គន្លឹះ ៥ចំណុច ដើម្បីដាំ«ម្រះ»ទទួលបានទិន្នផលល្អ!
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
គន្លឹះ ៥ចំណុច ដើម្បីដាំ«ម្រះ»ទទួលបានទិន្នផលល្អ!
12, Sep 2020 , 4:39 pm        
រូបភាព
«ម្រះ» ជាបន្លែមួយប្រភេទដែលមានរសជាតិល្វីង មានមនុស្សមិនច្រើនទេដែលនិយមទទួលទាន។ តែភាពល្វីងរបស់ម្រះមានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយហានិភ័យមហារីក ជួយឲ្យស្រកទម្ងន់ បញ្ចុះកូឡេស្តេរ៉ូលមិនល្អ ទប់ស្កាត់ជំងឺទឹកនោមផ្អែម បន្សាបជាតិពុលក្នុងរាងកាយ បង្កើនការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀន។

 
ដើម្បីជាប្រយោជន៍សម្រាប់កសិករមានបំណងដាំដុះដំណាំម្រះ ថ្ងៃនេះ ThmeyThmey25 សូមដកស្រង់បច្ចេកទេសដាំដុះដំណាំម្រះពីឯកសារក្រសួងកសិកម្ម។ ដើម្បីដាំដុះម្រះទទួលបានទិន្នខ្ពស់កសិករត្រូវគិតពីចំណុចខាងក្រោមនេះ៖
 
ការរៀបចំដី៖ មុនដំបូងត្រូវរៀបចំរងដាំដំណាំម្រះ ទំហំ ១ម៉ែត្រ និងកម្ពស់ ៣០សង់ទីម៉ែត្រ។ ត្រូវពង្រាយជី លាមកគោស្ងួត ឬជីកំប៉ុស្ត៍ ឲ្យពេញរងនិងច្របល់ឲ្យសព្វជាមួយដី។ បន្ទាប់មកត្រូវគ្របរងជាមួយចំប៉ើង ឬប្លាស្ទិក ដើម្បីការពារស្មៅចង្រៃ និងសត្វចង្រៃ។
 
ការបណ្ដុះគ្រាប់និងកូន៖ ត្រូវយកគ្រាប់ត្រាំក្នុងទឹកក្ដៅឧណ្ណៗ រយៈពេល ១៥ទៅ ២០នាទី រួចយកគ្រាប់នោះមូរក្រណាត់និងផ្អាប់ទុក ២ថ្ងៃ។ បន្ទាប់មកយកគ្រាប់ដែលផ្អាប់នោះទៅបណ្ដុះក្នុងកន្ទោង ឬថាសបណ្ដុះ។ ត្រូវធ្វើដំបូងដើម្បីការពារពន្លឺថ្ងៃ និងសត្វល្អិត និងត្រូវស្រោចទឹកនៅពេលព្រឹករៀងរាល់ថ្ងៃ។ 
 
ការដាំកូន៖ បន្ទាប់ពីបណ្ដុះបាន ៧ ថ្ងៃត្រូវយកកូនទៅដាំ។ ប៉ុន្តែមុនដាំ ២ ទៅ ៣ថ្ងៃត្រូវយកកូនម្រះឲ្យត្រូវថ្ងៃដើម្បីឲ្យកូនរឹងមាំ និងផ្សាំជាមួយអាកាសធាតុ។ ត្រូវដាំកូនម្រះនៅពេលរសៀល និងមានការប្រុងប្រយ័ត្ននៅពេលយកកូនចេញពីកន្ទោង ឬថាសបណ្ដុះ។ កូនម្រះដែលមានអាយុ ២ ទៅ ៣អាទិត្យបន្ទាប់ពីដាំត្រូវស្រោចទឹកឲ្យបានគ្រប់គ្រាន់ ហើយបន្ទាប់ពីដាំរួចត្រូវដោតទ្រើងភ្លាម។
 
ការមើលថែ៖ ត្រូវកាត់ស្លឹកដែលនៅក្បែរដីចេញ និងកាត់ខ្នែងណាដែលនៅកម្ពស់ពីដីកន្លះម៉ែត្រចេញ។ ត្រូវស្រោចទឹកឲ្យបានគ្រប់គ្រាន់នៅពេលព្រឹក ជៀសវាងស្រោចទឹកច្រើនពេកធ្វើឲ្យដីសើមជ្រុលព្រោះវាអាចបង្កបញ្ហាដល់ម្រះ។ បន្ទាប់ពីម្រះចេញផ្កា និងក្ដិប ត្រូវប្រើថង់ ឬក្រដាស ដើម្បីខ្ចប់ការពារជ្រុះផ្កា និងក្ដិបកុំឲ្យមានសត្វល្អិតចង្រៃចោះ។ 
 
ការប្រមូលផលម្រះ៖ នៅពេលម្រះដល់អាយុប្រមូលផល យើងអាចសង្កេតមើលផ្លែរបស់វាមានពណ៌រលោង និងក្រឡាប្រេះល្អ ហើយទំហំផ្លែអាស្រ័យលើទីផ្សារ។ ការកាត់ផ្លែប្រមូលផលត្រូវធ្វើនៅពេលព្រឹក និងត្រូវរក្សាទុកម្លប់បន្ទាប់ពីកាត់ភ្លាម ជៀសវាងផ្លែម្រះឆាប់ស្វិត និងស្រកទម្ងន់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com