ជាតិ
ខេត្តកែបចាត់វិធានការ ដល់ជនឆ្លៀតឱកាសតំឡើងថ្លៃសេវាកម្មទេសចរណ៍ ក្នុងពេលឈប់សម្រាក រូបភាពពីមន្ទីរទេសចរណ៍ខេត្តកែប
× កន្លងមកខេត្តកែប ត្រូវបានទទួលការវាយប្រហារពីការតំឡើងថ្លៃហួសហេតុសម្រាប់ ម្ហូបអាហារ និងសេវាកម្មកម្សាន្តពីសំណាក់ភ្ញៀវទេសចរ។ ចំពោះបញ្ហានេះថ្នាក់ដឹកនាំខេត្តកែប និងមន្ទីរពាក់ព័ន្ធកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដងចំពោះជនណា មិនព្រមកែប្រែ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់សារព័ត៌មានThmeyThmey25 ថា លោកពិតជាទទួលស្គាល់ថាមានបញ្ហាការឡើងថ្លៃពិតមែន នៅតាមតំបន់ទេសចរណ៍មួយចំនួន។ លោកបានថ្លែងដូច្នេះថា៖ « កន្លងមកយើងទទួលស្គាល់ថាមានបាតុភាពចំពោះការតំឡើងថ្លៃមែន ប៉ុន្តែជាមោទនៈភាពចំពោះខេត្តគឺយើងទទួលបានភ្ញៀវទេសចរជាច្រើន តែបញ្ហាប្រឈម គឺប្រជាពលរដ្ឋយើងមួយចំនួនឆ្លៀតឱកាសក្នុងការតំឡើងថ្លៃ ហើយបង្កើតបញ្ហានេះ។ ជនដែលបង្ករបញ្ហាទាំងអស់នេះឡើងគឺមិនមែនជាអាជីវករអចិន្ត្រៃ តែជាអ្នកមកក្រាលកន្ទេលក្រោមដើមឈើយកលុយភ្ញៀវជាដើម»។
លោកក៏បានលើកឡើងផងដែរថា សម្រាប់តម្លៃចំពោះអាជីវករតែងតែលក់ដូរតាមរមណីយដ្ឋានវិញ គឺវាជាការព្រមព្រាងគ្នារវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ ហើយតម្លៃអាចនឹងឡើងខ្លះមែនព្រោះ ពេលបុណ្យទាន ទេសចរមានចំនួនច្រើន ហើយអ្នកផ្គត់ផ្គង់មានចំនួនតិច។
ថ្នាក់ដឹកនាំខេត្ត បានសហការណ៍ជាមួយអាជ្ញាធរដើម្បីចាត់វិធានការចំពោះជនឆ្លៀតឱកាសតំឡើងថ្លៃម្ហូបអាហារ និងសេវាកម្មទេសចរយ៉ាងតឹងរ៉ឹង។ លោក សោម ចិន្តា បានរៀបរាប់ថា « វាជាបទពិសោធន៍ ដូច្នេះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរ ត្រៀមបង្ការចំពោះបាតុភាពដែលធ្លាប់បានកើតឡើងកន្លងមក ដោយយើងមានយន្តការទីមួយគឺចុះណែនាំប្រជាពលរដ្ឋ។ ទី២យើងបង្កើតក្រុមកាងារដើម្បីចុះអង្កេត និងតាមដាន នៅតំបន់ណាដែលតែងតែមានបាតុភាពតម្លើងថ្លៃកើតឡើង ទាំងអាជីវករអចិន្ត្រៃ និងមិនអចិន្ត្រៃ ហើយបើកន្លែងណាមានបញ្ហាខ្លាំងយើងអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង»។
ប្រធានមន្ទីរទេសចរណ៍រូបនេះបានបង្ហាញចំណាប់អារម្មណ៍សោកស្ដាយថា៖ « បញ្ហាទាំងអស់នេះបានធ្វើឲ្យមានការវាយប្រហារដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់ជាខ្លាំង ខណៈដែលពួកគាត់មិនបានឈប់សម្រាក និងជួបជុំប្រពន្ធកូន ពេលបុណ្យទាន ហើយថែមទាំងទទួលបានការវាយប្រហារទៅវិញ»។
សូមជម្រាបផងដែរថា កាលពីថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំចំនួន៥ថ្ងៃ ខេត្តកែបបានឈរនៅលំដាប់លេខបី ជាខេត្តមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេរហូតដល់ជិត១៥ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com