អន្តរជាតិ
អ្នកកាសែត ក្លាយជា​រឿង​ទាស់ទែង​ថ្មី​រវាង​ចិន​និង​អូស្ត្រាលី​
09, Sep 2020 , 9:29 pm        
រូបភាព
ទង់ជាតិអូស្ត្រាលី និងចិន នៅទីលានធានអាមិន។ រូបភាព៖ AFP
ទង់ជាតិអូស្ត្រាលី និងចិន នៅទីលានធានអាមិន។ រូបភាព៖ AFP
ដោយ:
​អ្នកកាសែត ក្លាយជា​បញ្ហា​មួយទៀត​ដែល​នាំ​ឲ្យ​ទំនាក់ទំនង​ចិន និង​អូស្ត្រាលី​បន្តរ​ប៉ាក់រ​ប៉ើ​ក​បន្ថែមទៀត​។ អ្នកកាសែត​អូស្ត្រាលី​២​រូប​បាន​រត់គេចខ្លួន​ចេញពី​ចិន ខណៈ​ចិន​វិញ​បាន​អះអាងថា​ទីភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី​បាន​ចូល​ឆែកឆេរ​លំនៅឋាន​របស់​អ្នកកាសែត​ខ្លួន​កាលពី​ខែមិថុនា​។ ការចាកចេញ​របស់​អ្នកកាសែត​ទាំង​២​នេះ ធ្វើ​ឲ្យ​សារព័ត៌មាន​អូស្ត្រាលី​គ្មាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ចិន​ជា​លើកដំបូង ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​។​

 
​នៅ​ថ្ងៃទី​៨ កញ្ញា ក្រុមហ៊ុន​សារព័ត៌មាន Australia Broadcast Corporation(ABC) និង Australian Financial Review(AFR) បាន​អះអាងថា អ្នកកាសែត​របស់ខ្លួន​ចំនួន​២​រូប​បាន​បង្ខំចិត្ត​ចាក​ចេញពី​ចិន​ក្រោយ​ត្រូវបាន​សួរចម្លើយ​ដោយ​ក្រសួង​សន្តិសុខ​ចិន​។ ការ​បង្ខាំង​សួរចម្លើយ​អ្នកសារព័ត៌មាន​អូស្ត្រាលី​នេះ កើតឡើង​មួយខែ​ក្រោយ​អាជ្ញាធរ​ចិន​បាន​ឃុំខ្លួន​លោកស្រី Cheng Lei អ្នកសារព័ត៌មាន​ជនជាតិ​អូស្ត្រាលី​ដែល​បម្រើការ​ឲ្យ​ទូរទស្សន៍​រដ្ឋ​ចិន CGTN ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Bill Birtles អ្នកកាសែត​សារព័ត៌មាន ABC ប្រចាំ​ទីក្រុង​ប៉េកាំង ត្រូវបាន​ប៉ូលិស​ចិន​ចូលក្នុង​លំនៅឋាន​កណ្តាលយប់​នៅ​ថ្ងៃទី​២ ខែកញ្ញា និង​ហាម​មិន​ឲ្យ​ចាក​ចេញពី​ប្រទេស​។ លោក Birtles គ្រោង​ចាកចេញ​នៅ​ថ្ងៃទី​៣ ខែកញ្ញា ក្រោយ​ក្រសួងការបរទេស​អូស្ត្រាលី​បាន​ព្រមាន​លោក​ឲ្យ​ចាក​ចេញពី​ប្រទេស​ចិន​។ ប៉ូលិស​ចិន អះអាងថា ខ្លួន​ចង់​សួរនាំ​លោក Birtles លើ​បញ្ហា​សន្តិសុខ​ជាតិ​។ ក្រោយមក លោក Birtles ត្រូវបាន​សួរចម្លើយ​ដោយមាន​វត្តមាន​មន្ត្រី​ទូត​អូស្ត្រាលី​ដែរ​។​
 
​ចំណែកឯ លោក Michael Smith អ្នកកាសែត​របស់ AFR នៅ​ទីក្រុង​សៀង​ហៃ ក៏ត្រូវ​បាន​ប៉ូលិស​ចិន​សួរ​នាំនៅ​ថ្ងៃ​តែមួយ​ដូចគ្នា​នឹង​លោក Birtles ដែរ​។ អ្នកកាសែត​ទាំង​២​រូប ត្រូវបាន​ប៉ូលិស​ចិន​សួរនាំ​ទាក់ទង​ទៅនឹង​ករណី​លោកស្រី Cheng ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ខែសីហា​។ បើតាម AFR នៅ​មុនពេល​សួរចម្លើយ ប៉ូលិស​ចិន​ប្រាប់ថា អ្នកកាសែត​ទាំង​២ ជា​បុគ្គល​មាន​ប្រយោជន៍​ក្នុងការ​ស៊ើបអង្កេត​លោកស្រី Cheng ។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៨ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian អះអាងថា​លោកស្រី Cheng ជាប់​សង្ស័យ​លើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន​។ លោក​បន្តថា ការសួរចម្លើយ​អ្នកកាសែត​ទាំង​២​រូប គឺជា​ការអនុវត្ត​ច្បាប់​ជាធម្មតា​។ ក្រោយ​ត្រូវបាន​សួរចម្លើយ អ្នកកាសែត​ទាំងពី​រូប​ទៅ​ជ្រកកោន​ក្នុង​ស្ថាន​កុងស៊ុល និង​ស្ថានទូត​អូស្ត្រាលី​ជាច្រើន​ថ្ងៃ មុននឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាកចេញ​នៅ​ថ្ងៃទី​៧​កញ្ញា និង​ទៅដល់​អូស្ត្រាលី​វិញ​នៅ​ថ្ងៃទី​៨ កញ្ញា​។ 
 
​មិនមែនជា​អ្នកកាសែត​អូស្ត្រាលី​ដែល​ជួប​បញ្ហា អ្នកកាសែត​ចិន​នៅ​អូស្ត្រាលី​ក៏​ជួប​រឿង​ដូចគ្នា​ដែរ​។​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​រាយការណ៍​នៅ​ថ្ងៃទី​៨ ខែកញ្ញា​ថា ភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី​បាន​ចូល​ឆែកឆេរ លំនៅឋាន​អ្នកកាសែត​ចិន សួរចម្លើយ​ជាច្រើន​ម៉ោង និង​ថែមទាំង​បាន​រឹបអូស​កុំព្យូទ័រ និង​ទូរស័ព្ទ​ផងដែរ​។ ហេតុការណ៍​នេះ កើត​តាំងពី​ខែមិថុនា ដោយ Xinhua ផ្សាយ​ថា អ្នកកាសែត​ទាំងនោះ​ត្រូវបាន​ប្រាប់ មិន​ឲ្យ​និយាយ​ពី​ការឆែកឆេ​ទាំងនេះ​ឡើយ​។ 
 
​ទំនាក់ទំនង​រវាង​ចិន និង​អូស្ត្រាលី ចាប់ផ្តើម​យ៉ាប់​យ៉ើ​ន​បន្ទាប់ពី​អូស្ត្រាលី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ប្រភព​ជំងឺ​COVID-19​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០ នេះ​អ្នកកាសែត​បរទេស​ចំនួន​១៧​រូប នៅ​ចិន​ត្រូវបាន​បណ្តេញចេញ ចំណែក​មួយចំនួនទៀត​ត្រូវបាន​ចិន​ពិនិត្យ​លទ្ធ​ភព​បន្ត​សុពលភាព​បណ្ណ​អ្នកកាសែត​៕
 

Tag:
 ចិន​
  អូ​ស្រា្ត​លី
© រក្សាសិទ្ធិដោយ thmeythmey.com