ជាតិ
រមណីយដ្ឋាន​កែច្នៃ​នៅ​បរ​យ៉ា​ខា រួមចំណែក​ទាក់ទាញ​ទេសចរណ៍​ទៅកាន់​ខេត្ត​ប៉ៃលិន​
01, Sep 2020 , 8:59 am        
រូបភាព
​អ្នកនាង យ៉​ត ឡា​លីន ជា​ម្ចាស់​ចំការ​ខ្នុរ រី​ហ្សត ប៉ៃលិន ដែល​ទើប​បើក​ដំណើរការបាន​ប្រមាណ​៦​ខែ​ប៉ុណ្ណោះ​។ តំបន់​នេះ កំពុង​ទទួល​បានការ​ពេញនិយម​ខ្លាំង​ពី​ទេសចរ ដោយសារ​ទិដ្ឋភាព​ផ្ទះ​ស្នាក់​ចម្រុះ​ពណ៌ និង​ទស្សនីយភាព​ធម្មជាតិ និង​កែច្នៃ​មួយចំនួនទៀត លាតសន្ធឹង​នៅលើ​ផ្ទៃដី​២​ហិកតា នា​សង្កាត់​បរ​យ៉ា​ខា ក្រុងប៉ៃលិន​។ អ្នកនាង យ៉​ត ឡា​លីន បាន​ប្រាប់​សារព័ត៌មាន thmeythme25 ថា​នាង​បង្កើត ចំការ​ខ្នុរ រី​ហ្សត ប៉ៃលិន​ឡើង គឺ​ដើម្បី​ផ្តល់​រសជាតិ​ទេសចរណ៍​កែច្នៃ​សម្រាប់​ទេសចរ និង​ដើម្បី​ជំរុញ​ទេសចរណ៍​នៅ​ភូមិកំណើត​ខ្លួន​។

 
​ចំការ​ខ្នុរ រី​ហ្សត ប៉ៃលិន កំពុង​រំលេច​ខ្លួន​យ៉ាង​ប្លែក នៅលើ​ផ្ទៃដី​២​ហិកតា មាន​ទីតាំង​សិ្ថ​ត​នៅ ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំការ​ខ្នុរ រី​ហ្សត ប៉ៃលិន មានផ្ទះ​ស្នាក់​ចម្រុះ​ពណ៌​ដែល​ត្រូវ​សង់​ឡើង​ជាប់ៗ​គ្នា​ជាប់​នឹង​ជើងភ្នំ អមដោយ​ការតុបតែង​លម្អ​យ៉ាង​ទាក់ទាញ​។ ទេសចរ អាច​គយគន់​ផ្កា​ចម្រុះ​ពណ៌​ដែលមាន​ដាំ​នៅ​ទីនោះ បរិយាកាស​ធម្មជាតិ​ដ៏​ស្ងប់ស្ងាត់ និង​ងូតទឹក​ធម្មជាតិ​ដែល​ហូរ​ពី​ជើងភ្នំ ព្រមទាំង​អាច​បោះតង់​សម្រាក​បាន​ផងដែរ​។​
 
​អ្នកនាង យ៉​ត ឡា​លីន វ័យ​២៧​ឆ្នាំ ជា​ម្ចាស់​ចំការ​ខ្នុរ រី​ហ្សត ប៉ៃលិន​។ អ្នកនាង ប្រាប់​សារព័ត៌មាន​thmeythmey25​ថា គាត់​បង្កើត​តំបន់​ទេសចរណ៍​កែច្នៃ ចំការ​ខ្នុរ រី​ហ្សត ប៉ៃលិន ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប៉​លិ​ន ជាពិសេស​នៅ​ភូមិកំណើត​របស់ខ្លួន និង​ជួយ​ប្រជាជន​ក្នុងភូមិ​។ អ្នកស្រី យ៉​ត ឡា​លីន បន្ត​ដូច្នេះ​៖«​គម្រោង​របស់​យើង គឺ​លើកស្ទួយ​ប្រជាជន​ក្នុង​ខេត្ត​បៃ​លិ​ន និង​តំបន់​ភូមិ​យើង​ទាំងមូល ដោយ​ចំណូល​ដែល​យើង​ចំណេញ យកទៅ​ឧបត្ថម្ភ​នៅក្នុង​ស្រុកភូមិ​របស់​យើង​។ យើង​បានផ្ដល់​ប្រាក់ខែ​ដល់​ជនពិការ និង​ចាស់ៗ​ក្នុងភូមិ ទោះបី​គាត់​មិនមាន​ធ្វើ​អ្វី​ក៏ដោយ​។ យើង​ផ្ដល់​ឲ្យ​គាត់​តាមតិច​តាមច្រើន អាស្រ័យ​លើ​ចំណូល​របស់​យើង​»​។​


 
​សម្រាប់​ស្ត្រី​វ័យ​២៧​ឆ្នាំ​រូបនេះ ការបង្កើត​តំបន់​ទេសចរណ៍​កែច្នៃ​មួយ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ឆន្ទៈ និង​ក្តី​ស្រលាញ់ ដើម្បី​ប្រែក្លាយ​តំបន់​ព្រៃភ្នំ​មួយ ឲ្យ​ក្លាយជា​តំបន់​ទេសចរ​ដែលមាន​ភាព​ទាក់ទាញ​។ អ្នកនាង យ៉​ត ឡា​លីន រៀបរាប់​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​៖«​តាមពិតទៅ​ខ្ញុំ​ហត់​ខ្លាំងណាស់ ក្នុង​ការធ្វើ​គម្រោង​មួយ​នេះ ព្រោះ​កាល​មុន​ធ្លាប់តែ​នៅផ្ទះ​ស្រួល ដល់​មក​ធ្វើ​រី​ហ្សត​នេះ គឺ​ហត់​ខ្លាំង ព្រោះ​យើង​យក​បេះដូង​មក​ធ្វើ ទាំង​កម្លាំងកាយ កម្លាំងចិត្ត​គឺ​យកមក​ទាំងអស់​។ ពេលខ្លះ ចង់​សម្រាក​ក៏​អត់​ហ៊ាន​សម្រាក​ដែរ ព្រោះ​យើង​ឃើញ​មាន​សន្ទុះ នៃ​ការគាំទ្រ​ខ្លាំង​ពី​ទេសចរ​។ បើសិន​យើង​នៅ​ដដែល​ឋ ភ្ញៀវ​ប្រាកដជា​ធ្លាក់ចុះ អ៊ីចឹង​ត្រូវ​អភិវឌ្ឍន៍​រហូត​»​។​
 
​ម្ចាស់​រី​ហ្សត​រូបនេះ បាន​អះអាងថា ខ្លួន​នឹង​អភិវឌ្ឍន​តំបន់​ទេសចរណ៍​នេះ​ឲ្យ​កាន់​តែមាន​ភាពលេច​ធ្លោ ដោយ​សាងសង់​កន្លែង​ស្នាក់នៅ​បន្ថែម រៀបចំ​សួនសត្វ សួនផ្កា និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​។ ទន្ទឹមនឹងនោះ អ្នកនាង យ៉​ត ឡា​លីន ក៏​កំពុង​ជំ​រុ​ឲ្យ​អ្នកភូមិ​ងាក​មក​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​ទា​បន្ថែមទៀត​ដែរ ហើយ​រី​ហ្សត​អ្នកនាង ជា​អ្នកទទួល​ទិញ និង​ចែកចាយ​បន្ត​។ « ឥឡូវ​ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​មេភូមិ ដើម្បី​ជម្រុញ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ដាំ​បន្លែ​យកមក​លក់​ក្នុង​រី​ហ្សត​របស់ខ្ញុំ​។ ខ្ញុំ​ទទួល​ទិញ​មាន់ ទា បន្លែ គ្រប់មុខ​ទាំងអស់​ឲ្យ​តែ​ពួកគាត់​យកមក​លក់​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង យ៉​ត ឡា​លីន​៕
 





© រក្សាសិទ្ធិដោយ thmeythmey.com