COVID-19
អន្តរជាតិ
ជប៉ុន បដិសេធដាច់ខាត ចំពោះភាគីណាចង់ផ្លាស់ស្ថានភាពបច្ចុប្បន្ន ក្នុងសមុទ្រចិនខាងត្បូង រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកម៉ាក អេស្ព័រ (ខាងឆ្វេង) ជាមួយសមភាគីជប៉ុន លោក តារ៉ូ កូណូ នៅមន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ រូបភាព៖ Reuters
× រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តារ៉ូ កូណូ នៅថ្ងៃទី២៩ ខែសីហា បានលើកឡើងថា លោក និងសមភាគីអាមេរិក លោក ម៉ាក អេស្ព័រ (Mark Esper) ជំទាស់ជាដាច់ខាត មិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ជាឯកតោភាគី នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានជប៉ុនពីកោះGuam តាមអនឡាញ លោកតារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានអះអាងយ៉ាងដូច្នេះថា៖ «យើងយល់ព្រមថា សហគមន៍អន្តរជាតិ នឹងឆ្លើយតបយ៉ាងសាកសមបំផុត ទៅនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាសមុទ្រចិនខាងកើត»។ ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនបែបនេះ ធ្វើឡើងបន្ទាប់ពីមានជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ព័រ នៅកោះGuam។
ក្នុងជំនួបមន្ត្រីជាន់ខ្ពស់អាមេរិក និងជប៉ុននេះ លោកតារ៉ូ បានចែករំលែកការយល់ឃើញមួយចំនួនជាមួយលោក អេស្ព័រ ពីការពារមីស៊ីលនៅក្នុងតំបន់ ការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងចិន និងបញ្ហាសន្តិសុខជាដើម។ ជាមួយគ្នាដែរ ជំនួបនេះ ធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា ក្នុងនោះមានដូចជា បញ្ហាCOVID-19 ហុងកុង កោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្មជាដើម។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកមកកោះGuam ធ្វើឡើងនៅចំពេលជម្លោះសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅ។ ចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្នុងតំបន់នេះ។ សមយុទ្ធយោធាចុងក្រោយ ចិនបានប្រព្រឹត្តឡើងនៅក្បែរប្រជុំកោះ Paracel ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ដែលបង្កឲ្យភាគីវៀតណាមជំទាស់យ៉ាងខ្លាំង។
ដោយឡែកសមុទ្រចិនខាងកើតវិញ ចិន និងជប៉ុន ក៏មិនបានមើលមុខគ្នាចំដូចគ្នា ជុំវិញជម្លោះលើកោះSenkaku ដែលចិនហៅថា Diaoyu។ បច្ចុប្បន្នកោះ Senkaku នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ខណៈពេលចិននៅតែអះអាងថា ជាកោះរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com