បារាំងប្រគល់ឯកសារស្រាវជ្រាវ និងអភិរក្ស អាយុជាង១០០ឆ្នាំ ដល់អប្សរា
ជាតិ
សង្គមជាតិ
បារាំងប្រគល់ឯកសារស្រាវជ្រាវ និងអភិរក្ស អាយុជាង១០០ឆ្នាំ ដល់អប្សរា
12, Sep 2020 , 10:30 pm        
រូបភាព
ដោយ: រួបរួម
សៀមរាប៖ វិទ្យាស្ថានបារាំងចុងបូព៌ា ដែលហៅកាត់ថា EFEO បានព្រមព្រៀងប្រគល់ឯកសារដែលមានអាយុជាង១០០ឆ្នាំ និយាយជារួមចាប់តាំងពីស្ថាប័ននេះចូលខ្លួនមកស្រាវជ្រាវនិងអភិរក្សសំណង់ប្រាសាទក្នុងតំបន់អង្គរ ពីឆ្នាំ១៩០៨ មក។ ឯកសារទាំងនោះ មានទាំងព្រឹត្តិប័ត្រ ផែនទី សៀវភៅ សន្លឹកហ្វីលរាប់ពាន់ ដែលភាគច្រើនជាឯកសារចាស់ៗ។

ពិធីប្រគល់´ឯកសារ ត្រូវបានធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា ដែលមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកបណ្ឌិត ប្រ៊ីស វុំាងសង់ ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប នារសៀលថ្ងៃទី១០ កញ្ញា។ លោក ប្រ៊ីស វុំាងសង់ បានប្រាប់លោក ហង់ ពៅ ថា ខ្លួនបានព្យាយាមប្រមែប្រមូលឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងកិច្ចការស្រាវជ្រាវ និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពីស្ថាប័ននេះចូលមកកម្ពុជា។ លោកបន្ថែមថា ដើម្បីរៀបចំចងក្រង និងរក្សាទុកឯកសារនេះបានល្អប្រសើរ វិទ្យាស្ថានបារាំងចុងបូព៌ា មានគម្រោងបណ្ដុះបណ្ដាលមន្រ្តីជំនាញនានាដែលពាក់ព័ន្ធនឹងគម្រោងនេះ។
 
ក្នុងទំព័រហ្វេសបុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានអរគុណដល់ភាគីបារាំងដែលព្រមប្រគល់ឯកសារទាំងអស់មកឱ្យអាជ្ញាធរជាតិអប្សរាតាមអនុសាសន៍របស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ បន្ថែមពីនេះ អគ្គនាយកអាជ្ញាធរជាតិអប្សរាស្នើឱ្យភាគីបារាំង ពិនិត្យលទ្ធភាពដើម្បីប្រគល់ឯកសារលម្អិតនានា និងស៊ីជម្រៅ ដទៃទៀត ជុំវិញការស្រាវជ្រាវ និងអភិរក្ស ក្រៅពីសៀវភៅឬឯកសារដែលបានចងក្រងរួច៕
 
 

 

Tag:
 សាលាបារាំងចុងបូព៌ា
  ឯកសារស្រាវជ្រាវ
© រក្សាសិទ្ធិដោយ thmeythmey.com