អន្តរជាតិ
ប្រមុខការទូតចិន ច្រានចោលការព្រួយបារម្ភរបស់អឺរ៉ុបលើបញ្ហាជនភាគតិចវីហ្គ័រនិងហុងកុង លោក វ៉ាង យី ប្រមុខការទូតចិន នៅក្នុងសន្និសីទមួយ នាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AP
× ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី៣០ ខែសីហា បានច្រានចោលការព្រួយបារម្ភរបស់បណ្តាប្រទេសអឺរ៉ុបមួយចំនួន ជុំវិញបញ្ហាជនជាតិភាគតិចវីហ្គ័រ និងច្បាប់សន្តិសុខជាតិហុងកុង។ ការលើកឡើងរបស់លោក វ៉ាង ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅអឺរ៉ុប។
បន្ទាប់ពីអ៊ីតាលី ហូឡង់ ន័រវែស លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ត្រូវមកធ្វើដំណើរទស្សនកិច្ចនៅបារាំងបន្តទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង ដែលមានតួនាទីជាទីប្រឹក្សារដ្ឋចិនផងដែរនោះ បានចូលរួមក្នុងសន្ធិសីទមួយ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង។
ក្នុងកម្មវិធីនេះ ប្រមុខការទូតចិន បាននិយាយការពារជុំវិញបញ្ហាសិទ្ធិមនុស្សលើជនជាតិភាគតិចវីហ្គ័រ។ បើតាមការអះអាងរបស់លោកវ៉ាង ជនជាតិវីហ្គ័រទាំងអស់ ដែលត្រូវបានបញ្ជូនទៅមន្ទីរកែប្រែឡើយវិញ នៅក្នុងតំបន់ស្វយ័តស៊ីនជាំងត្រូវបានដោះលែង និងមានការងារធ្វើអស់ហើយ។ យ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្ស និងក្រុមគ្រួសារជនជាតិភាគតិចវីហ្គ័រមួយចំនួនអះអាងថា ចិននៅតែបន្តឃុំឃាំងជនជាតិភាគតិច។
ទីប្រឹក្សារដ្ឋចិនរូបនេះ បានធានាយ៉ាងដូច្នេះថា៖ «សិទ្ធិនៃអ្នកហ្វឹកហ្វឺនក្នុងមណ្ឌលកែប្រែ និងកម្មវិធីហ្វឹកហាត់ គឺត្រូវបានធានាយ៉ាងពេញលេញ បើទោះបីជាខួរក្បាលរបស់ពួកគេមានភ្ជាប់មកជាមួយគំនិតជ្រុលនិយម និងភេរវកម្មក៏ដោយ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានAP។
ក្រៅពីបញ្ហាជនជាតិភាគតិចវីហ្គ័រ ប្រមុខការទូតចិន ក៏ត្រូវបានគេសួរពីបញ្ហាទាក់ទងនឹងច្បាប់សន្តិសុខជាតិហុងកុងផងដែរ។ ជាចម្លើយ លោកវ៉ាង បានរៀបរាប់ថា រដ្ឋាភិបាលចិន មិនអាចអង្គុយមើល និងអនុញ្ញាតឲ្យភាពចលាចលកើតឡើងនៅហុងកុងបានទេ។ ការណ៍នេះ ចិនត្រូវតែអនុម័តច្បាប់សន្តិសុខជាតិ ដើម្បីតម្រូវតាមស្ថានភាពនៅហុងកុង។
ក្នុងជំនួបជាមួយលោក វ៉ាង នៅថ្ងៃទី២៨ ខែសីហា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏ព្រួយបារម្ភពីស្ថានភាពនៅហុងកុង និងបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិវីហ្គ័រដែរ។ ចំណែកលោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង បានលើឡើងពីបញ្ហាបារម្ភមួយចំនួន ស្រដៀងនឹងលោកម៉ាក្រុង។
សូមបញ្ជាក់ថា បើតាមរបាយការណ៍អង្គការអន្តជាតិនានា រដ្ឋាភិបាលចិន បានឃុំឃាំង ជនជាតិវីហ្គ័រ និងជនមូស្លីមច្រើនជាងមួយលាននាក់ នៅក្នុងតំបន់ស៊ីនជាំង ដែលជាតំបន់ស្វយ័តមួយរបស់ចិន។ សម្រាប់ចិន អ្វីដែលខ្លួនធ្វើ គឺសម្អាតគំនិតផ្តាច់ទឹកដី ជ្រុលនិយម និងភេរវកម្មពីជនជាតិភាគតិចវីហ្គ័រ និងជនមូស្លីមផ្សេងទៀតនៅស៊ីនជាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com