ជាតិ
សង្គមជាតិ
រាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានការជួបជុំគោរពសាសនាឡើងវិញ តែត្រូវគោរពតាមវិធានការការពារ
12, Sep 2020 , 11:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឲ្យគ្រិស្តសាសនិកទាំងអស់ គោរពថ្វាយបង្គំ និងប្រតិបត្តិជំនឿសាសនារបស់ខ្លួននៅតាមវិហារវិញហើយ។ ប៉ុន្តែគ្រិស្តសាសនិកទាំងអស់ ត្រូវគោរព និងអនុវត្តតាមវិធានការការពារពីជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន។ នេះបើតាមសេចក្តីព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែកញ្ញា។

 
ក្រសួងសុខាភិបាលបានណែនាំ ឲ្យគណៈដឹកនាំគ្រិស្តបរិស័ទមុននឹងអនុញ្ញាតឲ្យគ្រិស្តបរិស័ទចូលប្រតិបត្តិជំនឿសាសនារបស់ខ្លួននៅតាមវិហារ គឺតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់ លាងដៃជាមួយនឹងទឹកអាល់កុល ជែល ឬសាប៊ូ និងរក្សាគម្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ។ ហាមឲ្យក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម។ ហាមចាប់ដៃគ្នាពេលគោរពគារវកិច្ច ដោយជំនួសនូវការលើកដៃសំពះ និងនិយាយស្វាគមន៍បែបគ្រិស្តបរិស័ទវិញ។
 
ការជួបជុំថ្វាយបង្គំ និងស្នាក់ការនៅវិហារមិនឲ្យលើសពី៣០នាទី។ ហើយតម្រូវឲ្យអ្នកចូលរួមថ្វាយបង្គំនៅវិហារឲ្យត្រឹម៣០ភាគរយ។ នេះបើការណែនាំរបស់ក្រសួងសុខាភិបាលដែលឲ្យគណៈដឹកនាំគ្រិស្តបរិស័ទត្រូវតាមដាន និងត្រួតពិនិត្យរាល់ការបើកការជុំជួបគោរពសាសនា។ 
 
ក្រសួងសុខាភិបាលបានណែនាំថា ក្នុងករណីដែលមានសញ្ញាសង្ស័យដូចនឹងជំងឺកូវីដ-១៩ គណៈដឹកនាំគ្រិស្តបរិស័ទត្រូវតែរាយការណ៍មកមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្គាប់ឲ្យផ្អាកការជួបជុំបែបសាសនានេះ អស់រយៈពេល៦ខែមកហើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com