COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
La Liga៖ ក្លិប​ណា​ចង់បាន Messi ពី Barca ត្រូវ​បង់​៨៣៣​លាន​ដុល្លារ ដើម្បី​ផ្តាច់​កិច្ចសន្យា​
31, Aug 2020 , 2:18 pm        
រូបភាព
អ្នកគាំទ្រវ័យក្មេងរបស់ Barcelona ខកចិត្ត ក្រោយមិនឃើញវត្តមាន Messi ទៅធ្វើតេស្តរក COVID-19 មុនចូលហ្វឹកហាត់រដូវកាលថ្មី
អ្នកគាំទ្រវ័យក្មេងរបស់ Barcelona ខកចិត្ត ក្រោយមិនឃើញវត្តមាន Messi ទៅធ្វើតេស្តរក COVID-19 មុនចូលហ្វឹកហាត់រដូវកាលថ្មី
​ក្របខណ្ឌ  La Liga អះអាងថា ក្លិប​យក្ស Barcelona អាច​ទទួលបាន ៧០០ លាន​អឺរ៉ូ (៨៣៣​លាន​ដុល្លារ​អាមេរិក​) លើ​តម្លៃ​ខ្លួន Lionel Messi បើ​មាន​ក្លិប​ណា​ចាប់អារម្មណ៍​ចង់​ទិញ​ផ្តាច់​កិច្ចសន្យា (Release Clause) ដើម្បី​យក​ខ្សែបម្រើ​ឆ្នើម​រូបនេះ​ទៅ​រួម​ក្រុម​។ នេះ​បើតាម​ការផ្សាយ​របស់ ESPN​។​



​កីឡាករ​របស់ Barca ទាំងអស់​បាន​វិលត្រឡប់​ចូល​ក្លិប​វិញ ដើម្បី​ធ្វើតេស្ត​រក​ជំងឺ COVID-19 នៅ​ថ្ងៃទី​៣០ ខែសីហា មុន​ការហ្វឹកហាត់​រដូវ​កាល​ថ្មី ប៉ុន្តែ​លើកលែងតែ Lionel Messi ម្នាក់​ប៉ុណ្ណោះ​ដែល​គ្មាន​វត្ត​មាននៅ​ទីនោះ​ទេ​។ មិន​ចូលរួម​ធ្វើតេស្ត មានន័យ​ន័យ​ថា Messi មិនអាច​ហ្វឹកហាត់​ជាមួយ​ក្រុម​បានឡើយ​។​


 
​តាមច្បាប់​ថ្មី​អំឡុងពេល​ជំងឺ COVID-19 ក្លិប​ទាំងអស់​នៅ La Liga តម្រូវ​ឲ្យ​កីឡាករ​ធ្វើតេស្ត​រក​ជំងឺ​រាតត្បាត​សកល​ជាមុនសិន មុនពេល​ពួកគេ​ត្រឡប់​ចូល​ទីលាន​ហ្វឹកហាត់​។ ក្រោយ​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន​មិនបាន​ចូលរួម​ធ្វើតេស្ត​នេះ ក្លិប Barcelona បាន​បើក​កិច្ច​ពិភាក្សាគ្នា ជាមួយ La Liga ហើយ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​នេះ​ចេញ​សេចក្តី​ប្រកាសថា Messi ដែល​នៅជាប់​កិច្ចសន្យា​ជាមួយ​ក្លិប មានតម្លៃ​ខ្លួន​៧០០ លាន​អឺរ៉ូ (៨៣៣​លាន​ដុល្លារ​អាមេរិក​) ដែលជា​តម្លៃ​ផ្តាច់​កិច្ចសន្យា (Release Clause)​។​
 
​ស្របពេល​ជាមួយគ្នានេះ លោក Jorge ឪពុក Messi ក៏​គ្រោង​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu នៅ​ថ្ងៃទី​២ ខែកញ្ញា ផងដែរ​។ ក្នុងការ​ជួបចរចា​គ្នា​នេះ លោក Bartomeu សង្ឃឹមថា នឹង​អាច​បន្ត​កិច្ចសន្យា​ថ្មី​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​អោយ Messi បោះបង់ចោល​គម្រោង​ស្វែងរក​ក្លិប​ថ្មី​។ នេះ​បើតាម​ការផ្សាយ​របស់ Skysport​។​
Messi ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ បានស្នើ​ចាកចេញ​ពី Camp Nou នៅ​រដូវ​កាល​ថ្មី​នេះ ដោយបាន​ផ្ញើ​សារ​ទៅកាន់​ក្លិប​អ្នកមាន​បុណ្យ ឲ្យ​ជួយ​សម្រួល​កិច្ចសន្យា​ដែល​នៅសល់ ដែល​អាច​អនុញ្ញាត​ឲ្យ​រូបគេ​អាច​ចាក​ចេញពី​ក្លិប​ដោយ​គ្មាន​បញ្ហា​។​


 
​យ៉ាងណាក៏ដោយ ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ អះអាងថា ពេលវេលា​កំណត់​ដើម្បី​សម្រួល​កិច្ចសន្យា​របស់​ម្ចាស់​ពាន Ballon d’Or ៦ សម័យកាល ដែល​អាច​អនុញ្ញាត​ឲ្យ​រូបនេះ​ចាកចេញ​នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​បាន​ហួសពេល​ទៅហើយ​។ 
 
​ក្របខណ្ឌ La Liga រដូវ​កាល​ថ្មី​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១២ ខែកញ្ញា​។ ដូច្នេះ​ភាគី​ទាំងពីរ​មិនមាន​ពេលវេលា​ច្រើន​ក្នុង​ការចរចា​ដោះស្រាយ​រឿងនេះ​ឡើយ​៕


 

Tag:
 Messi
  LaLiga
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com