អាជ្ញាធរជាតិអប្សរាកំពុងបំផុសចលនា «ដើមឈើខ្ញុំ នៅអង្គរ»
ជាតិ
សង្គមជាតិ
អាជ្ញាធរជាតិអប្សរាកំពុងបំផុសចលនា «ដើមឈើខ្ញុំ នៅអង្គរ»
13, Sep 2020 , 4:37 pm        
រូបភាព
សៀមរាប៖ ក្រៅពីដាំដោយខ្លួនឯង ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបំផុសចលនាក្នុងគម្រោងដែលមានឈ្មោះ «ដើមឈើខ្ញុំ នៅអង្គរ» ដើម្បីឱ្យសាធារណជនទាំងអស់ រួមចំណែកដាំក្នុងឈើក្នុងរមណីយដ្ឋានអង្គរផង។ ការណ៍នេះ ត្រូវបានអាជ្ញាធរចាត់ទុកថា ដូចជាការចូលរួមថែរក្សាអភិរក្សប្រាង្គប្រាសាទយ៉ាងដូច្នោះដែរ។

 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ចង់ប្រជាពលរដ្ឋខ្មែរទាំងអស់យល់ពីតម្លៃនៃបេតិកភណ្ឌ ចូលរួមថែរក្សា អភិរក្សជាមួយអាជ្ញាធរជាតិអប្សរា ព្រោះថានេះជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបក្នុងការថែរក្សាមរតកដូនតា។ លោកពន្យល់ថា ការចូលរួមដាំកូនឈើ ក៏ជាចំណែកនៃការចូលរួមអភិរក្សប្រាសាទផងដែរ ព្រោះព្រៃឈើមានសារសំខាន់ច្រើនក្នុងកិច្ចការមួយនេះ។
 
 
ថ្លែងក្នុងពិធីដាំកូនឈើ១,៥០០ដើម នៅព្រឹកថ្ងៃទី១៣ កញ្ញា ដែលមានការចូលរួមពីក្រុមហ៊ុន CIMB រដ្ឋបាលខេត្តសៀមរាប លោក ឡុង កុសល បន្ថែមទៀតថា អាជ្ញាធរជាតិអប្សរា ស្វាគមន៍ជានិច្ចរាល់សាធារណជនឬស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្ហាញពីការឈឺឆ្កាល និងរួមគ្នាអភិរក្សប្រាង្គប្រាសាទ ដែលនេះជាការចង់របស់អាជ្ញាធរ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូប បានបង្ហាញជំហរចង់ចូលរួម ចូលរួមគិត និងចូលរួមថែរក្សា មរតកដូនតា។ ការដាំដើមឈើនៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ « «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»៕
 


Tag:
 បរិស្ថាន
  ដើមឈើខ្ញុំនៅអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com