ជាតិ
សង្គមជាតិ
«អាហារផ្លូវចិត្ត, សាងកម្លាំងចិត្ត...» ឃ្លាអប់រំខ្លីៗ ន័យខ្លឹមរបស់ភិក្ខុ គូ សុភាព
10, Sep 2020 , 4:41 pm        
រូបភាព
ដោយ: រួបរួម
ភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបោះពុម្ពផ្សាយស្នាដៃខ្លីៗ ដើម្បីរួមចំណែកផ្តល់សារអប់រំយុវជន និងបរិស័ទទូទៅ។ ព្រះអង្គសង្ឃឹមថា អត្ថន័យក្នុងសៀវភៅ នឹងជាកម្លាំងចិត្តជួយអ្នកអានឲ្យបានរឹងប៉ឹងហែលឆ្លងឧបសគ្គទាំងឡាយក្នុងជីវិត ជាពិសេសការយកព្រះធម៌ធ្វើជាឱសថព្យាបាលទុក្ខ។



នាឱកាសនៃពិធីកាន់បិណ្ឌ៦ ក្រុមការងារសារព័ត៌មានថ្មីៗ បាននាំគ្នាយកទេយ្យទានទៅវេរប្រគេនព្រះសង្ឃនៅវត្តគល់ទទឹង ហើយបានទៅជួបប្រាស្រ័យ និងថ្វាយបង្គំ ព្រះភិក្ខុ គូ សុភាព។ នាពេលនោះ ព្រះអង្គបានផ្តល់សៀវភៅជាច្រើនក្បាលមកក្រុមការងារថ្មីៗ ដែលមានដូចជា អាហារផ្លូវចិត្តភាគ១ និងភាគ២, អតីតកាល (ដោះលែងខ្លួនអ្នកពីស្រមោលនៃអតីតកាល), សាងកម្លាំងចិត្ត និងនមស្ការសង្ខេប។

សារព័ត៌មានថ្មីៗ សូមចែករំលែកបន្តនូវសម្រង់មួយចំនួនដូចខាងក្រោម៖
អាហារផ្លូវចិត្តភាគ១៖

-ពេលឈ្លោះគ្នា ម្នាក់ៗមើលឃើញកំហុសគេងាយណាស់ ហើយមិនសូវឃើញកំហុសខ្លួនឯងទេ។
-ចិត្តដែលមិនបានអប់រំល្អ ក្លាយជាសត្រូវដ៏កំណាចបំផ្លាញសេចក្តីសុខរបស់អ្នក។
-បើគេជេរអ្នក ហើយអ្នកជេរគេវិញ អ្នកទាំងពីរមិនសូវខុសគ្នាប៉ុន្មានទេ។
-ហូបអាហារមិនល្អនាំឲ្យឈឺកាយ គិតរឿងមិនល្អនាំឲ្យឈឺចិត្ត។
-ភាពក្រអឺតក្រទម មិនបង្ហាញថា អ្នកគ្រាន់បើនោះទេ។

អាហារផ្លូវចិត្តភាគ២៖

-ស្លាប់ទៅយកអ្វីទៅមិនបានទេ រៀនធ្វើទានខ្លះ គ្រាន់បានជាពូជបុណ្យ ទៅកាន់បរលោកនាយ។
-បើខ្ចីគេ ត្រូវចេះសងវិញ កុំស៊ីដាច់ បាបកម្មនាំឲ្យរកស៊ីមិនឡើងទេ។
-ចំណាយពេលមើលរឿងក្តៅក្រហាយច្រើន ចិត្តអ្នកអាចក្តៅក្រហាយតាមដែរ មើល អាន ស្តាប់រឿងដែលនាំឲ្យចម្រើនចិត្ត។
-ព្រះពុទ្ធមិនយកទោសទេវទត្តទេ តែបាបកម្មមិនបានភ្លេចទេវទត្តឡើយ។ កុំចងពៀរគ្នា បើខឹងឲ្យឆាប់បាត់។
-មនុស្សចិត្តចង្អៀត ចិត្តព្យាបាទ អាយុមិនវែងទេ បើអាយុវែង ក៏មិនសុខចិត្តដែរ ព្រោះភ្លើងឆេះក្នុងចិត្តរាល់ថ្ងៃ។









Tag:
 គូ សុភាព
  អប់រំចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com