COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ថៃ ពន្យារពេល​ទិញ​នាវាមុជទឹក​ពី​ចិន ក្រោយ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​ប្រជាជន​
01, Sep 2020 , 2:13 pm        
រូបភាព
នាវាមុជទឹកចិនដែលថៃទិញពីចិន។ រូបភាព The Nation
នាវាមុជទឹកចិនដែលថៃទិញពីចិន។ រូបភាព The Nation
​រដ្ឋាភិបាល​ថៃ បានសម្រេច​ចិត្ត​ពន្យារពេល​ទិញ​នាវាមុជទឹក​ចំនួន​ពីរ​គ្រឿង​ពី​ចិន​តម្លៃ​៧២៤​លាន​ដុល្លារ ក្រោយ​ប្រជាជន​ថៃ​នាំគ្នា​តវ៉ា​នឹង​ការប្រើប្រាស់​លុយ​សន្ធឹកសន្ធាប់​នៅពេល​សេដ្ឋកិច្ច​ប្រទេស​ជួប​បញ្ហា​ដោយសារ​ជំងឺ COVID-19 ។ នាវាមុជទឹក​ពីរ​គ្រឿង​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​ថៃ​ជំនាន់​រដ្ឋាភិបាលយោធា និង​ចិន​ក្នុង​ការទិញ​លក់​នាវាមុជទឹក​ចំនួន​បី​គ្រឿង​។​

 
​ប្រជាជន​ថៃ បានបង្ហាញ​ការមិនសប្បាយចិត្ត​ខ្លាំង​ក្រោយ​អនុគណៈកម្មាធិការ​សភា​យល់ព្រម​លើ​គម្រោង​ទិញ​នាវាមុជទឹក​ពីរ​គ្រឿង​តម្លៃ​៧២៤​លាន​ដុល្លារ​ពីរ​ចិន ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​គម្រោង​នេះ​ចោល ព្រោះ​កាលៈទេសៈ​បច្ចុប្បន្ន មិនមែនជា​ពេលដែល​ត្រូវ​ចំណាយលុយ​ក្រាស់ក្រែល​លើ​យុទ្ធោបករណ៍​ឡើយ​។ នៅលើ Twitter អ្នកប្រើប្រាស់​ជនជាតិ​ថៃ​នាំគ្នា​ចែករំលែក​សារ​ថា ប្រជាជន​មិន​ត្រូវការ​នាវាមុជទឹក​ឡើយ​។ 
 
​រដ្ឋាភិបាល​ថៃ ក៏​យល់ព្រម​ផ្អាក​ការទិញ​នេះ​សិន​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក  Anucha Burapachaisri បាន​និយាយ​នៅ​ថ្ងៃទី​៣១ ខែសីហា ថា នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​ឲ្យ​កងទ័ពជើងទឹក​ពិចារណា​ពន្យារពេល​ទិញ​នាវាមុជទឹក​នេះ​សិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Anucha បន្ថែមថា​៖ «​កងទ័ពជើងទឹក​ថៃ នឹង​ជជែក​ជាមួយ​ភាគី​លើ​ការពន្យារពេល​មួយឆ្នាំ​។​»
 
​ក្រោយ​មានការ​រិះគន់ កងទ័ពជើងទឹក​ថៃ ក៏​ចេញមុខ​ការពារ និង​បកស្រាយ​ការទិញ​នេះដែរ​។ ទ័ពជើងទឹក​ថៃ​អះអាងថា លុយ​ដែល​ត្រូវ​ចំណាយ​លើ​ការទិញ​នេះ ជាការ​ដកចេញ​កញ្ចប់​ថវិកា​របស់ខ្លួន​ប៉ុណ្ណោះ ស្របពេល​ប្រទេស​ក្នុង​តំបន់​មាន​វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ក៏មាន​នាវាមុជទឹក​ស្រាប់​ហើយ​នោះ​។ ម្យ៉ាង ការទិញ​នេះ ក៏​ជា​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ស្រាប់​ដែរ ខណៈដែល​ការបញ្ជាទិញ​នាវាមុជទឹក​មួយគ្រឿង​ដំបូង នឹង​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​
 
​ដោយសារ​ជំងឺ COVID-19 សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ វិស័យ​ទេសចរណ៍​ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​វិស័យ​ផលិត​ទំនិញ​នាំចេញ រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​។ លោក Anucha អះអាងថា លោក ប្រា​យុទ្ធ ផ្ដល់​អាទិភាព​មុន​ដល់​ការដោះស្រាយ​ក្ដីបារម្ភ​របស់​ប្រជាជន​ថៃ​៕
 
 

Tag:
 ថៃ​
  នាវាមុជទឹក​
  ចិន​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com