ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ហើមពោះ​ក្រោយ​ញ៊ាំ​អាហារ​? កុំ​រំលង​អត្ថបទ​នេះ​
05, Sep 2020 , 6:59 pm        
រូបភាព
​ជាធម្មតា​ការ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ​រួច គឺជា​អាកា​រៈទូ​ទៅមួយ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ វា​កើតឡើង​នៅពេល​ជាតិ​ហ្គាស​កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​ដែល​បណ្ដាល​ឲ្យ​ប៉ោង​តឹង ឬ​ហើមពោះ​។ ទោះជា​យ៉ាងណា​មាន​កត្តា​ផ្សេងៗ​ច្រើនណាស់​ដែល​បង្កបញ្ហា​ហើមពោះ​រួមបញ្ចូល​ទាំង​ការ​ទទួលទាន​លឿន​ពេក ការនិយាយ​ខណៈពេល​ទ​ទួល​ទាន ហើយ​ពេលខ្លះ​ក៏​អាច​បណ្ដាលមកពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹង​ណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។ ប៉ុន្តែ​កុំ​បារម្ភ​!​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ស្កាត់​អាកា​រៈ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ ៖

 
១. កម្រិត​ការទទួល​ទាន​ជាតិ​ស​សៃ​
 
​ពិតណាស់​របប​អាហារ​មាន​ជាតិ​ស​សៃ​ខ្ពស់ គឺ​ល្អ​សម្រាប់​ទប់ស្កាត់​បញ្ហា​ទល់លាមក​និង​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។ ទោះជា​យ៉ាងណា​មនុស្ស​ចំនួន​បែរជា​ជួបប្រទះ​អាកា​រៈ​ហើមពោះ​ទៅវិញ​ក្រោយ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​ច្រើន​។ ប្រសិនបើ​អ្នកជា​ម្នាក់​ក្នុងចំណោម​នោះ ចូរ​ព្យាយាម​បន្ថយ​ការទទួល​ទាន​ជាតិ​ស​សៃ​ដើម្បី​ចៀសផុត​បញ្ហា​។​
 
២. កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​
 
​អ្នក​ក៏​ចាំបាច់​គួរ​កម្រិត​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់ សូម្បីតែ​ខ្លាញ់​ល្អ​មួយ​ក៏​អាច​បង្ក​អាកា​រៈ​ហើមពោះ​បាន​ផងដែរ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ហើមពោះ ចូរ​ជ្រើសរើស​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​បំផុត​។​
 
៣. ចៀសវាង​ភេសជ្ជៈ​កាបូ​ណាត​
 
​ជាតិ​ហ្គាស​ក្នុង​ភេសជ្ជៈ​កាបូ​ណាត​អាច​បណ្ដាលឱ្យ​អ្នក​ហើមពោះ​បាន​យ៉ាង​ងាយ​។ ដូច្នេះ​អ្នក​មិនគួរ​រួមបញ្ចូល​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ក្នុង​របប​អាហារ​ឡើយ​។​
 
៤. ទំពារ​អាហារ​យឺតៗ​
 
​មាន​មូលហេតុ​ពីរ​ដែល​បញ្ជាក់ថា ការទទួល​ទាន​អាហារ​លឿនៗ គឺ​មិនល្អ​សោះឡើយ​។ ទី ១ ការបរិភោគ​លឿន​ធ្វើឱ្យ​អ្នក​ទំពារ​អាហារ​មិនបាន​ល្អ ឬ​ច្រើន​គ្រប់គ្រាន់​ដែល​បង្កបញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ ទី ២ នោះ គឺ​វា​ធ្វើឱ្យ​អ្នក​លេប​ខ្យល់​ចូល​ពោះ​ដោយ​ចៃដន្យ​ច្រើនជាង​ធម្មតា​ជាហេតុ​បណ្ដាលឱ្យ​ងាយ​នឹង​ហើមពោះ​។​
 
៥. ចៀសវាង​ទទួលទាន​ទឹក​ច្រើន​ហួស​តម្រូវការ​
 
​អ្វី​ក៏ដោយ​ឱ្យតែ​ពេក គឺ​មិនល្អ​ឡើយ រួមបញ្ចូល​ទាំង​ការទទួល​ទាន​ទឹក​ផងដែរ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ច្រើន​កំឡុងពេល​អាហារ អាស៊ីត​ក្រពះ​ក្លាយជា​រាវ​ខ្លាំង ឬ​ត្រូវបាន​បន្សាប​ដែល​ធ្វើឱ្យ​អាហារ​មិនអាច​រំលាយ​បាន​ពេញលេញ​បង្ក​ជា​អាកា​រៈ​ហើមពោះ និង​ពិបាក​រំលាយ​អាហារ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ជៀសផុត​ពី​បញ្ហា​ហើមពោះ កុំ​ទទួលទាន​ទឹក​ច្រើនពេក​ក្នុងកំឡុងពេល ៣០ នាទី​មុន ឬ​ក្រោយ​អាហារ​។​
 
៦. ដើរ​បន្តិច​ក្រោយ​ទទួលទាន​អាហារ​រួច​
 
​ភ្លាមៗ​ក្រោយ​ទទួលទាន​អាហារ​អ្នក​មិនគួរ​គេង ឬ​អង្គុយ​នៅ​តុ​អាហារ​ឡើយ បើ​មិន​ដូច្នោះ​ទេ​ជាតិ​ហ្គាស​នឹងគាំង​ជាប់​ក្នុង​ពោះ​មិន​ខាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ក្រោយ​ទទួលទាន​អាហារ​រួច ចូរ​ក្រោក​ដើរ​បន្តិច​។ ការដើរ​ក៏​ជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​ដោះស្រាយ​បញ្ហា​ពិបាក​ភើ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com