អូឡាំពិក​ក្រុង​តូ​ក្យូ នឹង​បន្តធ្វើ​នៅ​ឆ្នាំក្រោយ ទោះ​មាន ឬ​គ្មាន​ជំងឺ​កូ​វីត​-១៩
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ក្រុង​តូ​ក្យូ នឹង​បន្តធ្វើ​នៅ​ឆ្នាំក្រោយ ទោះ​មាន ឬ​គ្មាន​ជំងឺ​កូ​វីត​-១៩
09, Sep 2020 , 7:29 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង
​លោក John Coates អនុប្រធាន​គណៈកម្មាធិកា​អូឡាំពិក​អន្តរជាតិ (IOC) និយាយ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ថា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ដែល​បាន​ពន្យារពេល​ទៅ​ឆ្នាំក្រោយ នឹង​បន្តធ្វើ​ដដែល​ទោះ​នៅមាន​ជំងឺ COVID-19 ក៏ដោយ​។ តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អនុប្រធាន IOC បាន​ហៅ​ការបន្ត​នេះ​ថា​ជា ការប្រកួត​ដើម្បី​យកឈ្នះ COVID-19 ។

 
​ក្នុង​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៧ ខែកញ្ញា លោក John Coates ដែលជា​អ្នកសម្របសម្រួល​ព្រឹត្តិការណ៍​អូឡាំពិក​អន្តរជាតិ​ទីក្រុង​តូ​ក្យូ និយាយ ថា កីឡា​អូឡាំពិក មិនដែល​បាន​រំសាយ​ចោល​ដោយសារ​ហេតុផល​ណា​ផ្សេង​ក្រៅពី​សង្គ្រាមលោក​នោះទេ​។ ដូចនេះ លោក​អះអាង​យ៉ាង​មុតមាំ​ថា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​តូ​ក្យូ នឹង​ដំណើរការ​តាម​កាលកំណត់​ដដែល​ទោះបី​គ្មាន ឬ​មាន COVID-19 ក៏ដោយ​។ 
 
​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពុក​តូ​ក្យូ នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២១ ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា ទៅ ក្រោយ​ត្រូវបាន​ព្យា​រ​ពេល​កំណត់​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២០​នេះ​។ 
 
​យ៉ាងណាក៏ដោយ មកទល់ពេលនេះ ជប៉ុន​នៅតែ​បន្ត​បិទ​ប្រទេស​ដោយ​មិនទាន់​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​បាន​នៅឡើយ​ទេ ខណៈ​ការបង្កើត​វ៉ាក់សាំង​ទំនង​ជាមាន​រយៈពេល​រាប់​ខែ ឬ​អាច​ច្រើន​ឆ្នាំ​ទៀត​។ ដោយសារ​ហេតុផល​នេះ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នេះ​អាច​ទាន់​ច្បាស់​ថា អាច​ប្រព្រឹត្ត​ទៅរួច ឬក៏​អត់​តា​ការគ្រោងទុក​នោះទេ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​របស់​ជប៉ុន​ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ថា នឹងមិន​មានការ​ពន្យា​រ​ពេល​ជា​លើក​ទី​២ លើសពី​ឆ្នាំ​២០២១​នោះទេ​។ ចំពោះ​ការស្ទង់មតិ​មួយ​កាលពីពេល​ថ្មីៗ​នេះ គេ​រកឃើញថា​មាន​មនុស្ស​ម្នាក់​ក្នុងចំណោម ៤ នាក់​នៅ​ជប៉ុន​ចង់​ឲ្យ​ព្រឹត្តិការណ៍​នេះ​បន្តដំណើរ​ទៅមុខទៀត​នៅ​ឆ្នាំក្រោយ​។ ក្នុងនោះដែរ ក៏មាន​ការគាំទ្រ​ភាគច្រើន​ចង់​ឲ្យ​មានការ​ពន្យារពេល​ម្តងទៀត ឬក៏​លុបចោល​តែម្តង​។ 
 
​បើ​ត្រូវ​អនុវត្តតាម​ផែនការ ជប៉ុន​ក៏ត្រូវ​ប្រឈម​ជាមួយ​ភារកិច្ច​ដ៏​ធំធេង​បន្ទាប់ពី​ការពន្យារពេល ដែល​ទាំង​មានការ​ធានា​សុវត្ថិភាព​រាល់​ទីកន្លែង​ដែល​នឹង​ធ្វើជា​ទីតាំង​ការប្រកួត​កីឡា​អូឡាំពិក​ផងដែរ​។ លើសពីនោះ ជប៉ុន ក៏ត្រូវ​ចរចា​រឿង​កន្លែង​ស្នាក់នៅ​ផងដែរ ដ្បិត​ក្នុងនោះ​ចំនួន​សណ្ឋាគារ ៤៣ ត្រូវផុត​ចេញពី​កិច្ចសន្យា ហើយ​ការចរចា​ចាប់ផ្ដើម​ម្តងទៀត​នៅ​ឆ្នាំក្រោយ​។ 
 
«​មន្ត្រី​របស់​ជប៉ុន និង IOC បាន​ជួបប្រជុំ​ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន ដើម្បី​ពិភាក្សាគ្នា​លើ​បញ្ហា​នានា​ដែល​នឹង​កើតឡើង​អំឡុងពេល​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​។ នៅ​ប្រទេស​ខ្លះ COVID-19 នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រង ហើយ​ប្រទេស​ខ្លះ​បាន​ធូរស្រាល​ហើយ​។ ដូច្នេះ អត្ត​ព​លិ​ក​ដែល​មកពី​គ្រប់​ទីកន្លែង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដដែល​»​។ នេះ​ជាស​ម្តី​របស់លោក Coates៕ 
 
 
 

Tag:
 អន្តរជាតិ​
  កីឡា​អន្តរជាតិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com