COVID-19
អន្តរជាតិ
COVID-19 បង្ក​ភាពស្រពេចស្រពិល​ដល់​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា​
04, Sep 2020 , 9:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៣ ខែកញ្ញា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន ១១៦​ករណី និង​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា មាន ២២​ករណី​បន្ថែមទៀត​។ ការបន្ត​រកឃើញ​ករ​ណី​ឆ្លង​បែបនេះ កំពុង​បង្អាក់​នីតិវិធី​នៃ​ការបោះឆ្នោត ក៏ដូចជា​ធ្វើ​ឲ្យ​មាន​ភាពស្រពេចស្រពិល​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា​ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។

 
​ស្ថានភាព COVID-19 ហាក់​មិន​ថមថយ​ឡើយ​នៅ​មី​យ៉ាន់​ម៉ា ខណៈ​ថ្ងៃ​បោះឆ្នោត​ថ្នាក់ជាតិ​កៀក​ចូល​មកដល់​។ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា មី​យ៉ាន់​ម៉ា ប្រកាសថា​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថ្មី​ចំនួន ២២​ករណី​។ តួលេខ COVID-19 សរុប​របស់​មី​យ៉ាន់​ម៉ា​មាន​ចំនួន ១១៣៣​ករណី និង​អ្នកស្លាប់​ចំនួន ៧​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៥៩​នាក់​។ ករណី​ឆ្លង​នៅ​មី​យ៉ាន់​ម៉ា បាន​ហក់​ឡើង​ខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៦ ខែសីហា​កន្លងមក​។ 
 
​បញ្ហា COVID-19 កំពុង​បង្ក​ផលវិបាក​ដល់​នីតិវិធី​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ មកទល់ពេលនេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​របស់​មី​យ៉ាន់​ម៉ា (UEC) មិនទាន់​ប្រកាស​ថ្ងៃ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​សម្រាប់​គណបក្សនយោបាយ​នៅឡើយ​ទេ​។ តាមច្បាប់​មី​យ៉ាន់​ម៉ា យុទ្ធនាការ​បោះឆ្នោត ត្រូវធ្វើឡើង​ក្នុង​រយៈពេល ៦០​ថ្ងៃ មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​។  
 
​ចំណែក​ការបោះឆ្នោត​ថ្នាក់ជាតិ​វិញ មី​យ៉ាន់​ម៉ា អាច​នឹង​លើក​ពេល​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ទៅ​កាលបរិច្ឆេទ​ផ្សេង ប្រសិនបើ COVID-19 នៅតែ​អុកឡុក​ក្នុងប្រទេស​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ UEC លោក U Myint Naing នៅ​ថ្ងៃទី​៣ ខែកញ្ញា ព័ត៌មាន​ទាក់ទិន​នឹង​ការពន្យារពេល​បោះឆ្នោត មី​យ៉ាន់​ម៉ា នឹង​ប្រកាស​នៅ​ខែក្រោយ​។ 
 
«​យើង​នឹង​សម្រេច បន្ទាប់ពី​ពិនិត្យមើល​ស្ថាន​1​ភាព COVID-19 ក្នុង​ខែតុលា​»​។ អ្នកនាំពាក្យ UEC បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ គ្រោង​នឹង​បង្កើត​មណ្ឌលបោះឆ្នោត​ឲ្យ​ច្រើនជាង​មុន និង​កែប្រែ​គោលការណ៍​មួយចំនួន ដើម្បី​គោរព​តាម​វិធាន​បង្ការ COVID-19​។ 
 
​ក្នុងការ​កែប្រែ​នេះ លោក Myint Naing បានលើកឡើង​ពី​ចំណុច​មួយ​ថា ប្រជាជន ដែល​មកដល់​មណ្ឌលបោះឆ្នោត​នៅ​ម៉ោង​៤ ឬ​ផុត​ម៉ោង​៤ គឺ​មិន​បាត់បង់​សិទ្ធិ​បោះឆ្នោត​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy​។​
 
​សូមបញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ថ្នាក់​ឆ្នាំ​២០២០​នេះ UEC នឹង​ប្រកាស​ពី​តំបន់​មួយចំនួន ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ផងដែរ​ដោយសារ​ហេតុផល​ជម្លោះ​ប្រដាប់អាវុធ​។ តំបន់ ដែល​ហាមឃាត់​ការបោះឆ្នោត​អាចមាន រដ្ឋ​រ៉ា​ក់​ឃី​ន និង​រដ្ឋ​សាន ទី​ដែលមាន​ការប្រឈមមុខ​រវាង​ក្រុម​ប្រដាប់អាវុធ​ភាគតិច និង​យោធា​មី​យ៉ាន់​ម៉ា ជាដើម​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com