ជាតិ
សង្គមជាតិ
ទម្លាប់​រៃអង្គាស​វេន​បិណ្ឌ បង្ហាញ​ពី​សាមគ្គីភាព​របស់​អ្នកភូមិ​ព្រែក​ដាច់ និង​ភូមិ​ព្រែក​តូច ខេត្តកណ្ដាល​
14, Sep 2020 , 9:19 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 
​ទម្លាប់​ដើរ​រៃអង្គាស ប្រាក់ អង្ករ អុស និង​របស់របរ​ផ្សេងៗ​តាម​វេន​បិណ្ឌ​នីមួយៗ​ក្នុង​រដូវ​កាន់បិណ្ឌ ជា​ប្រពៃណី​ប្រចាំ​ភូមិ​ព្រែក​ដាច់ និង​ភូមិ​ព្រែក​តូច ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល ។ ទម្លាប់​នេះ​បានបង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ប្រកបដោយ​ការ​អធ្យាស្រ័យ និង​សាមគ្គីភាព​របស់​អ្នកភូមិ ដើម្បី​ចូលរួម​អបអរ​កម្មវិធី​បុណ្យ​ប្រពៃណីជាតិ​។​


​ជា​រៀងរាល់ឆ្នាំ​ក្នុង​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តាម​ក្រុម​វេន​បិណ្ឌ​ក្នុងភូមិ​ព្រែ​ដាច់ ឃុំ​ព្រែក​ដាច់​ក្នុងស្រុក​លើកដែក ខេត្តកណ្តាល តែងមាន​ទម្លាប់​ដើរ​រៃអង្គាស គ្រឿងឧបភោគ និង​បរិភោគ​ដូចជា ប្រាក់  អង្ករ ទៀនធូប បន្លែ ផ្លែឈើ អុស ស្នូលពោត  ពី​ពុទ្ធបរិស័ទ​តាម​វេន​ក្នុងភូមិ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ដំណើរការ​កាន់បិណ្ឌ​។ 
 
​លោក យ​ន រឹន ជា​គណៈកម្មការ​វេន​បិណ្ឌ នៅក្នុង​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ ក្នុងភូមិ​ព្រែក​ដាច់​ថា ជា​ទម្លាប់​ធម្មតា ក្រុម​គណៈកម្មការ​តែង​រួមគ្នា​ជា​ក្រុម ក្នុងការ​រៃអង្គាស​៣​ថ្ងៃមុន រៀងរាល់ឆ្នាំ​មក​។ « វេន​ខ្ញុំ​កាន់បិណ្ឌ ដូចនេះ​យើង​ប្រជុំ​ក្រុម​គណៈកម្មការ​រៃ​អង្កា​ស​៣​ថ្ងៃមុន ដូច្នេះ​ក្រុម​វេន​បិណ្ឌ មាន​តាៗ​ដើរ​រៃ​មុន រីឯ​ក្រុម​ក្មេងៗ​ល្ងាច​នេះ​នឹង​រួមគ្នា​ដើរ​រៃ​អង្កា​សអុស និង​ស្នូលពោត សម្រាប់​កម្មវិធី​នៅ​ថ្ងៃស្អែក »​។​
 
​យុវជន ម៉ន វិ​ឆិត វ័យ​២០​ឆ្នាំ ជា​យុវជន​ម្នាក់​ដែល​ចូលរួម​ក្នុងការ​រៃអង្គាស អុស និង​ស្នូលពោត​តាម​ក្រុម​វេណ​របស់ខ្លួន នៅ​វត្ត​ទួល​អង្កាញ់​បាន​និយាយថា ទម្លាប់​វៃ​អង្គាស​បាន​ជួយ​ឲ្យ​អ្នកភូមិ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ។​ម្យ៉ាងវិញទៀត សកម្មភាព​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​ពី​វប្បធម៌​ចេះ​ចែករំលែក​គ្នា​របស់​អ្នកភូមិ​ផងដែរ ។  « ដល់​វេន​បិណ្ឌ​របស់​ក្រុម​ខ្ញុំ​រាល់​ឆ្នាំ ក្រុម​យុវវ័យ​ពួក​ខ្ញុំ​តែងតែ​ហៅ​គ្នា​ដើរ​រៃ​អុស ស្នូលពោត   យកទៅដាក់​នៅ​វត្ត​រាល់​ឆ្នាំ »​។ 
 
​ចំណែកឯ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​តូច ស្រុក​លើកដែក​ឯណោះ​វិញ ក៏​ធ្វើ​ពិធី​វេន​ដាក់​បិណ្ឌ​នេះ​ដូចគ្នា​ដែរ​។​ព្រឹទ្ធាចារ្យ នី ណ​យ រស់នៅក្នុង​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​តូច ពោលថា ទម្លាប់​រៃអង្គាស​នេះ បានបង្ហាញ​ពី​ទំនាក់ទំនង​សាមគ្គីភាព ដ៏​ស្និត​ស្នាល​របស់​ពលរដ្ឋ ក្នុងការ​រួមគ្នា​ផ្ដួចផ្ដើម​ប្រារព្ធ​កម្ម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។ 
 
​លោក​ព្រឹទ្ធាចារ្យ វ័យ​៧៤​ឆ្នាំ​ខាងលើ​និយាយថា ៖« បើ​គិតពី​ការ​រៃអង្គាស​នេះ ខ្ញុំ​មិនដឹង​មាន​តាំងពី​ពេលណា​ទេ ព្រោះ​ចាប់ពី​ដឹងក្តី​មក ខ្ញុំ​បានឃើញ​ឪពុកម្តាយ និង​ចាស់ៗ​តែងតែ​ធ្វើ​ត​ត​គ្នា​រៀងមក »​។ 
 
​លោក​ព្រឹទ្ធាចារ្យ នី ណ​យ បាន​ដំណើរ​ពី​ការ​រៃអង្គាស​ថា តាំងពីដើម​មក​គេ​ចែក​គណៈកម្មការ​រៃអង្គាស​ជា​ពី​ក្រុម​គឺ ក្រុម​លោកតា​ចាស់ៗ ដើរ​រៃ​បច្ច័យ អង្ករ ព្រមទាំង​គ្រឿង​អ​ភោគ និង​បរិភោគ និង​មួយក្រុម​ទៀត គឺ​ក្រុមយុវជន​វ័យ​កណ្តាល និង​ក្មេងៗ​ដើរ​រៃ​អុស ធ្យូង និង​ស្នូលពោត​តាម​ភូមិ​។ 
 
​បើតាម​លោក​ចៅអធិកា​វត្ត​ឥ​ន្និមិត្ត ព្រះនាម ណ​យ ចាន់​រ៉ា រៀងរាលឆ្នាំ​នៅ​រដូវ​កាល​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ តែងមាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ​តាម​វេន​បិណ្ឌ​ចូលរួម​ពួតដៃ​សាមគ្គី​គ្នា រៃអង្គាស​ពីគ្នា​បន្តិចបន្តួច ដើម្បី​ចូលរួម​ប្រារព្ធ​កម្មវិធី​កាន់បិណ្ឌ​ឱ្យមាន​ដំណើរការ​រលូន ។​
 
​សកម្មភាព​ចូលរួម​គ្នា​ធ្វើការ​ជា​ក្រុម​របស់​ក្រុម​វេន​នីមួយៗ​នេះហើយ​ដែល​អាច​បញ្ជាក់ថា ពលរដ្ឋ​ក្នុងភូមិ​ព្រែក​ដាច់​ចេះ​ជួយ​ចែករំលែក ដើម្បី​សាមគ្គី​ក្នុងការ​សម្រេច​គោលដៅ​ធ្វើបុណ្យ​រួម​របស់​ពួកគេ ។​នេះ​ជាស​ង្ឃ​ដិ​ការ​ភិក្ខុ ណ​យ ចាន់​រ៉ា​។​
 
​ក្រៅពី​ភូមិ​ទាំងពីរ​នេះ ក៏មាន​ភូមិ​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្តកណ្ដាល​នេះ អនុវត្ត​ដូចគ្នា​ដែរ​៕
 
 

Tag:
 ទម្លាប់​
  ជួយ​គ្នា​
  សាមគ្គី​
  ចូលរួម​
  វេន​បិណ្ឌ​
  ភូមិ​
  ព្រែក​ដាច់​
 
© រក្សាសិទ្ធិដោយ thmeythmey.com