ជាតិ
ពីនេះ ពីនោះ
តើ​អនាគត​ភូមិ​នេសាទ និង «​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ និង​វប្បធម៌ កំពង់​ភ្លុក​» នឹង​ទៅជា​យ៉ាងណា បើ​អស់​ព្រៃ​លិច​ទឹក​?
05, Sep 2020 , 9:29 pm        
រូបភាព
 រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ប្រែក្លាយ​ព្រៃ​លិច​ទឹក​ជាប់​មាត់បឹង​ទន្លេសាប ទៅជា​ដី​កសិកម្ម នៅក្នុង​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​បាគង ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
រូបភាព​ពីលើ​អាកាស​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ប្រែក្លាយ​ព្រៃ​លិច​ទឹក​ជាប់​មាត់បឹង​ទន្លេសាប ទៅជា​ដី​កសិកម្ម នៅក្នុង​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​បាគង ខេត្តសៀមរាប​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
 ​ផ្ទះ​ជើង​សសរ​ខ្ពស់ៗ ផុតពី​ដី ដែល​អ្នកភូមិ​សង់​ឡើង​ដើម្បី​សម្រប​ទៅនឹង​ស្ថានភាព​ទឹកជំនន់​ជាប្រចាំ​ឆ្នាំ​ក្នុង​រដូវវស្សា ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ក្នុង​តំបន់ គឺជា​សក្តានុពល​ទេសចរណ៍​ដ៏​សំខាន់ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទៅ​លំហែរ​កម្សាន្ត​នៅ​ទីនោះ​។

 

 ​រូបភាព​ពីលើ​អាកាស​នេះ គឺ​បង្ហាញ​ពី​ភូមិ​អ្នកនេសាទ និង​អតីត​ដីព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​រាប់សិប​ហិកតា ដែល​ត្រូវបាន​ប្រែក្លាយ​ទៅជា​ដី​កសិកម្ម ស្ថិតនៅ​ក្នុងភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​បាគង ខេត្តសៀមរាប​។ តំបន់​នេះ ត្រូវបាន​គេ​ស្គាល់​ជា​ទួទៅ​ថា​៖ «​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ និង​វប្បធម៌ កំពង់​ភ្លុក​»​។ 
 
 


​ផ្ទះ​ជើង​សសរ​ខ្ពស់ៗ ដែល​អ្នកភូមិ​សង់​ឡើង​ដើម្បី​សម្រប​ទៅនឹង​ស្ថានភាព​ទឹកជំនន់​ជាប្រចាំ​ឆ្នាំ ក្នុង​រដូវវស្សា​។ រូបភាព​៖ ឈុត ឈា​ណា​
 
​ដើមឡើយ អ្នកភូមិ​នេះ ពឹងផ្អែក​ស្ទើរ​ទាំងស្រុង លើ​របប​នេសាទ​ត្រី​ក្នុង​បឹង​ទន្លេសាប​។ ប៉ុន្តែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ផល​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប ធ្លាក់ចុះ​ជា​លំដាប់​។ ការប្រែប្រួល​របប​ទឹក​ពី​ទន្លេមេគង្គ ការបាត់បង់​ទីជម្រក​ពង​-​កូន និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ផ្សេងៗ អាចជា​កត្តា​ចម្បង​នៃ​ការធ្លាក់ចុះ​នេះ​។ អ្នកភូមិ​ភាគច្រើន បាត់បង់​ចំណូល​ប្រចាំថ្ងៃ​ពី​ការនេសាទ​ត្រី ហើយក៏​ផ្លាស់ប្តូរ​មុខរបរ​ជា​អ្នក​ដឹក​ភ្ញៀវទេសចរ​ដោយ​ទូក ជិះ​កម្សាន្ត​តាម​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​វិញ​។ 
 
​ប៉ុន្តែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា ត្រូវបាន​អ្នកភូមិ​កាប់ និង​ដុតបំផ្លាញ ក្នុង​រដូវប្រាំង ដើម្បី​ប្រែ​ក្លាយទៅជា​ដី​កសិកម្ម​វិញ​។ ថ្ងៃ​អនាគត តើ​ភូមិ​នេសាទ និង «​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ និង​វប្បធម៌ កំពង់​ភ្លុក​» មួយ​នេះ នឹង​ទៅជា​យ៉ាងណា បើ​អស់​ព្រៃ​លិច​ទឹក​? សូមជួយ​ចែករំលែក​រូបភាព និង​អត្ថបទ ដើម្បី​ជួយ​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ព្រៃ​លិច​ទឹក​៕

© រក្សាសិទ្ធិដោយ thmeythmey.com