កម្ពុជា គ្រោងយកផែនទីថ្មីខ្នាត ១/២៥ ០០០ ទៅតម្កល់នៅអង្គការសហប្រជាជាតិ
ជាតិ
ព្រំដែន
កម្ពុជា គ្រោងយកផែនទីថ្មីខ្នាត ១/២៥ ០០០ ទៅតម្កល់នៅអង្គការសហប្រជាជាតិ
29, Aug 2020 , 5:19 pm        
រូបភាព
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន (ពាក់ម៉ាស់) សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ (ឈរកណ្តាល) ធ្វើជាអធិបតីក្នុងពិធីប្រគល់ផែនទីថ្មីខ្នាត ១/២៥ ០០០ ទៅឲ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឡើងទទួលផែនទីថ្មី ពីសម្តេច ទៀ បាញ់។ រូបពីទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន (ពាក់ម៉ាស់) សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ (ឈរកណ្តាល) ធ្វើជាអធិបតីក្នុងពិធីប្រគល់ផែនទីថ្មីខ្នាត ១/២៥ ០០០ ទៅឲ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឡើងទទួលផែនទីថ្មី ពីសម្តេច ទៀ បាញ់។ រូបពីទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។
ដោយ: ថ្មីៗ
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អះអាងថា កម្ពុជា គ្រោងយកផែនទីលេខាព្រំដែនខ្នាត ១/២៥ ០០០ (១លើ២៥ពាន់) ដែលជាផែនទីថ្មី ទើបនឹងបោះពុម្ពរួចជាមួយវៀតណាម ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ប៉ុន្តែ លោក ពុំបានបញ្ជាក់ឡើយថា នៅពេលណា។



ការអះអាងរបស់លោក វ៉ា គឹមហុង គឺធ្វើឡើងក្នុងពិធីប្រគល់ផែនទីថ្មីខ្នាត ១/២៥ ០០០ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣៥ នៅកម្ពុជា ដើម្បីយកទៅប្រើប្រាស់។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយមានសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមធ្វើជាអធិបតី។ 
 
សម្តេច ទៀ បាញ់ ចាត់ទុក ការបោះពុម្ពផែនទីថ្មីនេះជាមួយវៀតណាម ថាជាជោគជ័យធំធេងបំផុត ហើយគួរតែមានមោទនភាព។ សម្តេច មានប្រសាសន៍ថា៖«យើងមកដល់ពេលនេះ មានឯកសារដ៏ចាំបាច់មួយនេះ គឺវា ជាទីសាទរ ហើយរំភើបជាទីបំផុត ក្នុងនាមជាជាតិសាសន៍ខ្មែរមួយ ដែលទទួលខុសត្រូវលើទឹកដីរបស់ខ្លួន»។
 
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការពារជាតិ ក៏ឆ្លៀតផ្ញើសារព្រមានចាត់វិធានការផ្លូវច្បាប់ដែរ ចំពោះជនណា ដែលចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា រដ្ឋាភិបាលកម្ពុជា ក្បត់ជាតិ លក់ទឹកលក់ដី ឬធ្វើឲ្យបាត់បង់ទឹកដី ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។ ប្រមុខការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា៖«មិនមែនបែរជាមកថា ធ្វើហ្នឹងគឺជាការក្បត់ជាតិ...មិនអាចអត់ឱនឲ្យបានជាដាច់ខាត ចំពោះបញ្ហានេះ និយាយគ្នាច្បាស់អ៊ីចឹងតែម្តង...»។ 
 
កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កម្ពុជា-វៀតណាម បានចុះហត្ថលេខាជាមួយគ្នា ស្តីពីការទទួលយកផែនទីថ្មី ដែលមានមាត្រាដ្ឋានឬខ្នាត ១/២៥ ០០០ ទៅប្រើប្រាស់រួមគ្នា។ ផែនទីនេះ ត្រូវបានបោះពុម្ពសរុប៥០០ច្បាប់ ដោយប្រទេសដាណឺម៉ាក។ ២៥០ច្បាប់ ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ច្បាប់ ប្រគល់ទៅឲ្យវៀតណាម។ 
 
ព្រំដែនរវាងកម្ពុជា-វៀតណាម មានប្រវែងប្រមាណជា ១២៧០ គីឡូម៉ែត្រ។ បច្ចុប្បន្ន ប្រទេសទាំងពីរ បានបោះបង្គោលជាមួយគ្នាជាផ្លូវការសម្រេចបាន៨៤ភាគរយហើយ ដោយនៅសល់តែ១៦ភាគរយទៀតប៉ុណ្ណោះ។ ផែនទីថ្មីខ្នាត ១/២៥ ០០០ គឺបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ 
 
ក្នុងពិធីខាងលើ សម្តេច ទៀ បាញ់ ថ្លែងថា៖«ថែមពីលើនេះ ខ្ញុំ សូមជម្រាបជូនថា ការបោះបង្គោល ដែលសម្រេចបានប្រមាណ៨៤ភាគរយនេះ គឺជាភាពជាក់លាក់ខ្លាំងក្លាណាស់»។ 
 
អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន បកស្រាយកន្លងមកថា ការបោះពុម្ពផែនទីថ្មីខ្នាត ១/២៥ ០០០ គឺយកផែនទីបោនខ្នាត ១/១០០ ០០០  និង ផែនទី UTM ខ្នាត ១/៥០ ០០០ ធ្វើជាគោលនិងជាមូលដ្ឋាន។ បើតាមអ្នកស្រី កម្ពុជា-វៀតណាម ចាប់ផ្តើមធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នា តាំងពីឆ្នាំ២០០៥មក ហើយដល់ឆ្នាំ២០១១ ភាគីទាំងពីរ ក៏ចុះកិច្ចព្រៀងជាមួយគ្នា ឲ្យប្រទេសទី៣ គឺប្រទេសដាណឺម៉ាក ជួយបោះពុម្ពឲ្យបណ្តើរៗនូវផែនទីថ្មីខ្នាត ១/២៥ ០០០ រហូតដល់បោះពុម្ពបានរួចរាល់ នៅឆ្នាំ២០២០។ 
 
១/១០០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង១០០ ០០០ សង់ទីម៉ែត្រ ឬស្មើនឹង១០០០ម៉ែត្រ ឬស្មើនឹង១គីឡូម៉ែត្រ នៅលើដី។ ១/៥០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង៥០ ០០០ សង់ទីម៉ែត្រ ឬ៥០០ម៉ែត្រ នៅលើដី។ ១/២៥ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង២៥ ០០០ សង់ទីម៉ែត្រ ឬ២៥០ម៉ែត្រ នៅលើដី។
 
បើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែធំ គឺផែនទីកាន់តែតូច ហើយបើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែតូច គឺផែនទីកាន់តែធំ។ ជាក់ស្តែង ផែនទីបោនខ្នាត ១/១០០ ០០០ គឺមានទំហំតូចជាងផែនទី UTM ខ្នាត ១/៥០ ០០០ ហើយផែនទី UTM ខ្នាត ១/៥០ ០០០ គឺមានទំហំតូចជាងផែនទីថ្មីខ្នាត ១/២៥ ០០០។ 
 
ទោះជាគណៈកម្មាធិការកិច្ចការព្រំដែន និងរដ្ឋាភិបាលកម្ពុជា ព្យាយាមបកស្រាយប្រាប់មហាជន ថា ការបោះពុម្ពផែនទីថ្មីខ្នាត ១/២៥ ០០០ ជាមួយវៀតណាម មានភាពសុក្រឹតនិងមិនមានការបាត់បង់ទឹកដីយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា នៅតែរងការវាយប្រហារពីសំណាក់អ្នកប្រឆាំងដដែលថា ការទទួលយកផែនទីថ្មីនេះ ធ្វើឲ្យកម្ពុជា បាត់ដីនៅតំបន់មួយចំនួយតាមព្រំដែន។ 
 
លើសពីនេះ អ្នកប្រឆាំង នៅអធិប្បាយទៀតថា ការប្រើប្រាស់ផែនទីថ្មីខ្នាត ១/២៥ ០០០ គឺផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដ្បិតរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យប្រើផែនទីបោនរបស់បារាំង ដែលមានខ្នាត១/១០០ ០០០៕ 
 
 
 

Tag:
 វ៉ា គឹមហុង
  ផែទីខ្នាត ១លើ២៥ពាន់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com