ជាតិ
​​​ន​យោ​បាយ​ជាតិ​
៣ឆ្នាំ នៃការបាត់បង់សិទ្ធិសេរីភាពនយោបាយ លោក កឹម សុខា ស្នើឱ្យខ្មែរផ្សះផ្សាជាតិ និងទម្លាក់ការចោទប្រកាន់ខ្លួន
02, Sep 2020 , 9:16 am        
រូបភាព
ភ្នំពេញ៖ ៣ឆ្នាំហើយ ដែលលោក កឹម សុខា បាត់បង់សិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ក្រោយតុលាការចោទប្រកាន់ពីបទ«គប់គិតជាមួយបរទេស» និងរំលាយគណបក្សសង្គ្រោះជាតិ។ នៅឆ្នាំទី៣ នៃការបាត់បង់សិទ្ធិនយោបាយនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ ស្នើឱ្យទម្លាក់បទចោទ និងផ្ដល់សិទ្ធិនយោបាយខ្លួនវិញ។

 
«រហូតមកដល់ថ្ងៃនេះ អស់រយៈពេលបីឆ្នាំហើយ (០២/០៩/២០១៧-០២/០៩/២០២០) ដែលខ្ញុំបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា ដែលបានបន្ថែមថា ក្នុងស្ថានភាពដែលប្រឈមមុខនឹងជំងឺកូវីដ-១៩នេះ ប្រទេសជាតិត្រូវការបោះជំហានវិជ្ជមានទៅមុខ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាងការជាប់មន្ទិលសង្ស័យនៃភាពអវិជ្ជមានណាមួយ។
 
ក្នុងន័យនេះលោក កឹម សុខា ទំនងជាចង់សំដៅលើការចោទប្រកាន់ខ្លួន ។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួនថា៖«កាលៈទេសៈនេះ ខ្មែរគួរតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ហើយខ្ញុំគួរតែមានសិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង។ ជាពិសេសចូលរួមរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុត គឺ «ជីវភាពប្រជាពលរដ្ឋខ្មែរ» ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក»។
 
លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងដំណើរការក្តីជំនុំជម្រះនៅតុលាការនេះ បានអះអាងថា ខ្លួនមិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់នោះទេ ខណៈតុលាការហាក់គ្មានទឡ្ហីករណ៍គ្រប់គ្រាន់ ក្នុងការដាក់បន្ទុកខ្លួន។

«ឆ្លងតាមសវនាការនៅតុលាការកន្លងមក ខ្ញុំមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទខ្ញុំថា បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ ។ហើយក្នុងនោះ ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត ខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត»។ នេះជាការអះអាងរបស់លោក កឹម សុខា ដែលបានបន្ថែមថា មតិជាតិ មតិអន្តរជាតិ ជាពិសេសសមត្ថកិច្ច ថ្នាក់ដឹកនាំ ក៏ដូចជាចៅក្រមផងដែរ បានយល់និងទទួលស្គាល់ថា លោកមិនមានចេតនា ,មិនបានប្រព្រឹត្តិ និងមិនគាំទ្រនូវអំពើហិង្សាឡើយ។
 
ដោយសម្អាងលើហេតុផលទាំងនេះ ទើបអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ស្នើឱ្យតុលាការទម្លាក់ចោលបទប្រកាន់ខ្លួន ដើម្បីអាចឱ្យលោក មានលទ្ធភាពជួយដោះស្រាយបញ្ហាសង្គមជាតិដែរ។ លោក កឹម សុខា បានសរសេរដូច្នេះ៖ឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈ នៃស្ថានភាពបច្ចុប្បន្ននេះ និងទៅអនាគត»។
 
បច្ចុប្បនេះ ដំណើរការជំនុំជម្រះក្តីលោក កឹម សុខា ត្រូវបានផ្អាកមួយរយៈសិន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។សូមរំឭកថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោកលួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ៕
 

Tag:
 កឹម សុខា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com