អត្ថបទពាណិជ្ជកម្ម
មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ​របស់ Smart Axiata ដើម្បី​ប្រឆាំង​កូ​វីដ​-១៩ គាំទ្រ​ដល់​គម្រោង​ថ្មី​២​ផ្ដោតលើ​ផលិតកម្ម​ចំណីអាហារ និង​សេវា​សុខភាព​ផ្លូវចិត្ត​
03, Sep 2020 , 4:30 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ -  ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន​បានផ្ដល់​ជំនួយ​មូលនិធិ​បន្ថែមទៀត ពី​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន ដល់​គម្រោង​ចំនួន​ពីរ ក្នុង​គោលបំណង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ទប់ទល់ នឹង​ផលប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។  
​អង្គការ​វឌ្ឍនភាព​សហគមន៍ (Community Advancement Organization) ជា​អង្គការ​មួយ​ដែល​ជួយ​កសិករ​ចំនួន​ជាង ៤៥០ គ្រួសារ ឲ្យ​ត្រៀមខ្លួន​បន្ថែម​ក្នុង​របរ​កសិកម្ម  នៅក្នុង​ស្រុក​រំដួល ខេត្តស្វាយរៀង នឹង​បាន​ចូលក្នុង​បញ្ជី​ឈ្មោះ​ស្ថាប័ន  ដែល​ទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​មូលនិធិ ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Smart​។​
 
​ស្ថាប័ន​មួយទៀត​ដែល​ទទួលបាន​ជំនួយ​ពី​មូលនិធិ​នេះ​គឺ​អង្គការ ចិត្ត​សង្គម​អន្តរ​វប្បធម៌ (Transcultural Psychosocial Organization) ដែលមាន​បំណង​ផ្ដល់​សេវា​ប្រឹក្សា​ពិគ្រោះ​យោបល់​សុខភាព​ផ្លូវចិត្ត​ដល់​ក្រុម​ងាយ​រងគ្រោះ​នៅក្នុង ខេត្តបន្ទាយមានជ័យ​។ 
 
​ជាមួយនឹង​ការផ្ដល់​ជំនួយ​មូលនិធិ​ដល់​គម្រោង​ថ្មី​ចំនួន ២  បន្ថែមទៀត នៅពេលនេះ មូលនិធិ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់​ក្រុមហ៊ុន Smart បាន​កំពុង​ជួយ​គាំទ្រ​ដល់​គម្រោង​ចំនួន ១១ ផ្សេងៗ​គ្នា ដែល​គម្រោង​ទាំងនោះ​មាន​គោលដៅ​ជួយ​ទ្រទ្រង់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​អំឡុងពេល​នៃ​ស្ថានភាព​លំបាក​នេះ​។ 
 
​លោក ឥន ផាន្នី គ្រូ​កសិកម្ម​នៃ អង្គការ​វឌ្ឍនភាព​សហគមន៍ ដែល​បណ្ដុះបណ្ដាល​កសិក​រ​នៅក្នុង​ខេត្តស្វាយរៀង និង​ជួយ​បង្កើន​ជំនាញ​ដល់​កសិករ​ទាំងនោះ បាន​មានប្រសាសន៍ថា​៖ «​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លា ដើម្បី​ប្រឆាំង​កូ​វីដ​-១៩ របស់ ក្រុមហ៊ុន Smart Axiata   កំពុង​ជួយផ្ដល់​ឱកាស​សេដ្ឋកិច្ច​ដល់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​តាម​ទីជនបទ ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​បាត់បង់​ការងារ ដោយសារតែ​វីរុស​កូ​វីដ​-១៩​។ មូលនិធិ​នេះ​មិន​ត្រឹមតែ​ផ្ដល់​លទ្ធភាព​ដល់​ក្រុមគ្រួសារ​ទាំងនោះ​ឲ្យ​អាច​ផលិត​ចំណីអាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទ្រទ្រង់​ដល់​ប្រាក់ចំណូល​គ្រួសារ​របស់គេ​ផងដែរ​»​។ 
 
​អង្គការ​វឌ្ឍនភាព​សហគមន៍ ក៏​ផ្ដល់​ជា​ពូជ​ដំណាំ និង​សត្វ​ចិញ្ចឹម​យក​សាច់ ដើម្បី​ជួយ​កសិករ​បង្កើន​ទិន្នផល​ផលិតកម្ម​របស់ខ្លួន​ផងដែរ​។ 
 
​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ បាន​មានប្រសាសន៍ថា​៖ «​ជំងឺ​កូ​វីដ​-១៩ គឺជា​ករណី​ដែល​អាច​ប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាងខ្លាំង​។ ជំងឺ​នេះ​ប៉ះពាល់​មកលើ​មនុស្ស​គ្រប់គ្នា​នៅលើ​ភពផែនដី ដោយ​ពុំ​គិតពី​ភេទ ជាតិ​សាសន៍ ឬ​សាសនា​ឡើយ​។ ជំងឺ​រាតត្បាត​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច ភាពមិនច្បាស់លាស់ និង​ទុក្ខព្រួយ​សម្រាប់​មនុស្ស​ជាច្រើន មិន​ថា​ក្នុង​លក្ខណៈ​ណា​នោះទេ​។ លោក​បាន​បន្ថែមទៀតថា សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ ក្ដីបារម្ភ និង​ទុក្ខព្រួយ​បែបនេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​បាន​»​។


 
​វេជ្ជបណ្ឌិត សុធា​រ៉ា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​នៅពេល​យើង​ប្រឈម​ជាមួយ​ស្ថាន​ភាពលំបាក​ដូច្នេះ មិនមែន​មានតែ​សុខភាព​ផ្លូវកាយ​តែមួយ​មុខ​ទេ ដែល​យើង​ចាំបាច់​ត្រូវតែ​បារម្ភ​នោះ​។ យើង​ក៏​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​របស់​យើង និង​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ​បំផុត​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា សុខភាព​ផ្លូវចិត្ត​របស់​អ្នក​កាន់​តែមាន​សភាព​តានតឹង ហើយ​អ្នក​លែង​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​បែប​នោះ​ទៀត​បាន ដូច្នេះ សូមមេត្តា​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​។ ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Smart យើង​រំពឹងថា  នឹង​អាច​ពង្រីក​សេវា​ពិគ្រោះ​យោបល់ និង​សេវា​ដំបូន្មាន​សុខភាព​ផ្លូវចិត្ត​បន្ថែមទៀត​នៅតាម​សហគមន៍​ដែល​ងាយ​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​»​។ 
 
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា​៖ «​យើង​ពិត​ជាមាន​មោទនភាព ដែលមាន​ឱកាស​បាន​ជួយ​គាំទ្រ​ដល់​គម្រោង​សំខាន់ៗ​បែបនេះ​។ វិស័យ​កសិកម្ម​ជា​ឆ្អឹងខ្នង​របស់​សេដ្ឋកិច្ច កម្ពុជា ដូច្នេះ​ការផ្ដល់​ជំនាញ​ថ្មីៗ​ដល់​កសិករ​គឺជា​រឿង​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​វិស័យនេះ​។ វិបត្តិ​សុខភាព​សាធារណៈ​ជាស​កល​នាពេលនេះ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​សោះ​នោះ កំពុង​បង្ក​ឲ្យ​មាន​ភាព​តានតឹង និង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​មនុស្ស​ជាច្រើន ដូច្នេះ​វារឹតតែ​សំខាន់​ថែមទៀត ដែល​មូលនិធិ​របស់​ក្រុមហ៊ុន Smart ផ្ដល់ជំនួយ​ទៅ​ឲ្យ​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត ដែល​អាច​ត្រូវបាន​គេ​មើលរំលង​ថា បើ​គ្មាន​សេវា​នេះ​ទេ នោះ​នឹងមាន​ផលវិបាក​គ្រោះថ្នាក់​ពិតប្រាកដ​ដោយសារតែ​វិបត្តិ​សកល​យ៉ាង​ធំធេង​នាពេលនេះ​»​។ 




 
​ការផ្ដល់​មូលនិធិ​ជំនួយ​ដល់​គម្រោង​ថ្មី​ពីរ​នេះ ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មការ​វាយតម្លៃ ដែលមាន​សមាស​ភាពជា ភាគី​ពាក់ព័ន្ធ​ចម្រុះ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​តំណាង​ឯករាជ្យ​មកពី​កម្ពុជា ហើយ​ការអនុម័ត​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​គណៈកម្មការ​ផ្ទៃក្នុង​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លា​សម្រាប់​ប្រឆាំង​កូ​វីដ​-១៩ របស់ ក្រុមហ៊ុន Smart Axiata  សូម​តាមដាន​លើ​ទំព័រ Facebook  របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com