អន្តរជាតិ
អាល្លឺម៉ង់ ថា មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Navalny ត្រូវ​ថ្នាំពុល​ប្រភេទ Novichok
03, Sep 2020 , 3:42 pm        
រូបភាព
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny (AFP)
មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny (AFP)
ដោយ:
​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បញ្ជាក់ថា មេដឹកនាំ​បក្សប្រឆាំង​រុស្ស៊ី លោក Alexei Navalny ត្រូវ​ថ្នាំពុល​ប្រភេទ Novichok ។ នេះ គឺជា​ថ្នាំពុល​ប្រភេទ​ដូចគ្នា​ដែល​ត្រូវបាន​ប្រើ​លើ​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal​។ ភ្លាមៗ ទីក្រុង បែរ​ឡាំង ទាមទារ​ចម្លើយ​ពី​រដ្ឋាភិបាល​រុស្ស៊ី​ពាក់ព័ន្ធ​រឿងនេះ​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២ ខែកញ្ញា អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក Steffen Siebert គូសបញ្ជាក់ថា ការធ្វើ​តេស្ត​របស់​កង​ទ័ព​អាល្លឺម៉ង់​លើ​លោក Navalny ដែល​កំពុង​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋធានី បែរ​ឡាំង បាន​ផ្ដល់នូវ​ភស្តុតាង​ច្បាស់​នៃ​ថ្នាំពុល​ប្រភេទ Novichok ។ 
 
​ថ្នាំពុល​ត្រកូល Novichok គឺជា​ថ្នាំពុល​កម្រិត​ថ្នាក់​យោធា ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល​សហភាព​សូ​វៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ហើយ​អាច​ប្រើ​ក្នុង​ទម្រង់​ជា​ម្សៅ រាវ ឬ​ចំហាយ​។ 
 
​ទាក់ទិន​នឹង​លទ្ធផល​នេះ អធិប​កា​រប​តី​អាល្លឺម៉ង់ អ្នកស្រី Angela Merkel និយាយថា ឥឡូវនេះ​វា​ជា​សំណួរ​ដែល​មានតែ​រដ្ឋាភិបាល​រុស្ស៊ី​អាច និង​ត្រូវ​ឆ្លើយ​ហើយ​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC អ្នកស្រី អះអាងថា​៖«​មាន​អ្នក​ព្យាយាម​បំបិទមាត់ [​លោក Navalny] ហើយ​តាងនាម​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ទាំងមូល ខ្ញុំ​ថ្កោលទោស​ធ្ងន់ធ្ងរ​ចំពោះ​រឿងនេះ​»​។​
 
​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក Heiko Maas លើកឡើងថា រដ្ឋាភិបាល​លោក​បាន​កោះហៅ​អគ្គរដ្ឋទូត​រុស្ស៊ី​ឲ្យ​ផ្ដល់​ចម្លើយ​ក្នុង​សំណុំ​រឿងនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន តាមរយៈ​បណ្ដាញ​សង្គម Twitter ក៏​បានចេញ​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដោយ​ប្រើ​ថ្នាំពុល Novichok ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ពន្យល់​អ្វីដែល​បានកើត​ឡើងលើ​លោក Navalny ។ 
 
​ដោយឡែក សហភាព​អឺរ៉ុប (EU) បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​មួយ​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​។ ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី ២ ខែកញ្ញា EU សង្កត់ធ្ងន់ថា បុគ្គល​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើ​លោក Navalny ត្រូវតែ​នាំខ្លួន​មក​កាត់ទោស​។ 
 
​លោក Navalny អាយុ​៤៤​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ឡើង​ជិះ​យន្តហោះ​មួយ​ក្នុង​តំបន់ Siberia ក្នុងប្រទេស​រុស្ស៊ី កាលពី​ខែ​មុន​។ អ្នកគាំទ្រ​លោក​សង្ស័យថា ទឹកតែ​ដែល​លោក​ផឹក​នៅមុន​ពេល​ឡើង​យន្តហោះ​មាន​ថ្នាំពុល​។ 
 
​ដំបូង​ឡើយ លោក​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់​នោះ មុនពេល​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Charite ក្នុង​ទីក្រុង​បែរ​ឡាំង​វិញ​។ មន្ទីរពេទ្យ​អាល្លឺម៉ង់​នេះ បាន​បញ្ជាក់ថា​កាលពី​សប្ដាហ៍​មុន​ថា សុខភាព​លោក Navalny បាន​ធូរស្រាល​ខ្លះ តែ​មិនទាន់​ដឹងខ្លួន​នៅឡើយ ហើយ​ត្រូវ​បន្ត​បំពាក់​ប្រដាប់​ជំនួយការ​ដកដង្ហើម​ដដែល​។ 
 
​លោក Navalny គឺជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់បាន​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ លោក​ថែមទាំង​ហៅ​បក្ស​កាន់អំណាច​រុស្ស៊ី​បច្ចុប្បន្ន​ថា​ជា​ចោរ​ដែល​កំពុង​ជញ្ជក់​ឈាម​រុស្ស៊ី​។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ប្រឆាំង​លោក ពូ​ទីន ក្នុងការ​បោះឆ្នោត​ផងដែរ​។ 
 
​ក្រៅពី​ករណី​លោក Navalny ក៏​ធ្លាប់មាន​ករណី​បំពុល​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ដូចគ្នា​កើតឡើង​ក្នុង​ចក្រភព​អង់គ្លេស​។ តួយ៉ាង ក្នុង​ឆ្នាំ​២០១៨ វិមាន​ក្រេ​ម​ឡាំង ក៏​ធ្លាប់​ត្រូវបាន​ចោទប្រកាន់ថា​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​កម្ម​លើ​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal ដោយ​ប្រើប្រាស់​ថ្នាំពុល​ប្រភេទ Novichok ៕ 
 

Tag:
 រុស្ស៊ី​
  អាល្លឺម៉ង់​
  Alexei Navalny
  Novichok
© រក្សាសិទ្ធិដោយ thmeythmey.com