អត្ថបទពាណិជ្ជកម្ម
និស្សិត​ខ្មែរ ១​រូប និង​និស្សិត​អាស៊ាន ១៥​រូប​ទៀត ប្រជែង​បាន​អាហារូបករណ៍​ល្បីឈ្មោះ ថ្នាក់​តំបន់​
03, Sep 2020 , 4:40 pm        
រូបភាព
​​ភ្នំពេញ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០៖ កម្មវិធី​អាហារូបករណ៍​តំបន់​អាស៊ាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឆ្នាំ​២០២០ បានប្រកាស​ឈ្មោះ​និស្សិត​ជ័យលាភី​ចំនួន ១៦​រូប ដែល​បាន​អាហារូបករណ៍​១០០% ពី​កម្មវិធី​របស់ខ្លួន ដើម្បី​បន្ត​ការសិក្សា​នៅតាម​បណ្តា​សាកល​វិទ្យា​ល្បីៗ​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន និង​នៅ​ទូទាំង​ពិភពលោក​។ ជ័យលាភី​ទាំង​១៦​រូបនេះ គឺ​ត្រូវបាន​ជម្រុះ​ចេញពី​ក្នុងចំណោម​បេក្ខជន​ជិត ១​ម៉ឺន​នាក់ មកពី​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ ហ្វីលីពីន​ និង​វៀតណាម ដែល​បានដាក់​ពាក្យស្នើសុំ និង​ប្រកួតប្រជែង​។
 
 បើតាម​កម្មវិធី​អាហារូបករណ៍​តំបន់​អាស៊ាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឆ្នាំ​២០២០ និស្សិត​ជ័យលាភី​អា​រូបករណ៍​លំដាប់​អន្តរជាតិ​នេះ បានជ្រើសរើស​សាកលវិទ្យាល័យ​ល្បីឈ្មោះ​នានា ទាំង​នៅក្នុង​តំបន់​អាស៊ាន និង​ជុំវិញ​ពិភពលោក រួមមាន​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ជាដើម សម្រាប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់ខ្លួន​។​


 
​ក្នុងចំណោម​និស្សិត​ជ័យលាភី​ទាំងអស់ ក៏មាន​និស្សិត​ខ្មែរ​ដ៏​ឆ្នើម​មួយរូប​ផងដែរ ដែល​ទទួលបាន​អាហារូបករណ៍​ថ្នាក់​តំបន់​នេះ​។ ក្រៅពី​មាន​ប្រវត្តិ​សិក្សា​ពូកែ ជាមួយនឹង​និទ្ទេស​ថ្នាក់​ទុតិយភូមិ លំដាប់ A និង​ពិន្ទុ ៩៩,៨៩ យុវតី ងួន លីន​ដា ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ទៀតផង ក្នុងចំណោម​និស្សិត​អាស៊ាន ទាំង​៣១​រូប ក្នុង​កិច្ច​សម្ភាស​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គណៈកម្មាធិការ និង​គណៈ​គ្រប់គ្រង របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប​។ ក្រោយ​ទទួលបាន​ជ័យលាភី​អាហារូបករណ៍​ថ្នាក់​តំបន់​នេះ យុវតី លីន​ដា បានសម្រេច​ជ្រើសរើស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ វិស្វកម្មជីវ​សាស្ត្រ នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​។​
 
​ដោយសារ​ជា​កូនស្រី​ទោល​ក្នុង​គ្រួសារ និង​មានបំណង​លើកកម្ពស់​វិស័យ​អប់រំ​របស់​ជាតិ យុវតី លីន​ដា ពេញចិត្ត​ជ្រើសរើស​សិក្សា​នៅក្នុង​ប្រទេស សម្រាប់​កម្មវិធី​អាហារូបករណ៍​តំបន់​អាស៊ាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឆ្នាំ​២០២០​។ ជាមួយគ្នានេះ យុវតី​ឆ្នើម​រូបនេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​ប្រជែង​បាន​អាហារូបករណ៍​ថ្នាក់​តំបន់​នេះ ក្នុងចំណោម​និស្សិត មកពី​ទូទាំង​តំបន់​អាស៊ាន​។ តាមរយៈ​អាហារូបករណ៍​នេះ ខ្ញុំ​អាច​សម្រេច​ក្តី​ស្រមៃ​របស់ខ្ញុំ ក្នុងការ​សិក្សា​មុខជំនាញ និង​ជ្រើសរើស​សាកលវិទ្យាល័យ ដែល​ខ្ញុំ​ស្រឡាញ់ រួមទាំង​ទទួលបាន​ការ​រ៉ាប់រង​ថ្លៃ​ចំណាយ​ផ្សេងៗ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី និង ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានរៀបចំ​កម្មវិធី​អាហារូបករណ៍​នេះ​ឡើង​»​។​


 
​ដើម្បី​ប្រជែង​យក​អាហារូបករណ៍​តំបន់​អាស៊ាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី និស្សិត​ជ័យលាភី ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជ្រើសរើស និង​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ ពី​គណៈកម្មាធិការ និង​គណៈ​គ្រប់គ្រង ទាំង​ក្នុងស្រុក និង​ថ្នាក់​តំបន់ របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ផ្អែកលើ​ការធ្វើ​តេស្ត​អន​ឡាញ ការសម្ភាស​ពីរ​ដំណាក់កាល និង​កម្មសិក្សា​បោះជំរំ​ជាដើម​។ អាហារូបករណ៍​ថ្នាក់​តំបន់​នេះ ឧបត្ថម្ភ​លើ​ថ្លៃ​សិក្សា​ពេញលេញ និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទាំងស្រុង សម្រាប់​មួយ​ចប់​ថ្នាក់​បរិញ្ញាបត្រ របស់​និស្សិត​ជ័យលាភី ដែល​ពួកគេ​អាច​ជ្រើសរើស​សាកលវិទ្យាល័យ​ល្បីឈ្មោះ​ណាក៏ដោយ ទាំង​នៅក្នុង​ស្រុក ក្នុង​តំបន់​អាស៊ាន និង​ជុំវិញ​ពិភពលោក​។​
 
​លោកស្រី អ៊ុំ ចិន្តា​ភក្តី នាយក​ធនធាន​សាជីវកម្ម របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​មានប្រសាសន៍ថា​៖ «​ស្របតាម​ទស្សនវិស័យ និង​ការប្តេជ្ញាចិត្ត​របស់ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត ដល់​និស្សិត​ខ្មែរ​ទាំងអស់ ឲ្យ​ដាក់ពាក្យ​ស្នើសុំ និង​ប្រកួតប្រជែង ក្នុង​កម្មវិធី​អាហារូបករណ៍​ថ្នាក់​តំបន់​នេះ ជាមួយ​និស្សិត​អាស៊ាន​ដទៃទៀត ជា​រៀងរាល់ឆ្នាំ​។ ហើយ​ឆ្នាំនេះ គឺជា​កិត្តិយស​របស់​ធនាគារ និង​ប្រទេស​យើង​ទាំងមូល ដែលមាន​និស្សិត​ខ្មែរ​យើង​មួយរូប​ទៀត ប្រជែង​បាន​អាហារូបករណ៍​នេះ ជាមួយនឹង​ពិន្ទុ​ខ្ពស់​ដាច់​គេ​។ ខ្ញុំ​សូម​ជូនពរ ដល់​និស្សិត​ឆ្នើម​ទាំងអស់ ដែល​ទទួលបាន​អាហារូបករណ៍​នេះ បន្ត​ជោគជ័យ​លើ​ការសិក្សា និង​អាជីព​ការងារ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គមជាតិ នាពេល​អនាគត​»​។​
 
​គួរ​រំលឹក​ផងដែរ​ថា មាន​និស្សិត​ខ្មែរ​ឆ្នើម ចំនួន ២​រូប មកហើយ ដែល​ប្រជែង​ឈ្នះ​ជ័យលាភី​អាហារូបករណ៍​នេះ ដោយ​និស្សិត​មួយរូប កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ McGil ប្រទេស​កាណាដា និង​និស្សិត​មួយរូប​ទៀត នឹងសិក្សា​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ប្រទេស​កម្ពុជា នាពេល​ឆាប់ៗ​នេះ​។ អត្ថប្រយោជន៍​ដ៏​សំខាន់​មួយទៀត សម្រាប់​និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំងអស់ គឺ​ឱកាស​ទទួលបាន​ការងា​រ ក្នុងចំណោម​ប្រទេស​ទាំង ១៦ ដែលមាន​សាខា​របស់ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com