អន្តរជាតិ
ហេតុអ្វីកោះតៃវ៉ាន់ មិនទាន់ហ៊ានប្រកាសឯករាជ្យពីចិន?
19, Sep 2020 , 8:44 am        
រូបភាព
ទង់ជាតិតៃវ៉ាន់ (ខាងឆ្វេង) និងទង់ជាតិចិន។ រូបភាព៖ shutter stock
ទង់ជាតិតៃវ៉ាន់ (ខាងឆ្វេង) និងទង់ជាតិចិន។ រូបភាព៖ shutter stock
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតី លោកស្រីTsai Ing-wen តែងតែបង្ហាញទំនោរចង់ប្រកាសឯករាជ្យពីចិន។ ការណ៍នេះហើយ រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសជាចំហរថា ចិន អាចនឹងប្រើប្រាស់កម្លាំងយោធា វាយសង្គ្រុបតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ។ យ៉ាងណាក៏ដោយ តៃវ៉ាន់ ក្នុងកាលៈទេសៈ ណាក៏ដោយ គឺមិនហ៊ានប្រកាសឯករាជ្យឡើយ ដោយសារហេតុផលមួយចំនួន ដូចជាជំហរមិនច្បាស់លាស់របស់អាមេរិក ការខូតខាតសេដ្ឋកិច្ច និងការទទួលស្គាល់រដ្ឋជាដើម។

 
តៃវ៉ាន់ គឺជាដែនកោះមួយនៅក្បែរចិនដីគោក ដែលមានឈ្មោះផ្លូវការថា «សាធារណរដ្ឋចិន» ខណៈឈ្មោះផ្លូវការរបស់ទីក្រុងប៉េកាំង គឺ«សាធារណរដ្ឋប្រជាមានិតចិន»។ ប្រវត្តិសាស្រ្តរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ បានចាប់ផ្តើមកើតឡើងនៅក្នុងឆ្នាំ១៩៤៩ បន្ទាប់លោក  ជាង កៃជៀក(Chiang Kai-shek) មេដឹកនាំចិនសម័យនោះ បានសម្រេចជម្លៀសមកកោះនេះ បន្ទាប់ពីបក្សកុម្មុយនិស្តចិនគ្រប់គ្រងទាំងស្រុងនៅចិនដីគោក ក្រោយសង្រ្គាមស៊ីវិល។ 
 
អាមេរិកវិញ ប្រកាសមិនពាក់ព័ន្ធបញ្ហានេះឡើយ។ អតីតប្រធានាធិបតីអាមេរិក លោក Harry Truman បានប្រកាសយ៉ាងដូច្នេះនៅឆ្នាំ១៩៥០ ថា៖ « សហរដ្ឋអាមេរិក នឹងមិនពាក់ព័ន្ធក្នុងជម្លោះនៃច្រកសមុទ្រសមុទ្រតៃវ៉ាន់ទេ»។ ក្នុងន័យនេះ អាមេរិក នឹងមិនជ្រែកជ្រៀកកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ។ ប៉ុន្តែសង្រ្គាមឧបទ្វីបកូរ៉េ ក៏បានផ្ទុះឡើងនៅក្នុងឆ្នាំនោះដែរ ដែលជាហេតុធ្វើឲ្យលោក Truman សម្រេចប្រកាស «អព្យាក្រិត្រនៃច្រកសមុទ្រFormosa»។ អាមេរិកក៏បានបានបញ្ជូន កងនាវាយោធាទី៧ ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងគោលបំផុតការពារតៃវ៉ាន់ពីការវាយប្រហាររបស់ចិនដីគោក។
 
ប៉ុន្តែនាវាយោធាអាមេរិក ត្រូវដកទៅវិញ នៅឆ្នាំ១៩៥៣ ដោយសារ លោកDwight D. Eisenhower ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ក្នុងឆ្នាំ១៩៥៤ ចិន បានផ្លោងកាំភ្លើងធំដាក់តៃវ៉ាន់ ជាលើកដំបូង ហើយសង្រ្គាមនេះ បានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៥៥។ ការប៉ះទង្គិចគ្នានេះ ត្រូវបានគេហៅថា វិបត្តិច្រកសមុត្រតៃវ៉ាន់លើកទី១ (The First Taiwan Strait Crisis) ។ នៅក្នុងឆ្នាំ១៩៥៨ ចិន បានវាយប្រហារលើតៃវ៉ាន់ម្តងទៀត ដែលគេហៅថា វិបត្តិច្រកសមុត្រតៃវ៉ាន់លើកទី២។
 
នៅក្នុងទសវត្សរ៍ឆ្នាំ៦០ របត់នយោបាយតំបន់បានផ្លាស់ប្តូរ នៅពេលចិន និងសូវៀត បានទំនាស់ជាមួយគ្នា និងឈានទៅដល់ការផ្តាច់ទំនាក់ទំនងជាមួយគ្នានៅក្នុងឆ្នាំ១៩៦៣។ បើតាមសេចក្តីថ្លែងការណ៍មួយរបស់សូវៀតនៅក្នុងឆ្នាំ១៩៦៣ សហភាពសូវៀត និងចិន បានផ្តាច់ចេញពីគ្នាលើអនាគតនៃបក្សកុម្មុយនីស្ត។ 
 
អាមេរិក បានចាប់ផ្តើមចូលជិតចិនដើម្បីសង្កត់សូវៀត ហើយទំនាក់ទំនងតៃវ៉ាន់ក៏ចាប់ផ្តើមអន់ថយដែរ។ 
 
នៅក្នុងឆ្នាំ ១៩៧៩ អាមេរិក បានប្រកាសទទួលស្គាល់ចិនជាផ្លូវការ ប៉ុន្តែបន្តទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់។ នៅក្នុងឆ្នាំដដែល សភាអាមេរិក បានអនុម័តច្បាប់មួយ ដើម្បីការពារតៃវ៉ាន់ នោះគឺច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act)  ។
 
រហូតមកដល់ពេលបច្ចុប្បន្ន ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen តែងតែបង្ហាញពីទំនោរចង់ប្រកាសឯករាជ្យ ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមានម្តងហើយម្តងទៀតថា ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ យោធាចិន នឹងវាយសង្រ្គប់តៃវ៉ាន់។ យ៉ាងណាក៏ដោយ តៃវ៉ាន់មិនហ៊ានប្រកាសឯករាជ្យឡើយ ព្រោះដោយសារហេតុផល៣ធំៗ។ 
 
ភាពមិនច្បាស់លាស់របស់អាមេរិកលើតៃវ៉ាន់
 
នៅក្នុងឆ្នាំ១៩៧៩ អាមេរិក បានប្រកាសជាផ្លូវការទទួលស្គាល់ចិនដីគោក ប៉ុន្តែដើម្បីទុកផ្លូវមួយសម្រាប់ខ្លួនឯង អាមេរិក ក៏បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់នៅក្នុងឆ្នាំនោះដែរ។ ក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់នោះ អាមេរិក គឺនិយាយតែពីចំណងទំនាក់ទំនង ការធ្វើពហិការ ការដាក់ទណ្ឌកម្មលើប្រទេសណាធ្វើឲ្យប៉ះពាល់សន្តិសុខតៃវ៉ាន់ និងការផ្គត់ផ្គង់អាវុធអាមេរិកឲ្យតៃវ៉ាន់ប៉ុណ្ណោះ។
 
យ៉ាងណាមិញ ច្បាប់នេះមិនបាននិយាយអំពីបញ្ហា អាមេរិក នឹងបញ្ចេញទ័ព ឬកម្លាំងយោធា ដើម្បីជួយតៃវ៉ាន់ពីការវាយប្រហាររបស់ចិនឡើយ។ នេះបើតាមការលើកឡើងរបស់លោក Richard N. Haass ប្រធានក្រុមប្រឹក្សាទំនាក់ទំនងការបរទេស ដែលមានមូលដ្ឋាននៅអាមេរិកនៅក្នុងវិចារណកថា «American Support for Taiwan Must be Unambiguous»  ដែលចេញផ្សាយក្នុងទស្សនាវដ្តី Foreign Affairs នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។ 
 
ការខូតខាតសេដ្ឋកិច្ច និងមនុស្ស
 
ប្រសិនបើចិនវាយប្រហារតៃវ៉ាន់មែន លទ្ធភាពនៃការខូតខាតសេដ្ឋកិច្ច ច្បាស់ណាស់គឺប្រាកដជាមាន ប៉ុន្តែគ្រាន់តែការខូចខាតតិច ឬក៏ច្រើនអាស្រ័យលើការវាយប្រហារ។ ចំណែកប្រជាជនក៏រងផលប៉ះពាល់ពីការវាយប្រហារនោះដូចគ្នា ពោលគឺការបាត់បង់ជីវិត ឬរងរបួស ឬបន្សល់ទុកបញ្ហាផ្សេងៗជាច្រើនទៀតជាដើម។ 
 
ពាក់ព័ន្ធនឹងបញ្ហាខូតខាតសេដ្ឋកិច្ចនេះ តៃវ៉ាន់ក៏មិនចង់ឲ្យមានការបំផ្លាញក្រោមស្នាដៃរបស់កងទ័ពចិនដែរ ខណៈសេដ្ឋកិច្ចតៃវ៉ាន់បច្ចុប្បន្ន ត្រូវបានមេដឹកនាំតៃវ៉ាន់ជាច្រើនជំនាន់កសាងឡើង។ កន្លងមកនាយឧត្តមសេនីយ៍ Li Zuocheng ប្រធានសេនាធិការដ្ឋានគណៈកម្មការយោធាមជ្ឈិមរបស់ចិន បានលើកឡើងពីលទ្ធភាពនៃការបង្រួបបង្រួមនេះ តាមរយៈការប្រើប្រាស់កម្លាំងទ័ព បើសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ 
 

រូបភាព៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing Wan និងមន្រ្តីរបស់ខ្លួន។ រូបភាព៖ ការិយាល័យប្រធានាធិបតីតៃវ៉ាន់
 
ការទទួលស្គាល់រដ្ឋ
 
តាមគោលការណ៍អន្តរជាតិ និងស្ទើរតែបានក្លាយជាទំនៀមទម្លាប់អន្តរជាតិហើយនោះ ដើម្បីក្លាយជាប្រទេសមួយស្របច្បាប់ រដ្ឋនោះ ត្រូវមានលក្ខខណ្ឌចម្បងដូចជា ទឹកដី ប្រជាជន រដ្ឋាភិបាល និងចុងក្រោយនោះការទទួលស្គាល់ជាអន្តរជាតិ(ទំនាក់ទំនងការទូតផ្លូវការ) ។
 
តៃវ៉ាន់គោរពតាមលក្ខខណ្ឌបី តែលក្ខខណ្ឌចុងក្រោយ ជារឿងពិបាកណាស់ក្នុងការក្លាយជាប្រទេសឯករាជ្យមួយពីចិន ព្រោះមិនសូវមានប្រទេសច្រើនទេទទួលស្គាល់តៃវ៉ាន់។ តាមរយៈវេបសាយក្រសួងការបរទេសតៃវ៉ាន់ ប្រទេស ឬដែនកោះចំនួន ១៥ប៉ុណ្ណោះ ដែលបានទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យ ហើយប្រទេសទាំងនោះទៀតសោទ សុទ្ធតែជាប្រទេសតូចៗ។  
 
ប្រសិនបើមើលឋានៈរបស់តៃវ៉ាន់នៅអង្គការអន្តរជាតិវិញ តៃវ៉ាន់ មិនមានជាសមាជិកអង្គការអន្តរជាតិជាច្រើន តួយ៉ាងដូចជា អង្គការសហប្រជាជាតិ(UN) អង្គការសុខភាពពិភពលោក(WHO) ប៉ុន្តែប្រទេសមួយនេះ គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ 
 
ទាក់ទិននឹងបញ្ហាខាងលើ វាពិបាកណាស់សម្រាប់តៃវ៉ាន់ក្នុងការប្រកាសខ្លួនជាប្រទេសឯករាជ្យមួយ ដែលអាចមានការទទួលស្គាល់ពីប្រទេសធំៗ ដូចជាអង់គ្លេស បារាំង អាមេរិកជាដើម។ តាមគោលនយោបាយ «ចិនតែមួយ» តៃវ៉ាន់គឺជាដែនដីមួយរបស់ចិន ហើយប្រទេសជាច្រើនក៏ទទួលស្គាល់គោលនយោបាយនេះដែរ។ ហេតុនេះ តៃវ៉ាន់នៅតែបន្តជាដែនកោះស្ថិតក្រោមឥទ្ធិពលរបស់ចិន ឬក៏អាចឈានទៅដល់ទទួលសំណើរបស់ចិន ដើម្បីបង្រួបបង្រួមប្រទេសជាមួយគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ក៏ថាបាន៕ 
 

Tag:
 តៃវ៉ាន់
  ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com