អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ម​.​ក ប្រកាស​បើក​ស្លាក​សញ្ញា​ថ្មី​ជា​ផ្លូវការ ជាមួយនឹង​ការប្តេជ្ញា​ផ្តល់ជូន​នូវ​សេ​កម្ម​រហ័ស សាមញ្ញ និង​ងាយស្រួល​ជូន​អតិថិជន​
08, Sep 2020 , 11:55 am        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ​២០២០៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ដែល​ធំជាងគេ​លំដាប់​ទី​២ នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ពី​ការ​ក្លាយខ្លួន​ដោយ​ជោគជ័យ​ទៅជា​ធនាគារពាណិជ្ជ ដែលមាន​ឈ្មោះថា ធនាគារ ហត្ថា ម​.​ក​។ ការប្រកាស​នេះ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ធនាគារ ហត្ថា ប្រកាស​បើក​ស្លាក​សញ្ញា​ថ្មី​ជា​ផ្លូវការ ជាមួយនឹង​ការប្តេជ្ញា​ផ្តល់ជូន​នូវ​សេវាកម្ម​រហ័ស សាមញ្ញ និង​ងាយស្រួល​ជូន​អតិថិជន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សុខា នា​ល្ងាច​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​។​
 
​កម្មវិធី​នៅថ្ងៃនេះ គឺជា​សក្ខីភាព និង​ភ័ស្តុតាង​ថ្មី​មួយទៀត ដែល​បាន​សបញ្ជាក់​ឲ្យ​ឃើញថា ធនាគារ ហត្ថា បាន និង​កំពុងតែបន្ត​ដំណើរការ​អាជីវកម្ម ប្រកបដោយ​ភាពត្រឹមត្រូវ ផ្អែក​ទៅតាម​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​អាណាព្យាបាល ដើម្បី​ពង្រីក និង​ចាប់យក​ចំណែក​ទីផ្សារ​ថ្មីៗ​នៅក្នុង​ក្រុម​ប្រទេស រួមមាន​កម្ពុជា ឡាវ ភូមា និង​វៀតណាម តាមរយៈ​បទពិសោធន៍​អាជីវកម្ម​ដ៏​សម្បូរបែប ការបង្កើត​នូវ​ទម្រង់​អាជីវកម្ម​ថ្មីៗ និង​ការពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់ខ្លួន​។​
 
​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​ធនាគារ ហត្ថា មាន​មោទកភាព និង​ក្តី​រីករាយ​ឥតឧបមា ដែល​ធនាគារ ហត្ថា បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត​។ សម្រាប់​លោក ហួត អៀង​តុង ការវិវត្តន៍​នេះ  គឺជា​សក្ខីភាព​មួយ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា  ហត្ថា បាន និង​កំពុងតែ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ ប្រកបដោយ​ភាពជឿជាក់ ច្បាស់លាស់ និង​ត្រឹមត្រូវ តាម​សេចក្តីត្រូវការ​របស់​អ្នកប្រើប្រាស់ ដែលជា​លទ្ធផល អាជីវកម្ម​របស់​យើង​បន្ត​រីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ លោក ហួត អៀង​តុង បាន​បន្តទៀតថា​៖«​ធនាគារ ហត្ថា បាន​ប្តេជ្ញា​ប្រកបដោយ​ភាពជឿជាក់ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន​ប្រកបដោយ​ភាពល្អ​ឥតខ្ចោះ មាន​ភាពសាមញ្ញ ងាយស្រួល និង​ទំនុកចិត្ត​ខ្ពស់ តាមរយៈ​បុគ្គលិក​ដែលមាន​បទពិសោធន៍ ចំណេះ ជំនាញ​ហរិញ្ញវត្ថុ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ លើសពីនេះ ធនាគារ ហត្ថា  បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អាជីវកម្ម ធនធានមនុស្ស ដើមទុន ប្រព័ន្ធ​ធនាគារ​ស្នូល ការគ្រប់គ្រង​ហានិភ័យ និង​ប្រតិបត្តិការ​អាជីវកម្ម ដើម្បី​ក្លាយជា​ធនាគារ​ឈានមុខ​គេ​មួយ ដែល​ជួយ​គាំទ្រ​អតិថិជន​ឲ្យ​មាន​អនាគត​ល្អ ដូច​មានន័យ​ចែង​ក្នុង​ពាក្យស្លោក​របស់​យើង​គឺ  រួមគ្នា​សាង​អនាគត​ដ៏​ប្រសើរ » ។​


 
​ក្រៅតែពី​បញ្ជាក់​ពី​ការប្តេជ្ញា​ឆ្ពោះទៅមុខ​របស់​ធនាគារ ហត្ថា លោក​ប្រធាន​អគ្គនាយក ក៏បាន​ថ្លែងអំណរគុណ​ជា​អរ​នេ​ក​ចំពោះ​បញ្ញត្តិ​ករ​អាណាព្យាបាល ពិសេស ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​វាយតម្លៃ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់ ដល់​ធនាគារ ហត្ថា កន្លងមក និង​បាន​ថ្លែង​អរគុណ​ដល់​ភាគ​ទុ​និក ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​ទាំងអស់ ព្រមទាំង​បុគ្គលិក និង​អតិថិជន​ទាំងអស់ ដែល​តែងតែ​ជួយ​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត រហូតដល់ ហត្ថា បាន​កម្លា​យ​ខ្លួន​ជា​ធនាគារពាណិជ្ជ​ដោយ​ជោគជ័យ​នាពេលនេះ​។​
 
​ក្រោយ​ក្លាយខ្លួនជា ធនាគារ​ហើយ ហត្ថា ក៏បាន​ប្រកាស​ចេញ​នូវ​សេវាកម្ម​ថ្មីៗ​មួយចំនួន​របស់ខ្លួន ក្នុងនោះ​រួមមាន សេវា​ធនាគារ​ចល័ត (Hattha Mobile) សេវា​ផ្ទេរប្រាក់​ឆ្លង​ធនាគារ (Inter-bank Transfer) សេវា​ឥណទាន​វិ​បា​រូប​ន៍ (Overdraft Loan) និង សេវា​បញ្ញើ​សន្សំ​ផល​ច្រើន (HYSA Flexi និង HYSA Corporate)​។​


 
​អំពី ធនាគារ ហត្ថា 
​ធនាគារ ហត្ថា មានបទពិសោធន៍​ជាង ២៦​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ដោយ​ចាប់​ផ្តើមដំបូង​ជា​គម្រោង​សន្តិសុខ​ស្បៀង និង​បាន​បន្ត​វិ​វ​ឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពីពេលនោះ​មក​។ បច្ចុប្បន្ន  ធនាគារ ហត្ថា មាន​ដើមទុន​ចុះបញ្ជី​នៅ​ធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ជាមួយនឹង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១៣៧ ទូទាំងប្រទេស បាន​នឹង​កំពុងផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប​ដល់​អតិថិជន​ដូចជា​៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស ជា​ភ្នាក់ងារ​ណែនាំ​លក់​សេវា​ធានារ៉ាប់រង និង​ត្រៀម​ដាក់ជូន​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ថ្មីៗ​បន្ថែមទៀត​ក្រោយ​ការ​ក្លាយខ្លួនជា​ធនាគារពាណិជ្ជ​របស់ខ្លួន​ផងដែរ​។ 
 
​បច្ចុប្បន្ន ធនាគារ ហត្ថា គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែលជា​ធនាគារពាណិជ្ជ​ធំជាងគេ​លំដាប់​ទី ៥ នៅ​ព្រះរាជាណាចក្រ​ថៃឡង់​ន៍ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​នៅ​ប្រទេស​ជប៉ុន  ព្រមទាំង​ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​សកលលោក​។​


 
​អំពី ធនាគារ​ក្រុង​ស្រ៊ី​
​ធនាគារ​ក្រុង​ស្រ៊ី គឺជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី ៥ ផ្អែកលើ​ទ្រព្យសកម្ម ផលប័ត្រ​ឥណទាន និង​ប្រាក់​បញ្ញើ​សន្សំ នៅក្នុង​ប្រទេស​ថៃឡង់​ន៍ ដែល​បានធ្វើ​ប្រតិបត្តិការ​អាជីវក​ម្មជូ​ន​អតិថិជន​របស់ខ្លួន​អស់​រយៈពេល​ជាង ៧៥ ឆ្នាំ មកហើយ​។ ធនាគារ​ក្រុង​ស្រ៊ី​គឺ ជា​សមាជិក​យុទ្ធសាស្ត្រ​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ MUFG ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​បង្អស់​នៅ​ជប៉ុន ក៏ដូចជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត​នៅលើ​ពិភពលោក​។ ធនាគារ​ក្រុង​ស្រ៊ី ផ្តល់ជូន​អតិថិជន​របស់ខ្លួន​យ៉ាង​ទូលំទូលាយ​នូវ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ  ការវិនិយោគ ការគ្រប់គ្រង​ទ្រព្យសកម្ម និង​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត ទៅកាន់​អតិថិជន​ជា​បុគ្គល ជា​ក្រុមហ៊ុន​តាមរយៈ​បណ្តាញ​ការិយាល័យ ៦៨៣ ទីតាំង និង តំណាង​ចែកចាយ​ចំនួន ៣៣ ៤៦១ ទីតាំង នៅ​ទូទាំងប្រទេស​។ 
 












(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com