ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​៖ ឥណ្ឌូណេស៊ី មិន​ចង់​ជាប់អន្ទាក់​ការ​ប្រជែង​ឥទ្ធិពល​អាមេរិក​-​ចិន​ឡើយ​
សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​៖ ឥណ្ឌូណេស៊ី មិន​ចង់​ជាប់អន្ទាក់​ការ​ប្រជែង​ឥទ្ធិពល​អាមេរិក​-​ចិន​ឡើយ​
09, Sep 2020 , 2:17 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព Jakarta Globe
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព Jakarta Globe
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅ​ថ្ងៃទី​៨ ខែកញ្ញា បាន​ប្រាប់​មហាអំណាច​ចិន និង​អាមេរិក កុំ​ចង់​ទាញ​ឥណ្ឌូណេស៊ី​ឲ្យ​ចូលទៅ​ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែង​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់ ព្រោះ​ឥណ្ឌូណេស៊ី មិន​ចង់​ជាប់អន្ទាក់​ក្នុង​ល្បែង​នយោបាយ​បែបនេះ​ទេ​។ លោកស្រី ថ្លែង​ក្នុងន័យ​ព្រមាន​បែបនេះ ស្របពេល​ដែល​ចិន និង​អាមេរិក​បង្កើន​ការប្រកួតប្រជែង​គ្នា​លើ​បញ្ហា​ជាច្រើន​នៅក្បែរ​តំបន់​អាស៊ាន ពិសេស​សមុទ្រ​ចិន​ខាងត្បូង​។

 
​ការប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក ត្រូវបាន​មើលឃើញថា មាន​សភាព​កាន់តែ​ស្រួចស្រាល​ទៅៗ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បារម្ភ​ខ្លាំង​។ នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​បានធ្វើ​សមយុទ្ធ​យោធា ឯ​អាមេរិក បាន​ប្រជ្រៀត​ខ្លួន​តាមរយៈ​គោលការណ៍​សេរីភាព​នៃ​នាវាចរណ៍​។ មិន​ត្រឹម​ទាស់ទែង​តែ​ពីរ​នាក់​ឡើយ មហាអំណាច​ទាំងពីរ ក៏បាន​ស្វែងរក​ការគាំទ្រ​ជំហរ​របស់ខ្លួន​ពី​ប្រទេស​នៅក្នុង​តំបន់ ជាពិសេស​រដ្ឋ​នៅ​អាស៊ាន​។ 
 
​ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​ចាត់ទុកជា​បងធំ​របស់​អាស៊ាន មិន​ចង់​ចូល​ពាក់ព័ន្ធ​ក្នុងការ​ប្រកួតប្រជែង​នេះឡើយ​។ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ជា​អ្នក​ប្រកាស​បែបនេះ​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៨ ខែកញ្ញា មុន​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បើក​ជំនួប​ប្រចាំ​ជាមួយ​ដៃគូ​របស់ខ្លួន​។​
 
​ជាមួយគ្នា​ដែរ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​រូបនេះ ក៏បាន​ជំរុញ​អាស៊ាន ត្រូវតែ​រក្សា​ជំហរ​ឲ្យ​នៅ​កណ្តាល និង​សាមគ្គី​គ្នា ដើម្បី​ប្រឈម​នឹង​បញ្ហា​ការប្រកួតប្រជែង​ឥទ្ធិពល​ចិន និង​អាមេរិក​។ «​អាស៊ាន និង​ឥណ្ឌូណេស៊ី ចង់បង្ហាញ​ទៅ​ប្រទេស​ទាំងអស់​ថា យើង​ត្រៀមខ្លួន​រួចហើយ ដើម្បី​ក្លាយជា​ដៃគូ​»​។ លោកស្រី Retno បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា​៖ «​យើង​មិន​ចង់​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការប្រកួតប្រជែង​ទេ​»​។​
 
​បើតាម​រដ្ឋ​មន្ត្រីការទូត​ឥណ្ឌូណេស៊ី ការរីក​សាយ​នៃ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ជម្លោះ​ចិន​-​អាមេរិក កាន់តែ​ធំ​ឡើង គឺជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ហើយ​នេះ គឺជា​អ្វីដែល​អាស៊ាន ត្រូវតែ​ប្រឈម​។ បន្ថែម​ពីនេះ លោកស្រី​ក៏បាន​សាទរ​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​នៅ​ខែ​មុន ជុំវិញ​ជំហរ​លើ​សមុទ្រ​ចិន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា អាស៊ាន មាន​សមាជិក​ចំនួន ១០​ប្រទេស ក្នុងនោះ​មានដូចជា វៀតណាម កម្ពុជា ព្រុយ​ណេ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ មី​យ៉ាន់​ម៉ា ថៃ សិង្ហ​បុរី​។ ក្នុងចំណោម​នេះ មាន​៤​ប្រទេស ដែលមាន ហ្វីលីពីន ព្រុយ​ណេ វៀតណាម ម៉ាឡេស៊ី កំពុងមាន​ជម្លោះ​ជាមួយ​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕ 

Tag:
 ​ឥណ្ឌូណេស៊ី​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com