ជាតិ
ត្បាញកន្ទេលរំចេកជាការងារប្រចាំថ្ងៃសម្រាប់ស្រ្តីនៅភូមិពាម
31, Aug 2020 , 8:59 am        
រូបភាព
សៀមរាប៖ នៅតាមផ្ទះរបស់អ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ស្រ្តីចំណាស់ៗជាច្រើនមានទម្លាប់ត្បាញកន្ទេលដែលធ្វើពីរំចេក។ រំចេក ជាប្រភេទប្រទាលដែលមានស្លឹកវែងៗដែលដុះខួបនៅជុំវិញភូមិ ដែលអនុផលរបស់វាអំណោយផលសម្រាប់ពលរដ្ឋនៅជនបទ យកត្បាញជាកន្ទេលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងលក់។

 
ផ្ទៃក្រឡាតូចៗឆ្នាស់គ្នាដោយពណ៌ក្រហម ខៀវ ស្វាយ ជាសម្រស់នៃកន្ទេលរំចេក ដែលអ្នកស្រី ស្រ៊ិល ឡាន ក្រាលនៅលើគ្រែ ដើម្បីបង្ហាញពីរូបរាងនៃកន្ទេលដល់អ្នកសារព័ត៌មាន ដែលអ្នកស្រីទើបនឹងត្បាញរួចថ្មីៗ។  


 
និយាយសំនៀងបែបអ្នកភូមិអង្គរ ឬសំនៀងអ្នកសៀមរាប អ្នកស្រី ឡាន វ័យ៥៨ឆ្នាំ រៀបរាប់ថា អ្នកស្រីចាប់ផ្តើមត្បាញកន្ទេលរំចេកលក់រយៈពេលជាង៥ឆ្នាំមកហើយ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ អ្នកស្រីចេញទៅកាប់រំចេកនៅតំបន់ខ្នងបារាយណ៍ ដែលមានចំងាយប្រហែល២គីឡូម៉ែត្រពីផ្ទះ។ រំចេកដែលកាប់រួច ត្រូវយកមកកាត់ច្រៀកយកផ្នែកកណ្ដាល ហាល កូតឱ្យទន់ ទើបយកទៅហាលម្ដងទៀត មុននឹងចាប់ជ្រលក់ពណ៌។ ពណ៌ដែលគេនិយមប្រើសម្រាប់កន្ទេកប្រភេទនេះ មានពណ៌ក្រហម ខៀវ និងពណ៌ស្វាយ។  


 
សម្រាប់កន្ទេលមួយ អ្នកស្រី ឡាន ប្រើពេលពី៥ទៅ៦ថ្ងៃ មុននឹងលក់ឱ្យអ្នកភូមិដែលនិយមក្រាលគេង ព្រោះវាត្រជាក់ ហើយធុននឹងអាកាសធាតុ អាចប្រើបានយូរ។ កន្ទេលមួយ អ្នកស្រី ឡាន អាចលក់បានចាប់ពី៦ម៉ឺនរៀលឡើង ដែលមានទំហំប្រមាណ២ម៉ែត្រគុណនិង៣ម៉ែត្រ។ យ៉ាងណាអ្នកស្រីថា តម្លៃនេះគិតទៅតាមទំហំតូចធំនៃកន្ទេលដែរ។ 


 
ចំណែកអ្នកស្រី យ៉ិន រុំ ក៏ឆ្លៀតពីការងារដាំដុះជុំវិញផ្ទះ មកត្បាញកន្ទេលរំចេកផងដែរ។ អ្នកស្រីតែងចេញទៅកាប់រំចេកជាមួយអ្នកស្រី ឡាន និងត្បាញទាល់តែអស់ទើបចេញទៅកាប់ម្ដងទៀត។ របរមួយនេះ អាចផ្គត់ផ្គង់ការចំណាយរាល់ថ្ងៃក្នុងគ្រួសារ សម្រាប់ស្រ្ដីមេម៉ាយរូបនេះ។ អ្នកស្រី យ៉ិន រុំ ប្រាប់ថា របរនេះជាទំនៀមរបស់អ្នកភូមិដែលចាស់ទុំចេះត្បាញតដល់កូនចៅ តែអ្នកស្រីមិនរំពឹងខ្លាំងប៉ុន្មានទេថាក្មេងៗក្រោយទៀត អាចនៅបន្តចាប់ជំនាញនេះដែរឬយ៉ាងណា ព្រោះរបរនេះត្រូវការពេលយូរ ណាមួយបច្ចុប្បន្នអ្នកភូមិជាច្រើនបានចេញទៅធ្វើការសំណង់ទីក្រុងសៀមរាប៕


















 
 

Tag:
 កន្ទេលរំចេក
  អង្គរ
  ភូមិពាម
© រក្សាសិទ្ធិដោយ thmeythmey.com