អន្តរជាតិ
អ្នកជំនាញUN៖ ច្បាប់សន្តិសុខហុងកុង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពមូលដ្ឋាន ប៉ូលិសហុងកុង មានវត្តមាននៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងហុងកុង នៅខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ AFP
× ច្បាប់សន្តិសុខជាតិហុងកុង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពនៅក្នុងទីក្រុងហុងកុង និងបំពានកាតព្វកិច្ចស្របច្បាប់អន្តរជាតិ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) លើបញ្ហាសិទ្ធិមនុស្ស បានព្រមានបែបនេះក្នុងលិខិតមួយច្បាប់។
ចាប់តាំងពីមុនចូលជាធរមាន រហូតដល់ក្រោយចូលជាធរមាននៃច្បាប់សន្តិសុខជាតិហុងកុង ចិនបានរងការរិះគន់យ៉ាងខ្លាំងជុំវិញការបំផ្លាញសិទ្ធិសេរីភាពនៅក្នុងដែនដីស្វយ័តហុងកុង។ អាមេរិក អាល្លឺម៉ង់ អង់គ្លេស និងបណ្តាប្រទេសមួយចំនួនទៀត សុទ្ធតែទាមទារឲ្យចិនលុបចោលច្បាប់ថ្មីនេះ។ យ៉ាងណាក៏ដោយ ចិន នៅតែការពារថាច្បាប់សន្តិសុខជាតិ គឺមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជនឡើយ ផ្ទុយទៅវិញវា គឺជាការពារសិទ្ធិ និងជាមូលដ្ឋានការពារស្ថិរភាពនៅក្នុងទីក្រុង។
បើទោះបីជាចិន និយាយអះអាងដូចខាងលើក្តី ប៉ុន្តែបណ្តាប្រទេសអឺរ៉ុប អាមេរិក និងអូស្ត្រាលីនៅតែមិនជឿដដែល។ ក្រៅពីប្រទេស អង្គការអន្តរជាតិ ក៏បានចេញមុខទាមទារឲ្យចិនពិនិត្យលើច្បាប់នេះសារជាថ្មីផងដែរ ដោយសំអាងថាវាអាចបំផ្លាញសិទ្ធិសេរីភាពមូលដ្ឋាន។ អ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សមួយក្រុម ក៏ចេញមុខរិះគន់ចិនដែរ។
ក្នុងលិខិតចេញផ្សាយជាសាធារណៈនៅថ្ងៃទី៤ ខែកញ្ញា ក្រុមជំនាញរបស់អង្គការសហប្រជាជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ច្បាប់សន្តិសុខជាតិ...បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសេរីភាពជាមូលដ្ឋាន និងការការពារសិទ្ធិស្របច្បាប់ប្រជាជន អាចត្រូវបានរំលោភបំពាន»។ ក្នុងន័យនេះ ច្បាប់សន្តិសុខជាតិ អាចបំផ្លាញសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងការជួបប្រជុំដោយសន្តិវិធីជាដើម។
មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិមួយនេះ ក៏បានជំរុញឲ្យចិនពិចារណាឡើងវិញលើច្បាប់សន្តិសុខជាតិ និងតែងតាំងអ្នកពិនិត្យឯករាជ្យមួយក្រុម ក្នុងការសិក្សាលើច្បាប់ថ្មីនេះ ដើម្បីធានាថា វាគោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងលិខិតដដែលនេះ អ្នករាយការណ៍ពិសេសមួយក្រុមនេះ ក៏បានលើកឡើងពីបញ្ហាបារម្ភត្រង់ការធ្វើបត្យាប័នពីហុងកុងទៅចិនដីគោក និងអត្ថន័យនៃពាក្យភេរវកម្មផងដែរ។ ត្រង់ការធ្វើបត្យាប័ន អង្គការសហប្រជាជាតិ បានព្រមានថា អាចធ្វើឲ្យប៉ះពាល់ដល់ការកាត់ក្តីដោយយុត្តិធម៌លើជនសង្ស័យ។ ឯអត្ថន័យនៃភេរវកម្មវិញ ច្បាប់សន្តិសុខជាតិបានឲ្យនិយមន័យ ដល់ការវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងមធ្យោបាយដឹកជញ្ជូនជាដើម ដែលន័យនេះ គឺលើសពីការឲ្យនិយមន័យរបស់ក្រុមប្រឹក្សាសន្តិសុខទៅទៀត ដែលផ្តោតត្រឹមការបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត និងប៉ះពាល់រាងកាយធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា ក្រោយពីច្បាប់សន្តិសុខជាតិចូលជាធរមាន អាជ្ញាធរបានចាប់ខ្លួនប្រជាជនជាច្រើន ប៉ុន្តែអ្នកខ្លះ ក៏ត្រូវបានដោះលែងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួន បានផ្អាកការធ្វើបត្យាប័នជាមួយហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិចូលជាធរមាន ក្នុងនោះមានដូចជាអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ អាល្លឺម៉ង់ កាណាដា និងអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com