ខេត្តកណ្ដាល ជំរុញកសិករដាំបន្លែសុវត្ថិភាពឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២២
ជាតិ
២៥ខេត្ត/រាជធានី
ខេត្តកណ្ដាល ជំរុញកសិករដាំបន្លែសុវត្ថិភាពឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២២
13, Sep 2020 , 2:10 pm        
រូបភាព
ខេត្តកណ្ដាល មានគោលដៅជំរុញការងារដាំដុះបន្លែសុវត្ថិភាព ឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២២។  នេះបើតាម លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល ប្រាប់សារព័ត៌មានThmeyThmey25 នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០ ដែលបន្តថា បច្ចុប្បន្នកសិករខេត្តកណ្ដាលប្រមាណ ៧០ភាគរយ បានងាកមកដាំបន្លែសុវត្ថិភាព។

លោក ហ៊ សុផល បញ្ជាក់ការដាំដុះបន្លែ គឺជាផ្នែកនៃគម្រោង «មាសបៃតង» ដែលផ្ដោតសំខាន់លើការដាំដុះបន្លែ ហើយមូលហេតុដែលខេត្តនេះ ជ្រើសរើសផ្នែកបន្លែជាអាទិភាព ព្រោះខេត្តនេះមានសក្តានុពលលើការដាំបន្លែ និងមានលទ្ធភាពផ្គត់ផ្គង់បន្លែយ៉ាងច្រើននៅក្នុងទីផ្សារ។ ក្នុងមួយថ្ងៃ ខេត្តកណ្តាលអាចផ្គត់ផ្គង់បន្លែប្រមាណ ៤០០តោន មកកាន់រាជធានីភ្នំពេញ ក្នុងនោះទៅកាន់ផ្សារដើមគរ ពី១៤០តោនទៅ ២០០តោន។ នេះបើតាម លោកហ៊ សុផល។ 
 
 
បច្ចុប្បន្ន ខេត្តកណ្ដាលមានផ្ទៃដីដាំដុះបន្លែប្រមាណ ៣ ពាន់ហិកតា ក្នុងនោះមានកសិករ ៦០ទៅ៧០ភាគរយបានដាំបន្លែសុវត្ថិភាព ដែលនិន្នាការនេះ គឺជាក្តីសង្ឃឹម និងបានធ្វើឲ្យអនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល មានសុទិដ្ឋិនិយម ចំពោះគម្រោង«មាសបៃតង»របស់ខេត្ត ថាអាចជោគជ័យទៅបាន នៅក្នុងឆ្នាំ២០២២។ លោក សុផល ពន្យល់កំណើនការដាំបន្លែសុវត្ថិភាពដ៏ឆាប់រហ័សរបស់ប្រជាកសិករខេត្តកណ្តាយ៉ាងដូច្នេះ៖«មូលហេតុពលរដ្ឋដាំបន្លែសុវត្ថិភាព មានការកើនឡើង ដោយសារពួកគាត់ឃើញថា តម្រូវការទីផ្សារបន្លែសុវត្ថិភាពមានច្រើន ហើយការណ៍ដែលពួកគាត់ដាំបន្លែប្រើសារធាតុគីមី វាប៉ះពាល់ដល់អ្នកបរិភោគ ដល់កសិករជាអ្នកដាំដុះបន្លែផ្ទាល់ផង។ មន្រ្តីកសិកម្មខេត្តកណ្ដាលតែចុះណែនាំ និងជំរុញដល់ពួកគាត់ឲ្យងាកមកដាំបន្លែសុវត្ថិភាព និងមានការចងក្រងសហគមន៍បន្លែសុវត្ថិភាពទៀត»។ 
 
ក្រៅពីមានសក្តានុពលលើការដាំបន្លែ ពលរដ្ឋខេត្តកណ្ដាល ប្រមាណ៩០ភាគរយ បានប្រកបរបរចិញ្ចឹមមាន់ស្រែ ដោយសារកើនឡើងនៃតម្រូវការទីផ្សារ និងលក់បានតម្លៃខ្ពស់ ងាយស្រួលចិញ្ចឹម និងចំណាយដើមទុនតិច ខណៈការចិញ្ចឹមជ្រូកនៅមានចំនួនតិចតួចប៉ុណ្ណោះ។ ចំណែកផ្នែកវារីវប្បកម្មវិញ ខេត្តកណ្តាល មាន ២៨សហគមន៍នេសាទ តំបន់អភិរក្សមាន ៥កន្លែង, អន្លង់អភិរក្ស ៨កន្លែង និងមួយចំនួនទៀតជាអ្នកចិញ្ចឹមត្រី៕
 

 

Tag:
 កណ្តាល
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com