COVID-19
ជាតិ
សុខភាព
កម្ពុជា​ជោគជ័យ​លើក​ទី​ពី​រលើ​ការព្យាបាល​អ្នក​កើត COVID-19 សះស្បើយ​១០០​ភាគរយ​
11, Sep 2020 , 9:29 pm        
រូបភាព
ដោយ: រួបរួម
​បុរស​ឥណ្ឌូណេស៊ី​ម្នាក់ បាន​ក្លាយជា​អ្នកជំងឺ​ចុងក្រោយ​ដែល​បានជា​សះស្បើយ​ពី COVID-19 នៅ​កម្ពុជា ក្នុងចំណោម​២៧៤​ករណី​។ ដោយ​គិត​ត្រឹម​ថ្ងៃទី​១១ ខែកញ្ញា មិនមាន​អ្នកជំងឺ​ដែល​នៅ​សេសសល់​នោះឡើយ​។​

 
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានលើកឡើង​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុង​យុទ្ធនាការ​ប្រឆាំង COVID-19 ដែល​នៅតែ​បន្ត​រាលដាល​ពេញ​ពិភពលោក​។ «​មិនមាន​អ្នកជំងឺ​កូ​វីដ​-១៩​ដែល​នៅ​សេសសល់​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ឡើយ មិនមាន​ករណី​ស្លាប់ និង​មិនទាន់មាន​ការចម្លង​ចូលក្នុង​សហគមន៍​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោកស្រី​អ្នកនាំពាក្យ​។​
 
​នេះ​ជា​ករណី​ទី​២​ហើយ ដែល​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ត្រូវ​ព្យាបាល​សះស្បើយ​១០០​ភាគរយ​។ ដោយ​កាលពី​លើកទីមួយ គឺ​ស្ត្រី​អ្នក​ខេត្តបន្ទាយមានជ័យ​ម្នាក់ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​។​
 
​ក្នុងចំណោម​អ្នកជំងឺ​ទាំង​២៧៤​នាក់​នោះ មាន​២២០​នាក់​ជា​បុរស និង​៥៤​នាក់​ជានា​រី​។ អ្នកជំងឺ​ទាំងនោះ​មាន ខ្មែរ​១៧៤​នាក់ បារាំង​៤០​នាក់ ចិន​១៧​នាក់ ម៉ាឡេស៊ី​១៣​នាក់ ឥណ្ឌូណេស៊ី​៨​នាក់ អាមេរិក​៧​នាក់ អង់គ្លេស​៥​នាក់ កាណាដា​៣​នាក់ វៀតណាម​៣​នាក់ ឥណ្ឌា​១​នាក់ កា​ហ្សា​ក់​ស្ថាន​១​នាក់ និង​បែលហ្ស៊ិក​១​នាក់​។​
 
​បច្ចុប្បន្ន កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​/​ដែនដី​៨​ប៉ុណ្ណោះ ដែលមាន​អ្នក​កើត​កូ​វីដ​-១៩ ហើយ​ព្យាបាល​សះស្បើយ​១០០​ភាគរយ​វិញ​។ ប្រទេស​/​ដែនដី​ផ្សេងទៀត​រួមមាន ម៉ា​កាវ​, ហ្គ្រេ​ណា​ដា​, សាំង​ឃី​ត និង​នេ​វី​ស​, ហ្គ្រោ​អង់​ឡង់​, Falkland Islands, បុរី​វ៉ា​ទី​កង់ និង​អង់​ហ្គី​ឡា​៕

© រក្សាសិទ្ធិដោយ thmeythmey.com