ជាតិ
៨​ខែ ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង​៤៤​ម៉ឺន​តោន ភាគច្រើន​ទៅ​ចិន​
02, Sep 2020 , 9:59 pm        
រូបភាព
ដោយ:
​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ប្រមាណ ៤៤២ ២០៣​តោន បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ មាន​ប្រមាណ ៣៤២ ០៤៥​តោន​តោន​។ ទិសដៅ​នាំចេញ​មាន ៥៩​ប្រទេស ដែល​ប្រទេស​ចិន​ជា​ប្រទេស​ទី​១ ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ និង​បារាំង​ឈរ​លំដាប់​ទី​២​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម​ចេញផ្សាយ​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០​។​

 
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ប្រទេស​ចិន ជាទី​ផ្សារ​ធំជាងគេ​ទីមួយ ក្នុងការ​នាំចេញ​អង្ករ​ពី​កម្ពុជា ក្នុង​បរិមាណ​ជិត ១៦​ម៉ឺន​តោន​, លេខ​២​ប្រទេស​បារាំង​នាំចូល​ជាង ៥​ម៉ឺន​តោន​, លេខ​៣​ប្រទេស​ហ្គា​បុល ប្រមាណ ៣​ម៉ឺន​តោន​, លេខ​៤​ប្រទេស​ម៉ាឡេស៊ី  មាន​ប្រមាណ ២​ម៉ឺន​តោន​, លេខ​៥​ប្រទេស​អូស្ត្រាលី​មាន ២​ម៉ឺន​តោន​។ 
 
​បើតាម​របាយការណ៍​ក្រសួងកសិកម្ម​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ ៦០​ម៉ឺន​តោន​។ ក្រៅពី​អង្ករ កម្ពុជា​បាន​នាំចេញ​ដំណាំ​កសិផល ដូចជា ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ និង​ម្សៅដំឡូង ជិត​៣,២​លាន​តោន​, គ្រាប់ស្វាយចន្ទី ជាង​២០​ម៉ឺន​តោន​, គ្រាប់ពោត ជិត​១២​ម៉ឺន​តោន​, ចេក ជាង​១៥,៧​ម៉ឺន​តោន​, ស្វាយ ជិត​៦​ម៉ឺន​តោន​, ស​ណ្តែ​ង​សៀង ជាង​៥​ម៉ឺន​តោន  ម្រេច ជិត​៣៧០០​តោន​, បន្លែ​ជាង​១៧០​តោន និង​ដំណាំ​ផ្សេងៗ ជាង ២៧​ម៉ឺន​តោន​៕
 
 

Tag:
 ​អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com