ជាតិ
សហគមន៍​ចាប៉ី​អមតៈ បង្កើត​កម្មវិធី​រំឭក​គុណគ្រូ ដើម្បី​បញ្ជូន​កុសល​ដល់​បុព្វការី​ជន​ចាប៉ី​ដងវែង​
07, Sep 2020 , 8:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

​ក្រុម​សហគមន៍​ចាប៉ី​អមតៈ និង​អ្នក​ស្រលាញ់​ចាប៉ី បានរៀបចំ​កម្ម​វី​ធី​រំឭក​គុណគ្រូ និង​បង្សុកូល​ជូន​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​គ្រប់​ជំនាន់​នៅ​វត្ត​នាគ​វន្ត កាលពី​ថ្ងៃទី​៣ កញ្ញា ។ ក្រៅពី​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​បុព្វការី​ចាប៉ី​នេះ ក៏មាន​ការបង្ហាញ​សម្លៀកបំពាក់​បែប​ប្រពៃណី និង​ការសម្ដែង​ចាប៉ី​ដោយផ្ទាល់​ទី​កាន់​សាធារណៈជន​ផងដែរ​។​




លោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ

​ប្រធាន​សហគមន៍​ចាប៉ី​អមតៈ លោក ពេ​ជ សា​រ៉ា​ត ថា ការរៀបចំ​កម្មវិធី​នេះ ក្នុង​គោលបំណង​ឱ្យ​អ្នក​ចាប៉ី​ទាំងអស់​បានមក​ជួបជុំ​ធ្វើបុណ្យ​រួមគ្នា ដើម្បី​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​ចាប៉ីដងវែង​គ្រប់​ជំនាន់​ដែល​លោក​បាន​ចែក​ឋាន​ទៅ  និង​ឆ្លៀតឱកាស​ឱ្យ​អ្នក​ចាប៉ី​គ្រប់រូប​បានបង្ហាញ​ពី​ការ​ស្លៀកពាក់​បែប​បុរាណ និង​សំដែង​ចាប៉ីដងវែង ជូន​សាធារណៈ​មក​ចូលរួម​ក្នុង​កម្មវិធី​ដាក់​បិណ្ឌ​ផង ។ « ការសម្ដែង​ចាប៉ី​នេះ ទុកជា​ការ​រំឭក​គុណ​ដែល​បុព្វការី​ជន​លោក​បាន​បន្សល់ទុក​នូវ​ស្នាដៃ​សិល្បៈ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ មួយ​វិញ​ឈ​ឆ្លៀតឱកាស​បាន​ជួយ​ផ្សព្វផ្សាយ​សិល្បៈ ដើម្បី​ថែរក្សា​និង​អភិរក្ស​តន្ត្រី​ចាប៉ី​បុរាណ​ខ្មែរ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេ​ជ សា​រ៉ា​ត ។​


លោកព្រឹទ្ធាចារ្យចាប៉ីដងវែង  ឯ យិន វ័យ៦៣ឆ្នាំ 

​ដ្បិត​ក្នុង​កម្មវិធី​នេះ ទទួលបាន​ផ្លែផ្កា​ល្អ ក៏ប៉ុន្តែ​លោក ពេ​ជ សា​រ៉ា​ត គិតថា សិល្បៈ​ចាប៉ី នូវតែ​មិនទាន់ ទទួលស្គាល់​ទូលំទូលាយ​ពី​សំណាក់​សាធារណៈជន​នៅឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ « កម្ម​វី​ធី​រំឭក​គុណគ្រូ​ធ្វើឡើង​បាន​រលូន ដោយសារ​មានការ​ចូលរួម​ពី​អ្នក​ចាប៉ី និង​សាធារណៈជន​មួយចំនួន​តូច​ដែល​ស្នេហា​សិល្បៈ​បុរាណ​នេះ​។ ក៏ប៉ុន្តែ​ខ្ញុំ​នូវតែ​មើលឃើញថា​ពលរដ្ឋ​មួយចំនួនធំ​នូវតែ​មិន​ចាប់អារម្មណ៍​ថែរក្សា និង​មិនឱ្យ​តម្លៃ​សិល្បៈ​បុរាណ​មួយ​នេះ​ដដែល​»​។​
 
​ព្រឹទ្ធាចារ្យ ឯ យិន វ័យ ៦៣​ឆ្នាំ​ជា​អ្នក​ចាប៉ីដងវែង ដែល​ធ្វើដំណើរ​មកពី​ខេត្តព្រៃវែង ដើម្បី​មក​ចូលរួម​ក្នុង​កម្មវិធី មានប្រសាសន៍ថា កម្មវិធី​នេះ​ពិតជា​មានន័យ​ណាស់​សម្រាប់​សហជិក​ក្នុង​សហគមន៍ និង​អ្នក​ចាប៉ី​គ្រប់​ទីកន្លែង​មកជួបជុំ​គ្នា ដើម្បី​បានធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​បុព្វការី​ចាប៉ី​ជើងចាស់ ដែល​បានធ្វើ​មរណៈកាល​ទៅ​។ « ខ្ញុំ​ត្រេកអ​រណាស់ ដែលមាន​ឱកាស​បាន​ចូលរួម​ធ្វើបុណ្យ​ជាមួយ​អ្នក​ចាប៉ី​ដទៃទៀត​នៅទីនេះ  បាន​ទាំង​ជួបជុំ​អ្នក​ចាប៉ី​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​បុព្វបុរស​ដើម »​។ នេះ​ជាការ​លើកឡើង​របស់​ព្រឹទ្ធាចារ្យ ឯ យិន​។​


 លោកព្រឹទ្ធាចារ្យចាប៉ិដងវែង  អ៊ិន សាវុន វ័យ៧៧ឆ្នាំ

​ព្រឹទ្ធាចារ្យ អ៊ិន សាវុន ដែល​បានឃើញ​អ្នក​ចាប៉ី​ចូលរួម​កម្មវិធី​រំឭក​គុណគ្រូ​នេះ ចាត់ទុកជា​សញ្ញា​វិជ្ជមាន មួយ នៃ​ការជួយ​រក្សា​នូវ​កេរ្តិ៍ដំណែល​មរតក​ចាប៉ីដងវែង​។ ព្រឹទ្ធាចារ្យ អ៊ិន សាវុន បាន​បញ្ជាក់ថា​៖« សកម្មភាព​ថ្ងៃនេះ​សញ្ញា​ដែល​បាន​បញ្ជាក់ថា ខ្ញុំ​និង​អ្នក​ចាប៉ី​គ្រប់រូប​មិនបាន​បំភ្លេច​គ្រូដើម​របស់​យើង​ឡើយ ហើយ​នូវតែ​រំឭក និង​ចូលរួម​ថែរក្សា​កេរ្តិ៍ដំណែល​មួយ​នេះ​បន្តទៅទៀត »​។​
 
​នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​១​នេះ ក្រុម​សហគមន៍​ចាប៉ី​អមតៈ និង​អ្នក​ស្រលាញ់​ចាប៉ី​មកពី​គ្រប់​មជ្ឈដ្ឋាន បានរៀបចំ​គ្រឿងឧបភោគ​បរិភោគ​ដូចជា ស្លា​ដក ភេសជ្ជៈ​និង​ចង្ហាន់​មួយចំនួន ដើម្បី​ប្រគេន​ព្រះសង្ឃ ដើម្បី​បង្សុកូល​ជូន​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​គ្រប់​ជំនាន់ ក្នុង​ពិធី​រំឭក​គុណគ្រូ នៅ​វត្ត​នាគ​វន្ត​។​ក្នុង​កម្មវិធី​នោះ​មាន​សិល្បៈករ សិល្បៈការ​នី​ចាប៉ី​ចាស់​ក្មេង​ចូលរួម​ប្រមាណ​ជា ២០​រូប ភាគច្រើន​ជា​សិស្ស​ចាប៉ី​ជំនាន់​ក្រោយ ។​
 
​ប្រធាន​សហ​គន៍​ចាប៉ី​អមតៈ និង​អ្នក​ស្នេហា​សិល្បៈ​ចាប៉ីដងវែង​ទាំងអស់ នឹង​កំណត់​ប្រារព្វ​កម្មវិធី​នេះ​ទៀត នៅ​ឆ្នាំក្រោយ​៕
 







 
 
 

Tag:
 កម្មវិធី​
  រំឭក​គុណ​
  បុព្វការី​
 ​សិល្បៈ​
  បុរាណ​
  ចាប៉ី​
 ​ព្រឹទ្ធាចារ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com