ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងដំណើរផ្សងព្រេងឡើងភ្នំជាលើកទីមួយនេះថា៖ «មូលហេតុដែលសម្រេចចិត្តឡើងភ្នំឱរ៉ាល់ ព្រោះជាភ្នំដែលខ្ពស់ជាងគេ។ ថែមទាំងចង់ជម្នះខ្លួនឯង ព្រោះនេះជាកម្មវិធីផ្សងព្រេងមួយ ដែលត្រូវឡើងចុះភ្នំមួយក្នុងរយៈពេលត្រឹមមួយថ្ងៃ»។ 


 
ក្នុងចំណោមមិត្តភក្តិបុរសទាំងបីនាក់ លោក ជា ឌី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ពេលឡើងដល់គឺមានអារម្មណ៍ថាស្រស់ស្រាយ ហើយមានអារម្មណ៍ថាបានមកដល់ចំណុចកំពូលក្នុងប្រទេសកម្ពុជា។ សម្រាប់អាកាសធាតុ បើប្រៀបជាមួយប្រទេសដទៃមិនចាញ់គ្នាទេ សីតុណ្ហភាពត្រឹមប្រហែល១០អង្សា ហើយមានភ្លៀងតិចៗទៀតវាត្រជាក់ស្រួល ជាពិសេសធម្មជាតិខៀវស្រងាត់»។


 
ទេសចរដែលបានផ្សងព្រេងឡើងភ្នំឱរ៉ាល់វិលល្ងាច សំណូមពរឲ្យភ្ញៀវទេសចរទាំងអស់ទាំងបុរសនិងស្ត្រី គួរឡើងភ្នំឱរ៉ាល់ ព្រោះជាភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ពិសេសការឡើងភ្នំ ជាការជម្នះខ្លួនឯង ដើម្បីទទួលបានបទពិសោធន៍ថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតទៀតផល៕
 

Tag:
 ភ្នំឱរ៉ាល់
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com