ជាតិ
សង្គមជាតិ
អាមេរិក នឹង​គាំទ្រ​អាជ្ញាធរ​មីន​ដល់ទី​បញ្ចប់​នៃ​ការបោះសម្អាត​គ្រាប់មីន​នៅ​កម្ពុជា​
01, Sep 2020 , 9:40 am        
រូបភាព
លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក្នុង​ថ្លែង​សុន្ទរកថា Murphy  ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់មីន ក្នុង​បរិវេណ​ស្ថានទូត​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/thmeythmey
លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក្នុង​ថ្លែង​សុន្ទរកថា Murphy ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់មីន ក្នុង​បរិវេណ​ស្ថានទូត​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/thmeythmey
​ភ្នំពេញ​៖ សហរដ្ឋអាមេរិក នឹង​បន្តសកម្មភាព​គាំទ្រ​ដល់​អាជ្ញាធរ​មីន​ដល់ទី​បញ្ចប់​នៃ​ការបោះសម្អាត​គ្រាប់មីន​ឱ្យ​អស់ពី​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដោយបាន​បញ្ជាក់ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក អាមេរិក​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា បាន​ជាង​១៧០​លាន​ដុល្លារ ហើយ​។​

 
​បើតាម​លោក W. Patrick Murphy  ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់មីន កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា ក្នុង​បរិវេណ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​ការបោះសម្អាត​គ្រាប់មីន​ឱ្យអស់​នៅត្រឹម​ឆ្នាំ​២០២៥ ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​នេះ គឺជា​ការគាំទ្រ​ជំនួយ​ហិរញ្ញវត្ថុ​ផ្នែក​មនុស្សធម៌ ខណៈដែល​សហរដ្ឋអាមេរិក មិនមែនជា​ប្រទេស​ផលិត​គ្រាប់មីន​។ 


 លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កំពុង​ឈរ​ថត​ជាមួយ លី ធុជ អនុប្រធាន​អាជ្ញាធរ​មីន​(​ស្តាំ​) និង​មន្ត្រី​របស់​អាជ្ញាធរ​មីន ក្នុង​បរិវេណ​ស្ថានទូត​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/thmeythmey

​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​រូបនេះ មានប្រសាសន៍ថា​៖«​មិនមាន​គ្រាប់មីន​សូម្បី​តែមួយ​គ្រាប់ ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ អាមេរិក​គឺជា​អ្នក​ដែល​បាន​ចូលរួមចំណែក​ធំ​បំផុត​នៅក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​បោះ​សម្អាត​គ្រាប់មីន​នៅ​កម្ពុជា​»​។ 
 
​លោក​បាន​បន្តថា តាមរយៈ​កិច្ចខិតខំ​ចូលរួម​បោះ​សម្អាត​មីន​នៅ​កម្ពុជា​កន្លងមកនេះ គឺ​ពិតជា​បានបង្ហាញ​នូវ​ភាពជោគជ័យ​ពិតប្រាកដ​មួយ ដែល​បាន​កាត់បន្ថយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ពី​ចំនួន​៤​ពាន់​នាក់ មក​ធ្លាក់​នៅត្រឹម​ក្រោម​៧០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​បច្ចុប្បន្ន កម្ពុជា​នៅមាន​មីន​ចន្លោះ​ពី​៤​ទៅ​៦​លាន​គ្រាប់​ទៀត​ដែល​មិនទាន់​ផ្ទះ ដោយមាន​នៅក្នុង​តំបន់​សង្ស័យ​ជិត​៩​ពាន់​កន្លែង នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​ស្ថិតិ​មីន​របស់​អាជ្ញា​ធន​មីន ដោយ​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៦,៤​ម៉ឺន​បាន​ស្លាប់ និង​៤​ម៉ឺន​នាក់​ទៀត ពិការ​ដោយសារតែ​គ្រាប់មីន​។​


 លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កំពុង​ឈរ​ថត​ជាមួយ លី ធុជ អនុប្រធាន​អាជ្ញាធរ​មីន​(​ស្តាំ​)​និង​ជា​មួ​យេះ​ព្រះសង្ឃ​ចំនួន​៤​អង្គ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់មីន កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/thmeythmey

​គិត​មកដល់ពេលនេះ កម្ពុជា បាន​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ គ្រាប់មីន​ប្រឆាំង​រថ​គ្រោះ​ជាង​២,៤​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២,៧​លាន​គ្រាប់​។ ចំនួន​ប្រជាជន​ដែល​រងគ្រោះ បាន​ធា្ល​ក់​ចុះ​ពី​២,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​នៅត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨​។ កន្លងមក​រដ្ឋាភិបាល​កម្ពុជា បានអនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សកម្មភាព​មីន​២០១៨-២០២៥ ក្នុង​គោលបំណង​បំផ្លាញ​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក​ចង្កោម​ឱ្យអស់ ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​ទឹកដី​ដែល​គ្មាន​មីន នៅត្រឹម​ឆ្នាំ​២០២៥ ដោយ​ត្រូវការ​ថវិកា​ប្រមាណ​៤០០​លាន​ដុ​លា្ល​រ​អាមេរិក​៕ 
 

Tag:
 មីន​
  លោក W. Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com