ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី-លោក កឹម សុខា អាចគ្មានវត្តមានក្នុងការបោះឆ្នោតមួយអាណត្តិទៀត?
09, Sep 2020 , 6:13 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហើបប្រាប់មន្រ្តីខ្លួនថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងអូសបន្លាយដល់ឆ្នាំ២០២៤។ បើដូច្នេះមែន លោក នឹងមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ឡើយ។ ឯលោក សម រង្ស៊ី ក៏មិនអាចចូលស្រុក ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ដែរ បើគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។



លោក កឹម សុខា និង លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង ទំនងជាគ្មានឱកាសបានរៀបចំមន្រ្តី ឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ នោះទេ ហើយលោកទាំងពីរខ្លួនឯង ក៏ប្រហែលជាមិនអាចបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាល៧ នៅឆ្នាំ២០២៣ ដែរ។

លោក កឹម សុខា ដ្បិតកំពុងស្ថិតក្នុងស្រុកមែន តែលោក មិនអាចធ្វើអ្វីបានតាមចិត្តឡើយ ជាពិសេសការធ្វើសកម្មភាពនយោបាយ។ លោក ត្រូវចោទថា បានលួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសរបស់លោក ត្រូវតុលាការ ចាត់ចូលជាអំពើក្បត់ជាតិ។ ដើមឡើយតុលាការ គ្រោងប្រើពេល៣ខែ ដើម្បីអាចបញ្ចប់ការបើកសវនាការជំនុំជម្រះលើរឿងក្តីរបស់លោក កឹម សុខា។ ដោយសារការរាលដាលជំងឺកូវីដ-១៩ ការជំនុំជម្រះនេះ ក៏ត្រូវបានផ្អាក។

ទោះជាតុលាការ បើកសវនាការឡើងវិញ ក៏សំណុំរឿងរបស់លោក ទំនងជាមិនអាចបញ្ចប់ក្នុងពេលឆាប់ៗដែរ។ កាសែតខ្មែរថាមស៍ បានស្រង់សម្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ យកទៅចុះផ្សាយថា ករណីរបស់លោក កឹម សុខា អាចនឹងត្រូវអូសបន្លាយដល់ឆ្នាំ២០២៤ឯណោះ គឺរហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ថា៖«លោក [សម្តេច ហ៊ុន សែន] មានប្រសាសន៍ហ្នឹង អាចវាយឺតទៅដល់ពេលនុ៎ង [២០២៤] មិនមែនបានសេចក្តីថា ពន្យារពេលក្នុងការកាត់សេចក្តីទេ»។

ប្រហែលសម្តេចនាយករដ្ឋមន្រ្តី យល់ថា សំណុំរឿងរបស់លោក កឹម សុខា ស្មុគស្មាញខ្លាំង ទើបសម្តេច សន្និដ្ឋានថា អាចអូសបន្លាយដល់ឆ្នាំ២០២៤? អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយថា៖«ខ្ញុំ ជឿអ៊ីចឹង...»។ អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា វា ជាផលប្រយោជន៍របស់លោក កឹម សុខា ទៅវិញទេ ដែលអាចមានពេលវេលា [គ្រប់គ្រាន់] សម្រាប់ស្វែងរកភស្តុតាងនិងអំណះអំណាងឲ្យបានច្បាស់លាស់ យកទៅដោះបន្ទុក។

លោក បន្តថា បើតុលាការវិនិច្ឆ័យក្តីភ្លាមៗ លោក កឹម សុខា ជាជនជាប់ចោទ អាចនឹងមិនទទួលបានយុត្តិធម៌។ លោក ដាក់ជាសំណួរថា៖«តើយើង សុខចិត្តវិនិច្ឆ័យឲ្យរហ័ស ប៉ុន្តែបាត់បង់ផលប្រយោជន៍ឯកឧត្តម កឹម សុខា ឬមួយយើង ចង់បានការវិនិច្ឆ័យមួយ ប្រកបដោយយុត្តិធម៌គ្រប់ជ្រុងជ្រោយ? ហ្នឹងជាសំណួរបញ្ច្រាស់របស់ខ្ញុំ ទៅវិញ»។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចនាយករដ្ឋមន្រ្តី ថែមទាំងបង្ហើបទៀតថា ពេលលោក កឹម សុខា ទៅចូលរួមបុណ្យសពម្តាយក្មេករបស់សម្តេច លោក បានសុំឲ្យសម្តេច ជួយអន្តរាគមន៍ក្នុងការពន្លឿនសំណុំរឿងរបស់លោក តែសម្តេច តបថា អាស្រ័យលើតុលាការ។ នេះបើតាមការចុះផ្សាយរបស់ខ្មែរថាមស៍ដដែល។

លោក ផែង ហេង មេធាវីម្នាក់របស់លោក កឹម សុខា មិនបានឆ្លើយតបឲ្យចំនោះទេ ចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ដែលថា សំណុំរឿងរបស់លោក កឹម សុខា អាចអូសបន្លាយដល់ឆ្នាំ២០២៤។ លោក គ្រាន់តែបកស្រាយថា លោក កើត រិទ្ធ រដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ បានដាក់គោលនយោបាយជំរុញដោះស្រាយសំណុំរឿង ដែលកកស្ទះនៅតុលាការ ហើយសំណុំរឿងរបស់លោក កឹម សុខា ក៏ជាប្រភេទសំណុំរឿង កកស្ទះដែរ។

លោកមេធាវី សង្ឃឹមថា ក្រសួងយុត្តិធម៌ និងតុលាការ នឹងចាត់ការលើសំណុំរឿងរបស់លោក កឹម សុខា ឲ្យបានឆាប់ ដូចសំណុំរឿងផ្សេងទៀតដែរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវី ថ្លែងថា៖«សំណុំរឿងរបស់ឯកឧត្តម កឹម សុខា ក៏កកស្ទះដែរ។ វា ៣ឆ្នាំជាងហើយ មកទល់នឹងថ្ងៃនេះ។ ជាគោលការណ៍យុត្តិធម៌ គឺត្រូវតែដោះស្រាយឲ្យបានឆាប់ ទើបអាចឲ្យគួរភាគី ទទួលបានយុត្តិធម៌ ទៅតាមហ្នឹងដែរ»។

លោក នៅតែការពារលោក កឹម សុខា ជាកូនក្តីថា តាមពិត សំណុំរឿងរបស់លោក កឹម សុខា មិនមានអង្គហេតុឡើយ។ លោក ចង់មានន័យថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសនោះទេ។ លោក បន្តថា តុលាការ គ្រាន់តែយកសម្តីរបស់លោក កឹម សុខា ទៅចោទប្រកាន់។ លោក និយាយថា៖«ខ្ញុំគិតថា [សំណុំរឿងឯកឧត្តម កឹម សុខា] ដូចអត់មានអីស្មុគស្មាញទេ»។

លោក ប្រាប់ថា កន្លងមក ក្រុមមេធាវីរបស់លោក បានដាក់លិខិតផង និងស្នើសុំផ្ទាល់មាត់ ឲ្យតុលាការពន្លឿននីតិវិធីនៃបើកសវនាការតទៅទៀត និងបញ្ចប់ឲ្យបានឆាប់ លើសំណុំរឿងរបស់លោក កឹម សុខា។ យ៉ាងណា មកដល់ពេលនេះ មិនទាន់មានដំណឹងពីតុលាការថា នឹងបើកសវនាការឡើងវិញ ដើម្បីជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា នៅពេលណានោះទេ។

ចំណែក លោក សម រង្ស៊ី ក៏ហ៊ុមព័ទ្ធទៅដោយក្តីក្តាំនៅតុលាការ ដែលជាហេតុធ្វើឲ្យលោក មិនអាចចូលស្រុកបាន។ លោក រងបណ្តឹងមិនតិចជាង១០នោះទេ ហើយបើនិយាយពីទោសសរុបវិញ លោក ត្រូវជាប់ពន្ធនាគារដល់ទៅប្រមាណ១៣ឆ្នាំឯណោះ។

លោក មានផ្លូវតែម្យ៉ាង ដែលអាចចូលស្រុកបាន គឺទទួលបានការប្រោសប្រទានលើកលែងទោសពីព្រះមហាក្សត្រ ដោយមានការស្នើសុំពីសម្តេចនាយករដ្ឋមន្រ្តី។ ប៉ុន្តែ ច្រកនេះ ប្រហែលមិនអាចទៅរួចទេ ដ្បិតសម្តេចនាយករដ្ឋមន្រ្តី ប្រកាសប៉ុន្មានដងមកហើយ ថានឹងមិនក្រាបបង្គំទូលថ្វាយសូមឲ្យព្រះមហាក្សត្រ លើកលែងទោសដល់លោក សម រង្ស៊ី ម្តងទៀតឡើយ។

បើគ្មានការចរចានយោបាយ ឬនិយាយមួយបែបទៀតថា បើគ្មានការសម្បទានពីគណបក្សកាន់អំណាច លោក សម រង្ស៊ី នៅតែបន្តនៅក្រៅស្រុក ហើយលោក កឹម សុខា នៅតែជាប់ជើងក្នុងសំណុំរឿង ដោយមិនអាចធ្វើអ្វីមិនកើត។ ឧបសគ្គទាំងនេះហើយ ដែលធ្វើឲ្យអ្នកនយោបាយកំពូលទាំងពីរនៃក្រុមប្រឆាំង អាចនឹងត្រូវអវត្តមានម្តងទៀត ក្នុងការបោះឆ្នោតលើកក្រោយ។

លោក កឹម សុខា និង លោក សម រង្ស៊ី រួមទាំងអតីតគណបក្សប្រឆាំងទាំងមូល ខកខាតមិនបានចូលរួមម្តងរួចមកហើយ ក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ដោយសារតែអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវរំលាយចោល។ មិនត្រឹមតែគណបក្ស ត្រូវរំលាយចោលនោះទេ ថ្នាក់ដឹកនាំជាង១០០នាក់នៃគណបក្សនេះ ត្រូវហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។

ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងជាង១០០នាក់នោះ អាចស្នើសុំសិទ្ធិនយោបាយឡើងវិញពីរដ្ឋាភិបាល។ មានអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួនហើយ ដូចជា លោក សុន ឆ័យ លោក គង់ គាំ លោក អ៊ូ ច័ន្ទរ័ត្ន លោក រៀល ខេមរិន្ទ និង លោក ជីវ កត្តា ជាដើម ទទួលបានសិទ្ធិនយោបាយវិញ បន្ទាប់ពីពួកគេ ស្នើសុំរដ្ឋាភិបាល។

បច្ចុប្បន្ន លើកលែងតែលោក កឹម សុខា និង លោក សម រង្ស៊ី អ្នកផ្សេង អាចសុំសិទ្ធិនយោបាយវិញ។ ការទទួលបានសិទ្ធិនយោបាយឡើងវិញឬក៏អត់ គឺអាស្រ័យលើរដ្ឋាភិបាល។ បើរដ្ឋាភិបាល យល់ព្រម រដ្ឋាភិបាល ក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីសុំចេញព្រះរាជក្រឹត្យប្រទានសិទ្ធិនយោបាយ។ តែបើរដ្ឋាភិបាល មិនយល់ព្រម រដ្ឋាភិបាល នឹងក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រឡើយ។

មានគណបក្សពីរ-បីហើយ ដែលបែកខ្ញែកចេញមកពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។ គណបក្សទាំងនោះ គឺ គណបក្សខ្មែរអភិរក្សនិយម មានលោក រៀល ខេមរិន្ទ ជាប្រធាន និង គណបក្សខ្មែរស្រឡាញ់ជាតិ មានលោក ជីវ កត្តា ជាប្រធាន។ លើសពីនេះ លោក គង់ គាំ ឥស្សរជននយោបាយក្រុមប្រឆាំងនិងធ្លាប់ជាមនុស្សស្និទ្ធរបស់លោក សម រង្ស៊ី បានគាំទ្រកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា បង្កើតគណបក្សមួយដោយឡែក គឺគណបក្សឆន្ទៈខ្មែរ។ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាសថា លោក អាចបនឹងង្កើតគណបក្សថ្មីមួយដែរ បើមានការគាំទ្រ តែបើគ្មានកម្លាំងគាំទ្រទេ លោក នឹងមិនបង្កើតឡើយ។ គណបក្សទាំងនេះ អាចនឹងស្ម័គ្រចិត្តចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការឆ្នោត២០២៣។

បើគ្មានអតីតគណប្រឆាំង និយាយឲ្យចំថា បើគ្មានលោក កឹម សុខា និង លោក រង្ស៊ី ក្នុងការបោះឆ្នោត តើគណបក្សដទៃ រួមទាំងគណបក្ស ដែលបែកខ្ញែកចេញពីអតីតគណបក្សប្រឆាំងផង អាចនឹងប្រជែងឬបំបែកសំឡេងរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ?

ដោយសារតែអវត្តមានរបស់គណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតនីតិកាលទី៦ នៅឆ្នាំ២០១៨ និង ទទួលបានអាសនៈទាំងអស់ក្នុងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតនីតិកាលទី៤ នៅឆ្នាំ២០១៨។ ក្រៅពីអាសនៈក្នុងរដ្ឋសភានិងព្រឹទ្ធសភា បច្ចុប្បន្ន អាសនៈនៅគ្រប់លំដាប់ថ្នាក់ រាប់ចាប់តាំងថ្នាក់ឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ និង ថ្នាក់រាជធានី-ខេត្ត គណបក្សប្រជាជនកម្ពុជា កាន់កាប់ស្ទើរតែទាំងអស់៕

© រក្សាសិទ្ធិដោយ thmeythmey.com