ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង៣៨ហិកតាទៀត ឲ្យទៅស្ថាប័នរដ្ឋ៤ និងឯកជន១
05, Sep 2020 , 4:48 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល សម្រេចកាត់ផ្ទៃបឹងតាមោកជាង៣៨ហិកតាទៀត ឲ្យក្រសួង-ស្ថាប័នរដ្ឋចំនួន៤ សម្រាប់សាងសង់ទីស្នាក់ការថ្មី និងវិស័យឯកជន១ សម្រាប់កាន់កាប់ជាកម្មសិទ្ធិ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសេចក្តីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះនៅថ្ងៃតែមួយ គឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។



អនុក្រឹត្យ បង្ហាញថា ផ្ទៃបឹងតាមោក១៥ហិកតា ត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្រាប់សង់ទីស្នាក់ការថ្មីនៃស្ថាប័នទាំង៣នេះ។ ប៉ុន្តែ អនុក្រឹត្យនេះ មិនបានបញ្ជាក់លម្អិតឡើយថា ស្ថាប័ននីមួយៗទទួលបានទំហំផ្ទៃបឹងប៉ុន្មាន ក្នុងចំណោមផ្ទៃបឹងទាំង១៥ហិកតានោះ។

ដោយឡែក សជណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ផ្ទៃបឹងតាមោក១៥ហិកតាទៀត ត្រូវបានរដ្ឋាភិបាល យល់ព្រមផ្តល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្តីការថ្មីនៃក្រសួងនេះ។ លើសពីនេះ សជណ ថែមទាំងបញ្ជាក់ទៀតថា រដ្ឋាភិបាល ក៏បានកាត់ផ្ទៃបឹងតាមោកជាង៨ហិកតា (៨០,២៣៦ម៉ែត្រការ៉េ) ឲ្យលោក សេង វុទ្ធី ធ្វើជាកម្មសិទ្ធិផងដែរ (ផ្នែកឯកជន)។

ទីស្តីការគណៈរដ្ឋមន្រ្តី អះអាងក្នុងសជណថា ការផ្តល់ផ្ទៃបឹងតាមោក១៥ហិកតាទៅឲ្យក្រសួងអភិវឌ្ឍន៍ជនបទ និងជាង៨ហិកតា ទៅឲ្យលោក សេង វុទ្ធី គឺធ្វើឡើយដោយមានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី។

វាជាលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាកាត់ផ្ទៃបឹងតាមោកឲ្យក្រសួង-ស្ថាប័នរដ្ឋ និងឯកជន។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ផ្ទៃបឹងតាមោក៣០០ហិកតា ឲ្យក្រសួងការពារជាតិ ដើម្បីចាត់ចែង រៀបចំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញសជណសម្រេចថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញសជណ២ ដាច់ដោយឡែកពីគ្នា គឺ សជណ១ សម្រេចថា រដ្ឋាភិបាល យល់ព្រមផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ និងសជណ១ទៀត សម្រេចថា រដ្ឋាភិបាល ផ្តល់ផ្ទៃបឹងតាមោក៨ហិក ទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានានៃនាយកដ្ឋាននេះ។

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសជណសម្រេចថា រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។

បឹងតាមោកឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យោងតាមសជណពីទីស្តីការគណៈរដ្ឋមន្រ្តី និងអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលដែលចេញជាបន្តបន្ទាប់ មកដល់នាពេលនេះ ផ្ទៃបឹងតាមោក ត្រូវបានកាត់៥លើកហើយ ដែលសរុបមានជាង៤៦៨ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍឬការកសាងសំណង់ណាមួយ លើផ្ទៃបឹងតាមោក ដែលត្រូវបានកាត់នោះ មិនទាន់លេចជារូបរាងនៅឡើយទេ។

របាយការណ៍ពីសមាគមធាងត្នោត ដែលចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សរសេរថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅឋាន៕

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com