ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​ជាមួយ​វៀតណាម ក្រោម​ស្មារតី «​អ្នកជិតខាង​ល្អ​»
01, Sep 2020 , 5:03 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា ចាប់ដៃស្វាគមន៍លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែល លោក ង្វៀន ភូជុង មកទស្សនកិច្ចនៅកម្ពុជា (រូបពី AFP)
សម្តេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា ចាប់ដៃស្វាគមន៍លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែល លោក ង្វៀន ភូជុង មកទស្សនកិច្ចនៅកម្ពុជា (រូបពី AFP)
​​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ជូនទៅ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដើម្បី​អបអរសាទរ​ខួប​៧៥​ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​វៀតណាម នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥​។



តាមរយៈ​លិខិត ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា សាទរ​បក្សកុម្មុយនិស្ត រដ្ឋាភិបាល និង ប្រជាជន​វៀតណាម ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​បានសម្រេច​កន្លងមក​។

គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ជឿជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ភ្លឺស្វាង​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែលមាន​លោក លោក ង្វៀន ភូ​ជុង ជា​អគ្គលេខាធិការ ប្រជាជន​វៀតណាម នឹង​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។ ​

ជាមួយគ្នានេះ គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ក៏បាន​រំលេច​ឡើង​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​វៀតណាម​ដែរ​។ គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី និង កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​បក្ស រដ្ឋាភិបាល និង ប្រជាជ​នៃ​ប្រទេស​ទាំងពីរ​។ 

លើសពីនេះ បក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម «​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​» ក្រោម​ពាក្យស្លោក «​អ្នកភូមិផង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រឹងមាំ និង យូរអង្វែង​»​។ 

ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា រួមទាំង​មេដឹកនាំ​ជាប់​ខ្ពស់​កម្ពុជា​ពីររូប​ទៀត គឺ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​ថ្វាយ​និង​ជូន​លិខិត​អបអរសាទរ​វៀតណាម​ដែរ ក្នុងឱកាស​រម្លឹក​ខួប​៧៥ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​វៀតណាម ដែល​នឹង​មកដល់​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០៕ 

Tag:
 កម្ពុជា​-​វៀតណាម​
  បក្ស​ប្រជាជន​កម្ពុជា​
  បក្ស​កុម្មុយនីស្ត​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com