ជាតិ
សុខភាព
ករណី​ឆ្លង​គ្រុនផ្តាសាយធំ​បន្តគ្នា​នៅ​ក្នុងពន្ធនាគារខេត្ត​ព្រះវិហារ គ្មានករណី COVID-19 ឡើយ​
01, Sep 2020 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​នាព្រឹក​ថ្ងៃទី១ ខែកញ្ញា នេះ បាន​ប្រកាសពី​ករណីជំងឺគ្រុនផ្តាសាយធំ  (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សដែល​កំពុង​ជាប់ឃុំ​នៅមណ្ឌល​ឃុំឃាំង​នៃ​ពន្ធគារ​ខេត្តព្រះវិហារដោយ​មានការចម្លងបន្តគ្នា។ លទ្ធផលសំណាកបង្ហាញថា អ្នក​ឆ្លងទាំងនោះ មិនមានវិជ្ជមានកូវីដ-១៩ឡើយ។



នៅ​ព្រឹកវេលាម៉ោង៧ និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ក្រសួងសុខាភិបាល  បានទទួលព័ត៌មានអំពីករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រេីននាក់ ក្នុង​ចំណោម​ក្រុមអ្នកកំពុងជាប់​ក្នុង​មណ្ឌល​ឃុំឃាំងនៃពន្ធធនាគារខេត្តព្រះវិហារ។   ក្រោយពីការចុះស្រាវជ្រាវ  ក្រុមការងារឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បាន​បែងចែក​ អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី  ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដេាយឡែក អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបាន ដាក់ឲ្យនៅបន្ទប់ដាច់ដេាយឡែកផ្សេងមួយទៀត  និង អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដេាយឡែកផ្សេងៗគ្នា។

លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ:  នៅថ្ងៃទី០១  ខែកញ្ញា  ឆ្នាំ២០២០ បានបង្ហាញ ថា  អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា  ដូច្នេះ  មិនមែនជាករណីជំងឺកូវីដ-១៩  នោះទេ  ហេីយលទ្ធផលវិភាគ មន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា  ជាករណីជំងឺផ្តាសាយធំ  (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ  ប្រសិនបេីបុគ្គលម្នាក់ៗ  មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។

ក្រសួងអះអាង​បន្ថែមថា បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ  មានសភាពល្អប្រសេីរជាបណ្តេីរៗ ៕



Tag:
 ផ្តាសាយធំ
© រក្សាសិទ្ធិដោយ thmeythmey.com