អន្តរជាតិ
លោក វ៉ាង យី​៖ ប្រធានព្រឹទ្ធសភា​ឆែក នឹង​ជួប​ទុក្ខ​ធំ​ព្រោះ​បំពាន​គោលនយោបាយ​ចិន​តែមួយ​
31, Aug 2020 , 1:02 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងប្រធានព្រឹទ្ធសភាឆែក Milos Vystrcil ។
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងប្រធានព្រឹទ្ធសភាឆែក Milos Vystrcil ។
​ប្រមុខ​ការទូត​ចិន វ៉ាង យី បានចេញ​សារ​ព្រមាន​ចំៗ​ទៅកាន់​ប្រធានព្រឹទ្ធសភា​ឆែក Milos Vystrcil ដែល​កំំ​ពុង​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​។ ពី​ទឹកដី​អាល្លឺម៉ង់ លោក វ៉ាង ព្រមាន​ថា ប្រធានព្រឹទ្ធសភា​ឆែក​រូបនេះ នឹងរង​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​បំពាន​គោលនយោបាយ​ចិន​តែមួយ​បែបនេះ ដែល​វា​ជាការ​ធ្វើ​សត្រូវ​ជាមួយ​ប្រជាជន​ចិន​ទាំងអស់​។

 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Milos Vystrcil ប្រធានព្រឹទ្ធសភា​ឆែក​នៅ​កោះ​តៃវ៉ាន់ ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។ លោក Vystrcil ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃទី​៣០ ខែសីហា ជាមួយ​ប្រតិភូ​៩០​នាក់ សម្រាប់​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ ដែល​ត្រូវបាន​ចាត់ទុកជា​បេសកកម្ម​ពាណិជ្ជកម្ម​ផង​។ លោក​នឹង​ថ្លែង​សុន្ទរកថា​នៅ​សភា​តៃវ៉ាន់ និង​ជួប​ជាមួយ​ប្រធានាធិបតី Tsai Ing-wen​។​
 
​ចិន​បាន​ព្រមាន​ប្រធាន​ព្រឹទ្ធ​ស​ភ​ឆែក​តាំង​ពីមុន​ទៅដល់​តៃវ៉ាន់​មកម្ល៉េះ​ពី​ផលវិបាក​ដែល​អាច​កើតឡើង​ពី​ដំណើរ​ទស្សនកិច្ច​បែបនេះ​។ នៅ​ថ្ងៃទី​៣១ ខែសីហា រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក៏បាន​ព្រមាន​លោក Vystrcil ម្ដងទៀត​។ បើតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន លោក វ៉ាង បាន​ថ្លែង​ពី​ទឹកដី​អាល្លឺម៉ង់​ថា​៖ «​យើង​នឹង​ឲ្យ​លោក Vystrcil ទទួលផល​តបស្នង​វិញ​យ៉ាង​ចាស់ដៃ​ចំពោះ​គំនិត​ខ្លី និង​ទង្វើ​ឱកាសនិយម​ផ្នែក​នយោបាយ​របស់លោក​។​»
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល លោក វ៉ាង ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ ក៏​ព្រមាន​ទៀតថា ការ​តតាំង​គោលនយោបាយ​ចិន​តែមួយ ជា​ការយក​ប្រជាជន​ចិន​១,៤​ពាន់​លាន​នាក់​ធ្វើ​សត្រូវ ហើយ​រដ្ឋាភិបាល និង​ប្រជាជន​ចិន នឹងមិន​អត់អោន​ឲ្យ​ការ​បង្ករឿង​ដោយ​ចំហ​របស់​ប្រធានសភា​ឆែក និង​ក្លាំង​ប្រឆាំង​ចិន​បែបនេះ​ឡើយ​។ 
 
​គោលនយោបាយ​ចិន​តែមួយ សំដៅលើ​ការឯកភាព​គ្នា​រវាង​ចិន និង​កោះ​តៃវ៉ាន់​ដែលថា ទាំង​ចិនដីគោក ទាំង​តៃវ៉ាន់ ជា​របស់​ចិន​តែមួយ​។ ភាគី​ទាំងពីរ​សុទ្ធតែ​អះអាង​រៀងៗ​ខ្លួន​ថា ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​។ ប៉ុន្តែ​តៃវ៉ាន់ ដែលជា​ដែន​កោះ​តូច​មួយ​នោះ បាន​បាត់បង់​សម្ព័ន្ធមិត្ត​បន្តិច​ម្ដងៗ​ទៅ​ឲ្យ​ចិនដីគោក​។ ប្រទេស​មិន​ដល់​២០​ឡើយ​នៅ​ជុំវិញ​ពិភពលោក​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ​នោះ​។​
 
 

Tag:
 ចិន​
  ឆែក​
  Milos Vystrcil
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com