ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ហេតុអ្វី​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ គ្រោះថ្នាក់​ចំពោះ​អ្នក​?
04, Sep 2020 , 6:59 pm        
រូបភាព
​ដឹង​ទេ​ក្រៅពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ហើយ​នោះ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​ផ្សេងទៀត​។ ថា​តើ​ផលប៉ះពាល់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រោះថ្នាក់​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ៖

 
១. វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​
 
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក៏​ជា​អ្វីមួយ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ស​សៃ​ឈាម​អាច​នឹងត្រូវ​បំផ្លាញ​ដោយសារ​ការឡើង​ខ្ពស់​នៃ​កម្រិត​ជាតិ​ស្ករ​។ ជា​លទ្ធផល​វា​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឈាម​អុកស៊ីសែន​ទៅកាន់​តែ​សាច់ដុំ​បេះដូង​និង​ជាលិកា​ខួរក្បាល​។​
 
២. អស់កម្លាំង​
 
​អ្នក​អាច​នឹងមាន​អារម្មណ៍​អស់កម្លាំង​សឹង​គ្រប់ពេល​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ នេះ​ក៏​ព្រោះតែ​កោសិកា​មិន​ទទួលបាន​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​ទោះបី​វា​មាន​ច្រើន​ក្នុង​លំហូរ​ឈាម​ក៏ដោយ​។ ហើយ​ថាមពល​ដែល​រាងកាយ​ទទួលបាន​មកពី​ជាតិ​ផ្អែម គឺ​មិនមាន​រយៈពេល​យូរ​ឡើយ​។ ម្យ៉ាងវិញទៀត​នោះ គឺ​បេះដូង​ត្រូវ​ធ្វើការ​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​សម្រួល​ចរន្តឈាម​ដែល​ខាប់​ពេញ​ដោយ​ជាតិ​ស្ករ​។ អ្នក​ក៏​អស់កម្លាំង​ព្រោះ​មិនអាច​គេង​បាន​ស្កប់​គ្រប់គ្រាន់​ដោយសារ​ឈឺ​នោម​ញឹក​និង​ស្រេកទឹក​ពេល​គេង​ដែលជា​រោគសញ្ញា​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
៣. ស្រក​ទម្ងន់​ខុស​ប្រក្រតី​
 
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បណ្ដាលឱ្យ​ស្រក​ទម្ងន់​ខ្លាំង​ភ្លាមៗ​ខុស​ប្រក្រតី​។ បញ្ហា​នេះ​កើតឡើង​ដោយ​សរ​កោសិកា​រាងកាយ​មិន​ទទួលបាន​ជាតិ​គ្លុយកូស​ដែល​ត្រូវការ ដូច្នេះ​រាងកាយ​ដុតបំផ្លាញ​សាច់ដុំ​និង​ជាតិ​ខ្លាញ់​សម្រាប់​ប្រើ​ជា​ថាមពលជំនួស​វិញ​។​
 
៤. សុខភាព​ភ្នែក​ចុះខ្សោយ​មើល​លែង​សូវ​ច្បាស់​
 
​រ៉េ​ទីន​ភ្នែក​ជា​អ្វីដែល​ជួយ​ឱ្យ​អ្នក​មើលឃើញ​។ ហើយ​វា​ត្រូវការ​ឈាម​ដែលមាន​ផ្ទុក​សម្បូរ​ដោយ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ដើម្បី​អាច​រក្សា​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ ប៉ុន្តែ​ស​សៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ទៅកាន់​រ៉េ​ទីន​អាច​ត្រូវ​ទទួលរង​ការបំផ្លាញ ឬ​ខូចខាត​ដោយសារ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ជា​លទ្ធផល​សុខភាព​ភ្នែក​ថយចុះ​មើលឃើញ​លែង​សូវ​ច្បាស់​។​
 
៥. ខ្សោយតម្រងនោម​
 
​មួយ​ក្នុងចំណោម​មុខងារ​ច្រើន​ផ្សេងទៀត​នៃ​តម្រងនោម គឺ​កម្ចាត់​កាកសំណល់​និង​ជាតិពុល​ពី​ក្នុង​ឈាម​។ ប្រសិនបើ​ឈាមមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ច្រើនពេក​សឹង​គ្រប់ពេល នោះ​តម្រងនោម​ត្រូវ​ទទួលបន្ទុក​ខ្លាំង​ជាង​ធម្មតា​។ ជា​លទ្ធផល​ហានិភ័យ​នៃ​បញ្ហា​ខ្សោយតម្រងនោម​នឹង​កើតមានឡើង​។​
 
៦. ខូច​ស​សៃ​ប្រសាទ​
 
​មួយ​ក្នុងចំណោម​បញ្ហា​គួរឱ្យ​បារម្ភ​ផ្សេងទៀត​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ គឺ​ស​សៃ​ប្រសាទ​ទទួលរង​ការខូចខាត​។ ដូច្នេះ​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ក្រហាយ ឬ​ស្ពឹក​ឈឺ​ឆៀបៗ​ត្រង់​ប្រអប់ដៃ ដើមដៃ ជើង និង​ប្រអប់ជើង​ជាដើម​។​
 
​សម្គាល់​! ក្រៅពី​ការទទួល​ទាន​របប​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ហើយ​នោះ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ក៏​អាច​បណ្ដាលមកពី ៖
១. ស្ត្រេ​ស​
 
​ភាព​ស្ត្រេ​ស​ខ្លាំង​សឹងតែ​រាល់ថ្ងៃ​អាចជា​មូលហេតុ​គួរឱ្យកត់សម្គាល់​មួយ​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពិបាក​គ្រប់គ្រង​។ បញ្ហា​នោះ គឺ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​បង្កើន​ចំណង់​អាហារ​អាច​បណ្ដាលឱ្យ​ឃ្លាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ខ្លាំង​។​
 
២. គេង​មិន​គ្រប់គ្រាន់​
 
​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ពិតជា​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល រួមទាំង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​។​
 
៣. ការ​ទទួលទាន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៤. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
៥. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​
 
​ការមិនធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​ក៏​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមបញ្ចូល​ទាំង​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ស្ត្រេ​ស​? យោងតាម មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​នៅលើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០ នាទី​រាល់​សប្តាហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​មិនគួរ​ផ្អាក ឬ​រំលង​លើសពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ​។​
 
៦. ជក់បារី​
 
​មិន​ត្រឹមតែ​ជះឥទ្ធិពល​ខ្លាំង​ដល់​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការជក់បារី​ក៏បង្ក​បញ្ហា​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​ពិសេស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នីកូទីន​ក្នុង​បារី​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com